Monday, April 02, 2018

មេដឹកនាំនៃប្រទេសកម្ពុជា ឡាវ វៀតណាម (CLV) អញ្ជើញទទួលទានអាហារពេលព្រឹកការងារ

នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨នេះ ដែលជាថ្ងៃទី២ នៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ(GMS) លើកទី៦ និងកិច្ចប្រជុំកំពូលកម្ពុជា ឡាវ វៀតណាម(CLV) លើកទី១០ ស្តីពីការអភិវឌ្ឍតំបន់ត្រីកោណ នៅទីក្រុង ហាណូយ ប្រទេសវៀតណាម លោក ង្វៀន សួនហ្វុក នាយករដ្ឋមន្រ្តីវៀតណាម និងជាប្រធានកិច្ចប្រជុំ​កំពូល​មហា​អនុតំបន់មេគង្គ(GMS) លើកទី៦ និងកិច្ចប្រជុំកំពូលកម្ពុជា ឡាវ វៀតណាម(CLV) លើកទី១០ បានប្រារព្ធរៀបចំពិធី ទទួលទានអាហារពេលព្រឹកការងារ ជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកថងលួន ស៊ីសូលីត នាយករដ្ឋមន្រ្តីឡាវ។

នៅក្នុងពិធីទទួលទានអាហារការងារពេលព្រឹក មេដឹកនាំនៃប្រទេស CLV បានសំដែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់រួមគ្នា អំពីទំនាក់ទំនងប្រពៃណីនៃមិត្តភាព សាមគ្គីភាព ក្នុងនាមជាប្រទេសជិតខាងល្អ និងកិច្ចសហប្រតិបត្តិការទូលំទូលាយ ក្នុងចំណោមប្រទេសទាំងបី ដែល រួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍប្រទេសនីមួយៗ ព្រមទាំងរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពនៃតំបន់ទាំង​មូល។  ជាមួយគ្នានេះមេដឹកនាំនៃប្រទេសទាំងបី បានធ្វើការកត់សំគាល់យ៉ាងយកចិត្តទុកដាក់ អំពីវឌ្ឍនភាពដ៏សំខាន់ ដែលបានធ្វើឡើងនៅក្នុងការអនុវត្តផែនការមេ ដែលបានកែសម្រួលសម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច នៃតំបន់ត្រី​កោណអភិ​វឌ្ឍន៍ CLV សម្រាប់ឆ្នាំ២០១០-២០២០ ក៏ដូចជាសកម្មភាពនិងកម្មវិធីសហប្រតិបត្តិការ នៅតាមតំបន់ផ្សេងៗក្នុងចំណោមប្រទេសទាំងបី។

សូមបញ្ជាក់ដែរថា តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម ជាតំបន់​ដែលព្រំដែនជាប់គ្នា នៃខេត្តចំនួន១៣ រួមមាន ខេត្តចំនួន៤របស់កម្ពុជា គឺខេត្តស្ទឹងត្រែង រតនគីរី មណ្ឌលគីរី និងខេត្តក្រចេះ ខេត្តចំនួន៤របស់ឡាវ គឺខេត្តអាតាពូ សាឡាវ៉ាន់ សេកុង និងខេត្តចំប៉ាសាក់ និងប្រទេសវៀតណាម មាន៥ខេត្ត គឺខេត្តកុនទុម ហ្កាឡាយ ដាក់ឡាក់ ដាក់ណុង និងប៊ីងភឿក៕






No comments:

Post a Comment