Friday, March 19, 2021

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អះអាងជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងបង់ក្លាដែស

 លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់រវាងប្រទេសទាំងពីរកម្ពុជា-បង់ក្លាដែស ក៏ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ដូចជាទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្ត្ររបស់លោកផ្ទាល់នៅបង់ក្លាដែសក្នុងខែមិថុនា ឆ្នាំ២០១៤ និងទស្សនកិច្ចផ្លូវការរបស់លោកស្រីនាយករដ្ឋមន្ត្រី សេក្ខ ហាស៊ីណា នៅកម្ពុជាក្នុងខែធ្នូ ឆ្នាំ២០១៧ បាននាំមកនូវការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការជាច្រើនក្នុងការលើកស្ទួយវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងបច្ចេកទេសរវាងប្រទេសទាំងពីរ ។ លោកបានថ្លែងដូចនេះនៅក្នុងឱកាសថ្លែងសុន្ទរកថាក្នុង «ពិធីប្រារព្ធខួបកំណើត១០០ ឆ្នាំ របស់បិតាជាតិបង់ក្លាដែស» និង «ទិវាបុណ្យឯករាជ្យជាតិបង់ក្លាដែស ខួបលើកទី ៥០» ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ទន្ទឹមនេះ ប្រទេសទាំងពីរ ក៏បានឯកភាពដាក់ឈ្មោះវិថីដ៏សំខាន់មួយខ្សែក្នុងរាជធានីភ្នំពេញនិងមួយខ្សែក្នុងរដ្ឋធានីដាក្កា តាមព្រះបរមនាមរបស់ព្រះវររាជបិតាជាតិខ្មែរ និងបិតាជាតិបង់ក្លាដែស ដើម្បីគូសបញ្ជាក់នូវការគោរព និងស្រលាញ់ដ៏ជ្រាលជ្រៅបំផុតចំពោះរដ្ឋបុរសដ៏ឆ្នើមទាំងពីរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងបង់ក្លាដែស និងអភិវឌ្ឍភាពជាដៃគូកាន់តែរឹងមាំ និងផ្តល់ប្រយោជន៍ទៅវិញទៅមកទាំងក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិដើម្បីចូលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ក៏ដូចជាពិភពលោកជាពិសេសជម្នះនូវវិបត្តិសុខភាពសកលបច្ចុប្បន្នដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ១៩៕





No comments:

Post a Comment