Tuesday, August 25, 2020

រាជរដ្ឋាភិបាល គ្រោងនឹងរៀបចំវេទិកាសាធារណៈដើម្បីពន្យល់បកស្រាយសារជាថ្មីស្តីអំពីផែនទីនិងការបោះបង្គោលព្រំដែន

 រាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំវេទិកាសាធារណៈ នៅពេលខាងមុខនេះ នៅទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីពន្យល់និងបើកទូលាយសម្រាប់ប្រជាពលរដ្ឋដែលមានការចង់ដឹង ចង់យល់ អំពីផែនទី និងការបោះបង្គោលព្រំដែន។

នៅក្នុងកិច្ចប្រជុំរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីបូកសរុបការងារឆមាសទី៤ ដែលធ្វើឡើងនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឆ្លើយតបនឹងសំណើរបស់សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដោយបានណែនាំឱ្យលោកឧបនាយករដ្ឋមន្រ្តីប្រចាំការ ប៊ិន ឈិន រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី រៀបចំវេទិកាសាធារណៈដើម្បីពន្យល់ប្រជាពលរដ្ឋ ដែលចង់ដឹងអំពីផែនទី និងការបោះបង្គោលព្រំដែន។ នេះបើតាមលោក ឈឹម ផលវរុណ អគ្គលេខាធិការនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។

លោក ឈឹម ផលវិរុណ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងសន្និសីទកាសែតក្រោយបញ្ចប់កិច្ចប្រជុំខាងលើថា ពាក់ព័ន្ធនឹងរឿងព្រំដែននេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបើកទូលាយដោយអនុញ្ញាតឱ្យលោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ប្រធានអាជ្ញាធរជាតិទទួលបន្ទុកលើកិច្ចការព្រំដែន ចុះទៅសាកសួរប្រជាពលរដ្ឋដែលអះអាងថាបាត់ដីហើយការបើកទូលាយមួយទៀតគឺអនុញ្ញាតឱ្យរៀបចំវេទិកាសាធារណៈដើម្បីពន្យល់អំពីផែនទី និងការបោះបង្គោលព្រំដែន។ បើតាម លោក ឈឹម ផលវរុណ សម្រាប់វេទិកានេះ ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់សាលនៃទីស្តីការគណៈរដ្ឋមន្រ្តី ដោយមានតំណាងប្រជាពលរដ្ឋ ៥០០នាក់ ចូលស្តាប់ជាបន្តបន្ទាប់។

ការដាក់ចេញនូវការរៀបចំវេទិកា ដើម្បីពន្យល់ប្រជាពលរដ្ឋអំពីការបោះបង្គោលព្រំដែន និងផែនទីនេះ បានធ្វើឡើងស្របពេលដែល កម្ពុជា និងវៀតណាម បានប្រគល់ និងទទួល ផែនទីឋានលេខាព្រំដែនគោក ខ្នាត ១/២៥ ០០០ ដែលជាផែនទីទំនើបសម័យឌីជីថល កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ និងការញុះញង់បំផុសបំផុលអំពីបញ្ហាព្រំដែនឡើងវិញ រហូតដល់មានការឃាត់ខ្លួន លោក រ៉ុង ឈុន និង លោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះផងដែរ។

សម្រាប់ផែនទីខាងលើនេះ លោក ឈឹម ផលវរុណ បានអះអាងថា កម្ពុជានៅតែប្រើប្រាស់ជាគោលនូវផែនទីគ្រឹះ ដែលមានចែង នៅក្នុងរដ្ឋធម្មនុញ្ញ នោះគឺផែនទីបោនខ្នាត ១/១០០០០០ ដដែល៕


No comments:

Post a Comment