Monday, October 02, 2017

លោក សុខ ឥសាន៖ ចំណាត់ការរបស់រដ្ឋាភិបាលកន្លងមក គឺដើម្បីការពារសន្តិភាព និងស្ថេរភាពនយោបាយ

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត បានអះអាងថា ចំណាត់ការ និងសកម្មភាពរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានធ្វើកន្លងមក រហូតមកដល់បច្ចុប្បន្ន គឺដើម្បីការពារសន្តិភាព ស្ថេរភាពនយោបាយ និងរៀបចំសណ្តាប់ធ្នាប់ក្នុងសង្គម។ តាមការលើកឡើងរបស់ លោក សុខ ឥសាន្ត នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧ នេះ សកម្មភាព ដែលអាមេរិកធ្វើកន្លងមក គឺមានបំណងមិនល្អមកលើកម្ពុជា ដើម្បីបំផ្លាញជាតិ និងប្រជាជនកម្ពុជា ឲ្យរស់រងទុកវេទនារហូតដល់សព្វថ្ងៃ។

លោក សុខ ឥសាន្ត បានចោទជាសំណួរថា ពួកគេអាចធ្វើបាន ហេតុអ្វីខ្ញុំមិនអាចធ្វើបាន? ឃ្លានេះលោកចង់សំដៅដល់ថា ក្រុមប្រឆាំង ដែលគាំទ្រដោយអាមេរិកអាចធ្វើបាន ចុះហេតុអ្វីបានជារដ្ឋាភិបាលធ្វើមិនបាន? លោក សុខ ឥសាន្ត បានរំលឹកថា អាមេរិកបានប្រើឲ្យ លន់ ណុល ធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ នាំឲ្យមានសង្គ្រាមនៅកម្ពុជា។

អាមេរិកបានទម្លាក់គ្រាប់បែកបេ៥២ អស់ជិត ៣លានតោន លើប្រជាជនកម្ពុជាបណ្តាលឲ្យរងទុក្ខវេទនាយ៉ាងធ្ងន់ធ្ងរ និងមានផលវិបាករហូតដល់សព្វថ្ងៃ។ មន្ត្រីនាំពាក្យដដែលរូបនេះ បញ្ជាក់ទៀតថា ក្នុងពេលដែលប្រជាជនកម្ពុជារងទុក្ខវេទនា ក្នុងរបបប្រល័យពូជសសសន៍ប៉ុលពត សហរដ្ឋអាមេរិក និងប្រទេសដទៃទៀត បានគាំទ្ររបបខ្មែរក្រហម ឲ្យចូលជាសមាជិកនៃអង្គការសហប្រជាជាតិទៀតផង ហើយបានដាក់ទ័ណ្ឌកម្មមកលើគណបក្សប្រជាជនកម្ពុជា ដែលជាអ្នកវាយផ្តួលរំលំរបបដ៏ព្រៃផ្សៃនេះទៅវិញ។

បើតាមលោក សុខ ឥសាន្ត សហរដ្ឋអាមេរិក បានជួយគាំទ្ររដ្ឋាភិបាលត្រីភាគី ផ្តល់ជំនួយឲ្យមកបំផ្លាញការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា។ លោកថា ចាប់តាំងពីឆ្នាំ១៩៩៣មក សហរដ្ឋអាមេរិក បានជួយជ្រោមជ្រែងបក្សប្រឆាំង ឲ្យធ្វើសកម្មភាពផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា បំផ្លាញសមិទ្ធផលនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ សហរដ្ឋអាមេរិក មានទស្សនៈមិនល្អមកលើកម្ពុជា និងលើការអនុវត្តច្បាប់ទៅលើជនល្មើសថា ជាការគាបសង្កត់បំភិតបំភ័យនយោបាយទៅវិញ។

លោក សុខ ឥសាន្ត គូសបញ្ជាក់ថា រឿងទាំងអស់ខាងលើ ដែលអាមេរិកធ្វើមកលើកម្ពុជា ចុះហេតុអ្វីរាជរដ្ឋាភិបាលមិនអាចធ្វើបាន? លោកបានរំលឹកអំពីព្រឹត្តិការណ៍ជាច្រើនកន្លងមក ដែលរដ្ឋាភិបាលបានធ្វើដើម្បីសង្គ្រោះជាតិ និងប្រជាជនកម្ពុជា មានដូចជា៖ វាយផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត សង្គ្រោះប្រជាជន ពីសេចក្តីស្លាប់។ អនុវត្តផែនការទប់ស្កាត់មិនឲ្យរបបប៉ុលពត វិលត្រឡប់មកកាប់សម្លាប់ប្រជាជនឡើងវិញ។ អនុវត្តនយោបាយបង្រួបបង្រួមជាតិនាំមកនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ ដាក់ចេញនយោបាយឈ្នះ-ឈ្នះ បញ្ចប់អង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហមប៉ុលពតឆ្នាំ១៩៩៨ នាំមកនូវសន្តិភាពពេញលេញជូនជាតិមាតុភូមិ។ ប្រើកម្លាំងបង្ក្រាបអំពើអនាធិបតេយ្យនាំខ្មែរក្រហមចូលស្រុក និងអាវុធធុនធ្ងន់មកបង្ករអុកឡុកក្នុងសង្គមនាឆ្នាំ១៩៩៧។ បង្ក្រាបអំពើកុប្បកម្មហឹង្សានៅផ្លូវវេងស្រេងនាខែមករា ឆ្នាំ២០១៤ ដើម្បីទប់ស្កាត់បដិវត្តន៍ពណ៌ ដែលប៉ុនប៉ងងើបក្បាលឡើង។ ចាប់ខ្លួន ហុង សុខហួរ និង អ៊ុ សំអាន ក្នុងអំពើញុះញង់ឲ្យការរើងអើង ដោយចោទថា រាជរដ្ឋាភិបាលប្រើប្រាស់ផែនទីក្លែងក្លាយក្នុងការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម និងបានចោទគណបក្សប្រជាជន ចុះហត្ថលេខារំលាយខ្សែព្រំដែនកម្ពុជា- វៀតណាម។ ការចាប់ខ្លួន កឹម សុខា ដែលបានឃុបឃិតជាមួយបរទេស និងអនុវត្តផែនការបរទេសក្នុងការផ្តួលរំលំរាជរដ្ឋា ភិបាល ស្របច្បាប់នៅកម្ពុជា ដែលជាការបំពានលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋចង់នាំមកនូវការបែកបាក់ជាតិធ្ងន់ធ្ងរដែលជាអំពើក្បត់ជាតិ។

បើតាមអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត បានបញ្ជាក់ថា សកម្មភាពទាំងអស់នេះ រាជរដ្ឋាភិបាលចាំបាច់ត្រូវតែមានវិធានការណ៍បង្ក្រាបដើម្បី ការពារសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម ជូនប្រជាជនរឿងអីរដ្ឋាភិបាលធ្វើមិនបាន?


No comments:

Post a Comment