Wednesday, May 17, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញដាក់កម្រងផ្កានៅវិមានវីរៈជនរបស់ប្រជាជនចិន

នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧  លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងប៉េ កាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីរឹតចំណងសាមគ្គី មិត្តភាព ទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី នៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត ក្នុងនាមជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។
នាឱកាសនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញដាក់កម្រងផ្កានៅវិមានវីរៈជនរបស់ប្រជាជនចិន នៅមុខទីលានធានអាមេន ក្នុងទីក្រុងប៉េកាំង។ កម្រងផ្កាដែលមានចារឹកអក្សរពណ៌មាស មានអត្ថន័យថា វីរៈជនរបស់ប្រជាជនចិនស្ថិតនៅជាអមតៈ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងគណៈប្រតិភូបានលំឱនកាយវាចារចិត្តដោយសេចក្តីគោរពជូនចំពោះវិញ្ញាណក្ខន្ធវីរៈយុទ្ធជន យុទ្ធនារី និងកងទ័ពរំដោះប្រជាជនចិន ដែលបានធ្វើពលីកម្មសាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុនៃការការពារទឹកដី។
ប្រទេសចិន និងកម្ពុជា បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨។ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១០ កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា ចិន ត្រូវបានតម្លើងទៅជាកិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រហូតមកដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៣ មេដឹកនាំនៃប្រទេសទាំងពីរកម្ពុជា ចិន បានចុះហត្ថលេខាលើផែនការសកម្មភាព ស្តីពីការអនុវត្តកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ កម្ពុជា ចិន នៅទីក្រុងប៉េកាំង។ ឆ្នាំ២០១៣ជាខួប៥៥ឆ្នាំ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា ចិន ភាគីទាំងពីរបាន កំណត់ជា ឆ្នាំមិត្តភាពកម្ពុជា-ចិន។
នៅឆ្នាំក្រោយនេះកម្ពុជានឹងប្រារព្ធខួបទី ៦០ នៃទំនាក់ទំនងមិត្តភាពចិន-កម្ពុជា ដែលយើងរំពឹងថា លោកនាយករដ្ឋមន្រ្តីចិន លី ឃឺឈាំង នឹងអញ្ជើញមកចូលរួមនៅកម្ពុជាប្រសិនបើគ្មានអ្វីប្រែប្រួលទេនោះ៕







No comments:

Post a Comment