Monday, April 02, 2018

លោក សុខ ឥសាន ថ្លែងថា ពួកប្រមាថជាតិសាសន៍ខ្លួនឯងឱ្យតម្លៃបរទេសតែងមើលមិនឃើញពីលទ្ធិប្រជាធិបតេយ្យដែលកំពុងមាននោះឡើយ!

នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨នេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថាផ្អែកតាមស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី ២៣ តុលា ឆ្នាំ១៩៩១ រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋ ដើម្បីធានារក្សាឱ្យបានគង់វង្សនូវសន្តិភាព ស្ថិរភាពនយោបាយ និងសេចក្តីសុខសុវត្ថិភាពសាធារណៈសង្គមជូនប្រជាជន ដើម្បីរស់នៅប្រកបដោយសុខដុមរមនានៅក្នុងសង្គមគ្រួសារនិងក្នុងសង្គមជាតិ តទៅ ។

លោក សុខ ឥសាន បានបន្តថា ដោយសារការប្រកាន់នូវគោលការណ៍នេះហើយទើប យើងធានានិងរក្សាបាននូវសេចក្តីសុខ និងរីកចម្រើនលើគ្រប់វិស័យក្នុងសង្គម។ សិទ្ធិសេរីភាព គ្រប់បែបយ៉ាង ត្រូវបានបើកទូលាយ ប៉ុន្តែក៏ត្រូវស្ថិតនៅក្រោមក្របខ័ណ្ឌនៃព្រំដែនកំណត់ចំពោះសិទ្ធិរបស់អ្នកដទៃ និងក្របខ័ណ្ឌនៃច្បាប់ផងដែរ ។ គ្មានជម្រើសណាផ្សេងក្រៅពីគោលការ​ណ៍ប្រជាធិបតេយ្យនិងនីតិរដ្ឋនេះទេ ដែលត្រូវប្រកាន់យក ដើម្បីស្ថិរភាពសង្គម និងយុត្តិធម៌សង្គម។ ដូច្នេះហើយបានជាសង្គមកម្ពុជាយើងពោរពេញទៅដោយសន្តិភាព ស្ថិរភាពនយោបាយនិងប្រជាជនទូទាំងប្រទេស មានសិទ្ធិសេរីភាពយ៉ាងទូលំទូលាយ មានលក្ខណៈល្អប្រសើរជាងបណ្តាប្រទេសមួយចំនួនទៀតផង។

លោក សុខ ឥសាន ក៏បានរិះគន់ថា ទោះបីយ៉ាងណា ក៏នៅមិនបានគាប់ចិត្តក្រុមជនមួយចំនួនដែលតែងតែមានគំនិតប្រមាថមើលងាយជាតិសាសន៍ខ្មែរឯង ចូលចិត្តលើកតម្កើងបរទេស និងវប្បធម៌បរទេសនោះទេ ។ អាស្រ័យដោយបរទេសនិយមនេះហើយ បានជាអ្វីៗនៅខ្មែរគឺអាក្រក់រហូត ដែលពួកគេតែងវាយប្រហារថា គ្មានប្រជាធិបតេយ្យ គ្មានសិទ្ធិមនុស្ស  ហើយ ដោយលេសនេះ ពួកគេតែងស្រែកទាមទាររកលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សដែលកំពុងតែមានរួចហើយ គ្រាន់តែពួកគេមិនអាចធ្វើអ្វីបានក្រៅច្បាប់ និងមិនបានសាបព្រួសវប្បធម៌មនោគមន៍វិជ្ជាបរទេស ។

លោក សុខ​ ឥសាន បានសន្និដ្ឋានថា ដោយសារឈ្លក់វង្វេងនឹងមនោគមន៍និយមបរទេស និងបានដាក់ខ្លួនធ្វើខ្ញុំបម្រើបរទេសនេះហើយ ទើបពួកគេនៅមិនចេះស្កប់ស្កល់នឹងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជានោះ។ ពួកគេចង់ធ្វើអ្វីតាមអំពើចិត្តដើម្បីផលប្រយោជន៍ពួកគេនិងចៅហ្វាយគេ ទើបគ្រប់គ្រាន់ ។ ហេតុនេះ បើគណបក្សប្រជាជនកម្ពុជានៅតែដឹកនាំ ពួកគេនៅតែទាមទារដដែល របស់ដែលមានរួចហើយដែលមិនត្រូវទាមទារ នោះឡើយ៕


No comments:

Post a Comment