Tuesday, August 25, 2020

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើឱ្យតំណាងប្រតិភូគណបក្សនយោបាយនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ចូលរួមផ្ដល់នូវមតិបន្ថែមលើវិធានការដោះស្រាយបញ្ហាវិបត្តិកូវីដ-១៩

 នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពប្រជុំបូកសរុបការងារឆមាសទី៤ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ ក្នុងកិច្ចប្រជុំនេះ ប្រធានគណៈប្រតិភូ នៃគណបក្សនយោបាយជាសមាជិក ត្រូវបានអនុញ្ញាតឱ្យផ្តល់នូវទស្សនទានដើម្បីផ្តល់ធាតុចូលក្នុងន័យស្ថាបនាអំពីបរិបទបច្ចុប្បន្នភាពសង្គមដោយផ្អែកលើការរកឃើញតម្រុយនិងភស្តុតាងនានាតាមរយៈបេសកកម្មការងារបន្ថែមជាមួយនឹងការប្រឈមនឹងជំងឺកូវីដ-១៩ផងដែរ។

នៅក្នុងកិច្ចប្រជុំនេះផងដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានស្នើឱ្យប្រតិភូគណបក្ស នយោបាយ នៅក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ចូលរួមជាមតិយោបល់ជុំវិញបញ្ហាកូវីដ–១៩ ដែលរាជរដ្ឋាភិបាលបានដាក់ចេញវិធានការ ឆ្លើយតប រួមទាំងបញ្ហាផ្សេងៗ ដែលជាដំណោះស្រាយលើបញ្ហាសេដ្ឋកិច្ច-សង្គម។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា បញ្ហាជំងឺកូវីដ-១៩ មិនមែនជាបញ្ហាដាច់ដោយឡែករបស់កម្ពុជានោះទេ វាជាបញ្ហារួមរបស់សកលលោក។ លោក បានមានប្រសាន៍បញ្ជាក់ប្រាប់ទៅប្រតិភូបក្សនយោបាយនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ថាលោកចង់ឱ្យតំណាងប្រតិភូគណបក្សនយោបាយ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ចូលរួមផ្ដល់នូវមតិទៅលើបញ្ហាការដោះស្រាយរបស់រាជរដ្ឋាភិបាល ទៅលើបញ្ហាកូវីដ-១៩នេះ ថាតើបានដោះស្រាយសមស្រប ឬនៅតើនៅមានអ្វីទៀតជាចន្លោះប្រហោង។

កិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់នេះ បានផ្តល់ឱកាសឲ្យប្រធានប្រតិភូគណ បក្សនីមួយៗ ម្នាក់ៗបានចូលរួមទស្សនៈទាន១០នាទី នៃការផ្តល់ធាតុចូល ក្នុងន័យស្ថាបនា អំពីបរិបទបច្ចុប្បន្នភាពសង្គម ផ្អែកលើការរកឃើញតម្រុយ ឬភស្តុតាង តាមរយៈបេសកកម្មការងារបន្ថែម ជាមួយនឹងការប្រឈមនឹងកូវីដ-១៩។

ទាក់ទងទៅនឹងបញ្ហាព្រំដែន នៅក្នុកិច្ចប្រជុំនេះផងដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានឱ្យលោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជាចុះទៅជួបប្រជាពលរដ្ឋ ដែលអះអាងថា បាត់ដីនៅខេត្តត្បូងឃ្មុំ ក្រោយការបោះបង្គោលព្រំដែន ។

ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានណែនាំទៅកាន់លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន រដ្ឋមន្រ្តីទីស្ដីការគណៈរដ្ឋមន្រ្តី ឱ្យរៀបចំបើកសិក្ខាសាលាមួយដើម្បីឱ្យប្រជាពលរដ្ឋ សិស្ស និស្សិតចូលស្តាប់ និងសួរអំពីរឿងព្រំដែន។

សូមបញ្ជាក់ថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានការស្នើសុំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្រោយពេលបោះឆ្នោតជាតិអាណត្តិទី៦។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានសមាសភាពមកពីគណបក្សយោបាយចំនួន១៦ ក្នុងចំណោមគណបក្សនយោបាយចំនួន២០ ដែលបានចូលរួមការបោះឆ្នោតជាតិឆ្នាំ២០១៨។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានតួនាទីផ្តល់យោបល់ជូនរាជរដ្ឋាភិបាលក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាប្រជាពលរដ្ឋ និងការអភិវឌ្ឍសង្គមប្រកបដោយសក្តានុពល៕




No comments:

Post a Comment