Tuesday, August 25, 2020

រដ្ឋាភិបាលអូស្រ្ដាលី រៀបចំផែនការអភិវឌ្ឍរយៈពេលយូរឆ្នាំ សម្រាប់ជួយកម្ពុជាឱ្យកាន់តែរីកចម្រើនជឿនលឿន

នៅ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ  បានអនុញ្ញាតឱ្យលោក Poblo Kang ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសអូស្រ្ដាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោក អ៊ុក រ៉ាប៊ុន  បានសម្ដែងការស្វាគមន៍ និងបានជម្រាបជូនភ្ញៀវអំពីការងាររួមរបស់ក្រសួងអភិវឌ្ឍន៍ជនបទក្នុងនោះមានការងារស្ដារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ការងារអភិវឌ្ឍន៍សហគមន៍ ការងារឥណទានជនបទ ការងារអភិវឌ្ឍន៍ជនជាតិ ភាគតិច និងការងារអភិវឌ្ឍន៍ធនធានមនុស្សជាដើម។ 

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទបានគ្រប់គ្រងផ្លូវជនបទប្រមាណ ៧៤% នៅទូទាំងប្រទេស ក្នុងនោះបានធ្វើការកែលម្អជាបណ្ដើរៗពីផ្លូវដីស ឲ្យទៅជាផ្លូវក្រាលក្រួសក្រហម ពីផ្លូវក្រួសក្រហមឲ្យទៅជាក្រាលកៅស៊ូពីរជាន់ប្រភេទ DBST និងទៅជាផ្លូវបេតុងចំពោះតំបន់ដែលលិចទឹក។ ទាក់ទិនទៅនិងវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ លោក បានបន្តថាក្រសួងអភិវឌ្ឍន៍ជនបទមានទិសដៅសំខាន់ៗចំនួន ៣ គឺទី១ នៅឆ្នាំ ២០២៣ សម្រេចឲ្យបាន៩០% និងខេត្តចំនួន ៥ ជាខេត្ត (ODF) គឺបញ្ឈប់ការបន្ទោបង់ពាស វាលពាសកាល។ ទី២ នៅឆ្នាំ ២០២៥ នឹងសម្រេចឲ្យបាន១០ ខេត្តបន្ថែមទៀត និងទី៣ នៅឆ្នាំ ២០៣០ សម្រេចឲ្យបាន ១០០% លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទនៅកម្ពុជា។ ទិសដៅនេះគឺដោយសារតែក្រសួងមានក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ តាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ខេត្តដែលបង្កលក្ខណៈងាយស្រួលក្នុងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត។ 

ជាការឆ្លើយតបលោក Poblo Kang  បានសម្ដែងនូវការគាំទ្រចំពោះការអភិវឌ្ឍន៍លើគ្រប់វិស័យនៅកម្ពុជា ក្នុងនោះមានវិស័យកសិកម្ម និងធារាសាស្រ្ដជាដើម និងបានបញ្ជាក់ថា បច្ចុប្បន្នរដ្ឋាភិបាលអូស្រ្ដាលីបានផ្ដោតការងារសំខាន់ៗចំនួន ៣ នៅកម្ពុជា ទី១ វិស័យសុខាភិបាល បានផ្ដល់រថយន្ដសង្គ្រោះដល់មណ្ឌលសុខភាព និងផ្នែកមន្ទីរពិសោធន៍ ទី២ ជួយលើកកម្ពស់ជនងាយរងគ្រោះកំណត់អត្តសញ្ញាណគ្រួសារក្រីក្រផ្ដល់សាច់ប្រាក់ រួមទាំងជនជាតិដើមភាគតិចជាដើមដោយសហការជាមួយក្រសួងផែនការ និងទី៣ ស្ដារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីរងផលប៉ះពាល់ដោយសារជំងឺកូវី ១៩។ ក្រៅពីនេះរដ្ឋាភិបាលអូស្រ្ដាលីបានជួយផ្នែកទឹកស្អាត និងការដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ លោកឯកអគ្គរដ្ឋទូត បានបន្តថា រដ្ឋាភិបាលអូស្រ្ដាលីកំពុងរៀបចំកម្មវិធីដែលមានរយៈពេល ៦ ឆ្នាំ សម្រាប់ជួយអភិវឌ្ឍន៍នៅកម្ពុជា។

លោករដ្ឋមន្រ្ដី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្រ្ដាលីដែលបានជួយដល់កម្ពុជាតាមរយៈគម្រោងកែលម្អផ្លូវជនបទ ជំហានទី ២ សម្របសម្រួល និងគ្រប់គ្រងព្រម ទាំងបានស្នើសុំឲ្យអូស្រ្ដាលីជួយផ្នែកអភិវឌ្ឍន៍ធនធាន មនុស្សតាមរយៈការផ្ដល់អាហារូបករណ៍ជាដើម៕





No comments:

Post a Comment