Friday, March 19, 2021

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន៖ ទេសចរណ៍វប្បធម៌ និងនវានុវត្តន៍ឧស្សាហកម្មផ្អែកលើវប្បធម៌ ជាចំណុចខ្លាំងសម្រាប់កម្ពុជា

 លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានស្ថាបនិកកិត្តិយសក្រុមប្រឹក្សាវប្បធម៌អាស៊ី បានថ្លែងថា ការវិនិយោគលើការអភិវឌ្ឍផ្អែកលើវប្បធម៌ និងការលើកកម្ពស់នវានុវត្តន៍ផ្អែកលើធនធាន និងភាពចម្រុះរបស់វប្បធម៌ សុទ្ធតែជាជម្រើសគោលនយោបាយចម្បង ក្នុងនោះដែរសម្រាប់កម្ពុជា ទេសចរណ៍វប្បធម៌ និងនវានុវត្តន៍ឧស្សាហកម្មផ្អែកលើវប្បធម៌ គឺជាចំណុចខ្លាំង។

នេះបើយោងតាមសារអបអរសាទររបស់ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នាកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ី ACC លើកទី២ របស់ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ដែលប្រព្រឹត្ត ទៅក្រោមប្រធានបទ ការលើកកម្ពស់វប្បធម៌ និងនវានុវត្តន៍ ដើម្បីវិបុលភាពរួមក្នុងអំឡុងពេលនិងក្រោយកូវីដ-១៩ តាមប្រព័ន្ធអ៊ីនធឺណែត ដែលទទួលបាននៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងយ៉ាងដូចនេះថា «នៅពេលដែលយើងត្រូវបានបង្ខំឱ្យរស់នៅតាមទម្លាប់ថ្មី យើងចាំបាច់ត្រូវមាននវានុវត្តន៍និងចក្ខុ វិស័យក្នុងការប្រែក្លាយ វិបត្តិទៅជាឱកាសមួយសម្រាប់កំណែទម្រង់ និងដំណើរឆ្ពោះទៅមុខ។ ក្នុងន័យនេះការវិនិយោគលើការអភិវឌ្ឍផ្អែកលើវប្បធម៌ និងការលើកកម្ពស់នវានុវត្តន៍ផ្អែកលើ ធនធាន និងភាពចម្រុះរបស់វប្បធម៌សុទ្ធតែជាជម្រើសគោលនយោបាយចម្បងរបស់យើង។ សម្រាប់កម្ពុជា ទេសចរណ៍វប្បធម៌ និងនវានុវត្តន៍ឧស្សាហកម្មផ្អែកលើវប្បធម៌ គឺជាចំណុចខ្លាំងរបស់យើង»។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងទៀតថា រយៈពេលពីរឆ្នាំហើយដែល ACC ត្រូវបានបង្កើតនិងប្រកាសនៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណង លើកកម្ពស់ការតភ្ជាប់រវាងវប្បធម៌ និងសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព ទំនាក់ទំនងរវាងមនុស្សជាតិ និងនវានុវត្តន៍។ ការប្តេជ្ញាចិត្តផ្នែកនយោបាយច្បាស់លាស់៖ យើងធ្វើការរួមគ្នា ដើម្បីជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការជាអន្តរជាតិ លើការអភិវឌ្ឍនិងនវានុវត្តន៍ដោយមានវប្បធម៌ជាចលករ ដើម្បីសម្រេចឱ្យបានគោលដៅ អភិវឌ្ឍប្រកបដោយចីរភាព។

ការផ្សារភ្ជាប់រវាងមនុស្ស ចំណេះដឹង និងសកម្មភាព សុទ្ធតែជាយុទ្ធសាស្ត្រអន្តរាគមន៍សំខាន់ដើម្បីនាំមកនូវលទ្ធផលជាក់ស្តែងជូនប្រជាជន។ ផ្សារភ្ជាប់ជាមួយគ្នានេះ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ដោយយកប្រជាជនជាស្នូល គឺជាវិធីសាស្ត្រសំខាន់។ គោលបំណងរួមក្នុងការគាំទ្រ ACC ឱ្យក្លាយជាស្ថាប័នមួយ ដ៏សំខាន់នៅអាស៊ី ក្នុងការលើកកម្ពស់សន្តិភាព បរិយាប័ន្ន ចិរភាព និងភាពធន់របស់សង្គម។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានបញ្ជាក់ទៀតថា ជំងឺរាតត្បាតកូវីដ-១៩ កំពុងបំផ្លិចបំផ្លាញជុំវិញពិភពលោក។ វប្បធម៌ និងឧស្សាហកម្មច្នៃប្រឌិត បានទទួលរងគ្រោះយ៉ាងខ្លាំង ពីវិធានការបិត ឬរឹតបន្តឹងមនុស្សក្នុងការជួបជុំ និងការប្រមូលផ្តុំ ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលទាមទារឱ្យមានសាមគ្គីភាព និងភាពជាដៃគូរអន្តរជាតិ ដោយគ្មានប្រទេសឬសង្គមណាមួយមានសុវត្ថិភាពទេ បើយើងទាំងអស់គ្នាមិនមានសុវត្ថិភាពនោះ ៕



No comments:

Post a Comment