Thursday, March 18, 2021

អភិបាលខេត្តត្បូងឃ្មុំ នាំយកអំណោយកាកបាទក្រហមទៅចែកជូនពលករ និងកើនរំលឹកពីច្បាប់ថ្មី ពិន័យដល់អ្នកគេចវេសពីកន្លែងធ្វើចត្តាឡីស័ក

 ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ បានអញ្ជើញបន្តចុះសួរសុខទុក្ខ នាំយកអំណោយសាខាកាកបាទក្រហមខេត្ត ទៅចែកជូនពលករ ដែលកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលវិទ្យាល័យសម្តេចតេជោហ៊ុនសែន សួង ក្នុងក្រុងសួង។ នាឱកាសនោះមានការចូលរួមពីលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត លោក លោកស្រី សមាជិកគណៈកម្មាធិការ និងក្រុមការងារសាខាកាកបាទក្រហមខេត្ត-ក្រុង ព្រមទាំងអាជ្ញាធរមូលដ្ឋាន។

មានប្រសាសន៍សំណេះសំណាល លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានពាំនាំប្រសាសន៍ផ្ដាំផ្ញើ និងសួរសុខទុក្ខពីសំណាក់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាជូនចំពោះបងប្អូនពលករទាំងអស់ដោយក្តីនឹករលឹកបំផុត។

លោកអភិបាលខេត្ត ក៏បានណែនាំឱ្យបងប្អូនដែលកំពុងធ្វើចត្តាឡីស័កទាំងអស់ត្រូវរក្សាអនាម័យឱ្យបានជាប់ជាប្រចាំ ស្ដាប់តាមការណែនាំរបស់គ្រូពេទ្យ ក្រោយ១៤ថ្ងៃបើមានវិជ្ជមានជំងឺ covid-19ទេ នឹងបានត្រឡប់ទៅគេហដ្ឋានវិញជាក់ជាមិនខានដោយបន្តអនុវត្តន៍តាមវិធានការការនានា ពិសេស ៣កុំ ៣ការពារ។ លោកបានថ្លែងប្រាប់បងប្អូនពលករ ពីច្បាប់ថ្មីដែលទើបដាក់ឲ្យអនុវត្តនូវកម្រិតទោសទណ្ឌនិងការផាកពិន័យចំពោះរាល់ការគេចវេសនៃការធ្វើចត្តាឡីស័ក ឱ្យបងប្អូនបានយល់ច្បាស់ ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺ covid 19 នៅកម្ពុជា។

សូមជម្រាបថា នៅមណ្ឌលចត្តាឡីស័កសម្ដេចតេជោហ៊ុនសែន ក្រុងសួងនេះ មានបងប្អូនពលករចំនួន៤៩នាក់ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១ឡូ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ប្រេងឆា១ដប សាប៊ូ១ដុំ ម៉ាស់ និងថវិកាមួយចំនួន៕






No comments:

Post a Comment