Monday, April 02, 2018

សមិទ្ធផលនានាក្នុងវត្តគិរីសុវណ្ណវ័ន ហៅវត្តអណ្ដូងឫស្សី បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

(កំពង់ឆ្នាំង)៖ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ឆ្នាំងបានថ្លែងថា ប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលិញនៅក្នុងឆ្នាំ១៩៩៨ ដែលសុខសន្តិភាពនេះ គឺជាសេចក្តីសុខមិនធ្លាប់ដែលមានពីមុនមក ចាប់តាំងពីឆ្នាំ១៩៥៣ ដែលប្រទេសកម្ពុជាទទួលបានឯករាជ្យ។ ដែលនេះ គឺជាបរិបទផ្លាស់ប្ដូរប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីដឹកនាំប្រទេស។

លោក អ៊ុក រ៉ាប៊ុន បានថ្លែងបែបនេះ នៅព្រឹកថ្ងៃសៅរ៍ ១៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ នៅក្នុងពិធីបុណ្យកាត់ឫសសីមាវត្តគិរីសុវណ្ណាវ័នហៅវត្តអណ្តូងឫស្សី ស្ថិតនៅក្នុងភូមិអណ្តូងឫស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

លោកបានបន្តថា នៅក្នុងសម័យប៉ុលពត គឺជាសម័យទមិឡឥតសាសនាវត្តអារាមនានានៅក្នុងប្រទេសកម្ពុជាស្ទើរតែទាំងអស់ ត្រូវបានពួកប៉ុលពតវាយកំទេចចោល និងវត្តមួយចំនួនយកធ្វើជាកន្លែងដាក់ជី និងធ្វើគុកដាក់មនុស្ស ព្រះសង្ឃរាប់ម៉ឺនអង្គត្រូវបានផ្សឹក និងត្រូវបង្ខំធ្វើការ បង្អត់បាយដូចប្រជាពលរដ្ឋទូទាំងប្រទេសដែរ។ ក្រោមការដឹកនាំរបស់វរៈជនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ប្រទេសកម្ពុជា និងប្រជាជនកម្ពុជាសល់ពីស្លាប់បានរស់រានមានជីវិតឡើងវិញ មកដល់ពេលនេះវត្តអារាមរាប់ម៉ឺនកន្លែងនៅក្នុងទូទាំងប្រទេសបានកសាងឡើងវិញ ដូចបានឃើញបច្ចុប្បន្ននេះ ក្នុងនោះព្រះពុទ្ធសាសនាត្រូវបានចាត់ទុកជាសាសនារបស់រដ្ឋ។

ដោយឡែកខេត្តកំពង់ឆ្នាំងក្នុងពេលនេះបានរីកចំរើនមានវត្តអារាមចំនួន ២១៣វត្ត ប្រជាពលរដ្ឋមានសិទ្ធិគោរពជំនឿសាសនាតាមចំណង់ចំណូលចិត្ត ដែលនេះក៏ដោយសារតែប្រទេសជាតិមានសុខសន្តិភាពពេញបរិបូណ៌ផងដែរ។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ទៀតថា ដើម្បីរក្សាការពារសន្តិភាពឲ្យបានគង់វង្ស និងសំបូរសប្បាយដូចសព្វថ្ងៃនេះ ប្រជាពលរដ្ឋគ្រប់ៗរូប ត្រូវតែគោរពច្បាប់ជាតិ គោរពរដ្ឋធម្មនុញ្ញ និងសូមកុំចូលរួមធ្វើអ្វីៗ ដែលប្រឆាំងនឹងច្បាប់របស់ជាតិ។ កាត្វកិច្ចដ៏សំខាន់មួយទៀតរបស់ប្រជាពលរដ្ឋនោះ គឺត្រូវតែអញ្ជើ ញបោះឆ្នោតសកល នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះឱ្យបានទាំងអស់គ្នា ដើម្បីជ្រើសរើសតំណាងដឹកនាំដ៏ត្រឹមត្រូវរបស់យើង នោះទើបប្រទេសជាតិយើងមានសុខសន្តិភាពជារៀងរហូត។

ជាមួយគ្នានោះ លោក ឈួរ ច័ន្ទឌឿន អភិបាលនៃអណៈអភិបាលខេត្តកំពង់ឆ្នាំងបានរាយការណ៍ឲ្យដឹងថា វត្តគិរីសុវណ្ណវន្ត ហៅវត្តអណ្តូងឫស្សីនេះ បានកសាងឡើងនៅឆ្នាំ១៩៥៣ ប៉ុន្តែនៅក្នុងរបបប៉ុលពត ត្រូវបានពួកវាយបំផ្លាញខ្ទេចខ្ទីអស់មិនខុសពីវត្តនានានៅក្នុងទូទាំងប្រទេសឡើយ។ ក្រោយថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ប្រជាជនបានរស់រានមានជីវិតឡើងវិញ ក្រោមដំបូលនៃសុខសន្តិភាពដែលដឹកនាំដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក៏ដូចជានៅក្រៅប្រទេស រួមជាមួយព្រះសង្ឃគង់ក្នុងវត្ត គណៈកម្មការវត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ បានរួមសាមគ្គីគ្នាកសាងវត្តនេះចាប់តាំងពីឆ្នាំ២០០១ ដល់ឆ្នាំ២០១៧ ទើបកសាងវត្តគិរីសុវណ្ណវ័ននេះបានរួចរាល់ក្នុងទឹកប្រាក់ចំនួន ១៩១.០៧០ ដុល្លារ។

លោកអភិបាលខេត្តបានបញ្ជាក់ថា សមិទ្ទិផលខាងនេះក៏មិនអាចកាត់ចេញពីថ្ងៃជ័យជំនះ៧មករាបានដែរ មានថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ទើបមានអ្វីៗនៅថ្ងៃនេះ មានប្រមុខរាជរដ្ឋាភិបាលដឹកនាំល្អប្រកប ដោយគតិបណ្ឌិត ទើបមានសុខសន្តិភាពពេញបរិបូណ៌ និងទើបយើងទាំងអស់គ្នាមានអ្វីៗនៅថ្ងៃនេះ ហេតុនេះសូមប្រជាពលរដ្ឋអញ្ជើញទៅចូលរួមការបោះឆ្នោតអោយបានទាំងអស់គ្នា ដើម្បីរួមគ្នាថែរក្សានិងការពារសុខសន្តិភាពអោយបានគង់វង្ស ទើបប្រទេសជាតិមានការអភិវឌ្ឍន៍រីកចំរើន៕









No comments:

Post a Comment