Friday, March 19, 2021

ក្នុងរយៈពេលជិត៣ ទសវត្សរ៍កន្លងទៅនេះ កម្ពុជា-បង់ក្លាដែស តែងតែខិតខំរក្សាបាននូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រកបដោយផ្លែផ្កាទាំងក្នុងកម្រិតទ្វេភាគីនិងពហុភាគី

 លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ទំនាក់ទំនងមិត្តភាពជាប្រវត្តិសាស្ត្ររវាងកម្ពុជា និងបង់ក្លាដែស ចាប់ផ្តើមដំបូងពីសម្ព័ន្ធភាពដ៏ជិតស្និទ្ធនិងជាពិសេសរវាងព្រះវររាជបិតាជាតិខ្មែរ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងបិតាជាតិបង់ក្លាដែស លោក បង់ហ្កាបាន់ឌូ សេក្ខ មូជីប៊ួ រ៉ាម៉ាន់ ក្នុងអំឡុងសន្និសីទនៃចលនាមិនចូលបក្សសម្ព័ន្ធនៅប្រទេសអាល់ហ្សេរី ក្នុងឆ្នាំ១៩៧៣។ លោកបានថ្លែងដូចនេះនៅក្នុងឱកាសថ្លែងសុន្ទរកថាក្នុង «ពិធីប្រារព្ធខួបកំណើត១០០ ឆ្នាំ របស់បិតាជាតិបង់ក្លាដែស» និង «ទិវាបុណ្យឯករាជ្យជាតិបង់ក្លាដែស ខួបលើកទី ៥០» ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជា និងបង់ក្លាដែស បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ១៩៩៣ ដែលជាការបើកទំព័រថ្មីមួយក្នុងទំនាក់ទំនងរបស់យើង។ ក្នុងរយៈពេលជិត ៣ ទសវត្សរ៍កន្លងទៅនេះ លោកពិតជាមានសេចក្តីសោមនស្សរីករាយដោយកត់សម្គាល់ឃើញថា ប្រទេសយើងទាំងពីរតែងតែខិតខំរក្សាបាននូវចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការយ៉ាងល្អនិងប្រកបដោយផ្លែផ្កាទាំងក្នុងកម្រិតទ្វេភាគី និងពហុភាគី ដោយឈរលើមូលដ្ឋានស្មើភាពនិងការគោរពគ្នាទៅវិញទៅមកដើម្បីផលប្រយោជន៍របស់ប្រជាជាតិនិងប្រជាជនយើងទាំងពីរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងនូវអំណរសាទរដ៏ស្មោះអស់ពីដួងចិត្ត និងសូមប្រសិទ្ធពរបវរមហាប្រសើរជូនចំពោះលោកប្រធានាធិបតី អាប់ឌុល ហាមីត លោកស្រីនាយករដ្ឋមន្ត្រី សេក្ខ ហាស៊ីណា និងប្រជាជនបង់ក្លាដែសជាមិត្តទាំងអស់ សូមប្រកបដោយសុខភាពមាំមួន សុភមង្គល និងវិបុលភាព និងសម្ដែងនូវការអបអរសាទរ និងកោតសរសើរចំពោះរដ្ឋាភិបាលនិងប្រជាជនបង់ក្លាដែស ដែលសម្រេចបាននូវសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ជាច្រើនក្នុងទសវត្សរ៍កន្លងមក តាមមាគ៌ាដឹកនាំដ៏ប្រាកដនិយម ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ បិតាជាតិ បង់ហ្កាបាន់ឌូ សេក្ខ មូជីប៊ួ រ៉ាម៉ាន់។ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោកប្រធានាធិបតី អាប់ឌុល ហាមីត និង លោកស្រីនាយករដ្ឋមន្ត្រី សេក្ខ ហាស៊ីណា ប្រទេសបង់ក្លាដែស សម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ វឌ្ឍនភាពសង្គម និងជីវភាពរស់នៅរបស់ប្រជាជនបង់ក្លាដែសកាន់តែប្រសើរឡើង។ ជោគជ័យដ៏ធំធេងនេះ បានផ្តល់លទ្ធភាពឱ្យបង់ក្លាដែសអាចបំពេញបាននូវលក្ខខណ្ឌតម្រូវដើម្បីចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចក្នុងឆ្នាំ២០២១នេះ៕





No comments:

Post a Comment