Monday, April 02, 2018

ព្រះពុទ្ធបដិមាទ្រង់អភ័យមុទ្រៈចំនួន២អង្គនៅប្រាសាទប្រែរូបកំពុងទទួលបានការជួសជុល

អ្នកជំនាញខ្មែរខាងអភិរក្សថ្មនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការរបស់អាជ្ញាធរជាតិអប្សរា សហការជាមួយស្ថាប័ន GIZ កំពុងដំណើរការជួសជុលចម្លាក់ព្រះពុទ្ធបដិមាចំនួនពីរអង្គ ស្ថិតនៅប្រាង្គកណ្តាលនៃប្រាសាទប្រែរូប។

សភាពនៃព្រះពុទ្ធបដិមាពីរអង្គ គឺបានបាត់បង់ព្រះកេស ព្រះហស្ថទាំងស្រុង និងដាច់ត្រឹមកជើង។ បដិមាព្រះពុទ្ធទាំងនេះ ធ្វើអំពីថ្មភក់ ក្នុងរចនាបទបាយ័ន ទ្រង់ឈរក្នុងកាយវិការអភ័យមុទ្រៈលម្អដោយខ្មុកនិងម្រ័ក្សណ៍ និងមានក្បាច់បិទលម្អដោយគ្រឿងសិប្បីសត្វថែមទៀត ។

តាមលក្ខណៈសម្គាល់ខាងផ្នែកក្បាច់លម្អនិងរចនាបថ បង្ហាញថាព្រះពុទ្ធរូបទាំងពីរអង្គរនេះប្រហែលជាធ្វើឡើងក្នុងសម័យកណ្តាល (ស.វទី១៥-១៦) ជាសម័យដែលខ្មែរងាកមកគោរពព្រះពុទ្ធសាសនាថេរវាទវិញ ត្បិតប្រាសាទនេះដើមឡើយគឺសាងឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ បច្ចុប្បន្នមានប្រជាជននៅជុំវិញទីនេះ តែងតែមកបន់ស្រន់សុំទឹកភ្លៀង និងបានហៅឈ្មោះពុទ្ធបដិមាទាំងពីរអង្គនេះថា លោកតាសៅ។

លោក ឡុង ណារី ប្រធានគម្រោងជួសជុលបញ្ជាក់ថា គេពុំបានដឹងច្បាស់លាស់ពីពេលវេលា និងមូលហេតុដែលព្រះពុទ្ធបដិមាទាំងពីរអង្គនេះមានការខូចខាតដោយសារអ្វីឡើយ។ ផ្អែកតាមស្លាកស្នាមជាក់ស្តែង ចម្លាក់ពុទ្ធបដិមាទាំងពីរអង្គនេះ គឺត្រូវបានជួសជុលម្តងរួចទៅហើយ ប្រហែលជានៅសតវត្សរ៍ទី១៦ ដែលគេប្រើដែកស្នូលមានរាងជ្រុងសម្រាប់តភ្ជាប់ ខុសពីការជួសជុលនៅសម័យបារាំងដែលប្រើស្ពាន់និងដែកសសៃមូល។ ម្យ៉ាងទៀតការជួសជុលសម័យនោះ គេប្រើថ្មថ្មីជំនួសកន្លែងដែលបាត់បង់ និងផ្នែកខ្លះបានប្រើប្រាស់ឈើតភ្ជាប់ជាមួយថ្ម បន្ទាប់មកលាបម្រ័ក្សណ៍ពីលើដើម្បីលម្អ។

លោកបានបន្ថែមថា ក្រុមការងារនឹងយកសារធាតុម្រ័ក្សណ៍នេះទៅពិសោធនៅមន្ទីរពិសោធន៍របស់ប្រទេសកូរ៉េ ដើម្បីឱ្យដឹងពីសមាសធាតុផ្សំថាមានអ្វីខ្លះ។ ចំពោះបច្ចេកទេសនៃការជូសជុលទៀតសោត ក្រុមការងារនឹងរៀបចំតបំណែកបាក់បែករបស់ព្រះពុទ្ធរូប អភិរក្សក្បាច់ និងគ្រឿងលម្អដទៃដោយប្រើបច្ចេកទេសបុរាណ គួបផ្សំនឹងការប្រើសម្ភារៈថ្មីៗមួយចំនួន ដូចជាកាវបិទ បាយអរ ថ្មភក់ ដើម្បីពង្រឹងមុខតំណរ ពង្រឹងស្នាមប្រេះ និងលាងសម្អាតធូលីដី មុនឈានដល់ការផ្គុំឡើងវិញហើយជួសជុល។
ក្នុងករណីដែលស្រាវជ្រាវរកព្រះកេសនិងព្រះហស្ថនៃពុទ្ធបដិមាទាំងពីរអង្គមិនឃើញ ក្រុមការងារនឹងនៅតែបន្តឱ្យពុទ្ធបដិមាទ្រង់គង់ឈរឡើងវិញ ដើម្បីឱ្យប្រជាជនបានគោរពបូជាជាប្រក្រតីនៅពេលខ្លីខាងមុខ។

លោក Sebastian Kerridge អ្នកសម្របសម្រួលកិច្ចការបច្ចេកទេសនៃស្ថាប័ន GIZ បញ្ជាក់ថា ពួកយើងជាអ្នកគាំទ្រគម្រោងអភិរក្សថ្ម តាមរយៈការជួយបណ្តុះបណ្តាលធនធានមនុស្សរបស់អាជ្ញាធរជាតិអប្សរាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ គម្រោងនេះ យើងបានបណ្តុះបណ្តាលអ្នកជំនាញខ្មែរបានជាច្រើនរូបលើការងារជួសជុលនិងអភិរក្សថ្ម ហើយបច្ចុប្បន្នអ្នកជំនាញទាំងនេះកំពុងបំពេញការងារដោយផ្ទាល់ខ្លួនរបស់ពួកគេក្នុងអង្គភាពអាជ្ញាធរជាតិអប្សរា។ នេះលទ្ធផលល្អប្រសើរដែលយើងចង់ឃើញប្រជាជនខ្មែរបំពេញការងារអភិរក្សជួសជុលប្រាសាទខ្មែរ ដោយស្មាដៃរបស់ពួកគេផ្ទាល់។ យើងសង្ឃឹមថា ចំណេះដឹងនេះនឹងបន្តផ្ទេរដល់អ្នកជំនាញក្មេងៗជំនាន់ក្រោយ ដែលនឹងបន្តវេននាពេលអនាគត។

ជាចុងក្រោយលោក ឡុង ណារី ក៏បានសំណូមពរដល់ប្រជាជនទាំងអស់ដែលមានជំនឿ និងស្រលាញ់មរតកដូនតា គួរតែលើកតម្លៃព្រះពុទ្ធសាសនា ពេលមកអុជធូប ទៀន ស្រោចទឹក ឬបាញ់ទឹកអប់ជាដើម សូមមេត្តាកុំឱ្យប៉ះពាល់ដល់រាល់បុរាណវត្ថុ ព្រោះគ្រឿងក្រអូប ផ្សែង កម្តៅទាំងអស់នេះមានផ្ទុកសារជាតិបង្ករឱ្យមានបញ្ហាដល់បដិមា៕





No comments:

Post a Comment