Monday, April 02, 2018

រដ្ឋមន្រ្តីការបរទេសចិន ថ្លែងថា ប្រទេសចិនបន្តគាំទ្រនូវវិធានការទាំងឡាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការពារនិងថែរក្សាសុខសន្តិភាព និងស្ថិរភាពនយោបាយ

លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន បានអះអាងថាប្រ​ទេ​សចិនបានតាមដាននិងគាំទ្រនូវវិធានការទាំងឡាយដែល រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តនាពេលកន្លងមក ក្នុងការពារនិងថែរក្សាសុខសន្តិភាព និងស្ថិរភាពនយោបាយក្នុងប្រទេសកម្ពុជា ពិសេសការការពារកិត្តិយសជាតិរបស់កម្ពុជា។ តាមរយៈនេះ ប្រទេសចិនសូមគាំទ្រនូវមាគ៌ានៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត ជាងនេះទៅទៀតនោះ ថ្នាក់ដឹកនាំចិនសូមគាំទ្រនិងជូនពរលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្តជាប់ឆ្នោតក្នុងការដឹកនាំជោគ​វាសនាប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត។

លោកបានថ្លែងដូចនេះនៅរាត្រី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ក្នុងឱកាសជួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅសាលសន្និសីទជាតិវៀតណាម ទីក្រុងហាណូយ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងនូវការជូនពរជូន លោក វ៉ាង យី ដែលត្រូវបានសភាប្រជាជនចិនបោះឆ្នោតជ្រើសតាំងជារដ្ឋមន្រ្តីការបរទេសចិនសារជាថ្មីម្តងទៀត។ ទន្ទឹមនឹងនេះ លោកក៏បានផ្តាំផ្ញើតាមរយៈលោករដ្ឋមន្រ្តី ផ្ញើជូននូវការជូនពរនិងអបអរសាទរជូនចំពោះ លោក ស៊ី ជីនពីង លោក លី ខឺឈាង ដែ​លត្រូវបានសភាប្រជាជនចិន បោះឆ្នោតជ្រើសតាំង ជាប្រធានាធិបតី និងជានាយករដ្ឋមន្រ្តីចិន សារជាថ្មីម្តងទៀត។

លោក វ៉ាង យី បានមានប្រសាសន៍សម្តែងនូវការរីករាយដោយបានជួបសន្ទនាសារជាថ្មីម្តងទៀត លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីលោកប្រ​ធានាធិបតី និងលោកនាយករដ្ឋមន្រ្តីចិន ជូនចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែនផងដែរ។ លោ​ក​រដ្ឋមន្រ្តីចិនបានបន្តថា កាលពីឆ្នាំ២០១៧កន្លងទៅ លោកប្រធានាធិបតីចិន បានជួបពិភាក្សាការងារចំនួនពីរដងជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយកាលពីខែមករាកន្លងទៅ លោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន ក៏បានអញ្ជើញទៅបំពេញទស្សនកិច្ចនិងចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី២ នៅប្រទេសកម្ពុជា ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរកម្ពុជា-ចិនផងដែរ៕









No comments:

Post a Comment