Wednesday, May 17, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួបពិភាក្សាការងារជាមួយប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន

នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ បន្ទាប់ពីបានដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានវីរៈជនរបស់ប្រជា ជនចិនរួចហើយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក យូ ជឹងស៊ឹង ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នៅសាលប្រជុំហុងកុង នៃមហាវិមានប្រជាជនចិន។
លោក យូ ជឹងស៊ឹង បានស្វាគមន៍យ៉ាងកក់ក្តៅជូន លោក ហ៊ុន សែន និងគណៈប្រតិភូកម្ពុជា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងមមាញឹកបំផុត អញ្ជើញមកចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងប៉េកាំង ប្រទេសចិន។ ប្រទេសចិននៅតែបន្តគាំទ្រដល់ រាជរដ្ឋាភិបាលកម្ពុជា បើទោះបីជាប្រទេសចិនជួយដល់ប្រទេសកម្ពុជាលើគ្រប់វិស័យក៏ពិតមែន តែកម្ពុជាក៏បានជួយដល់ចិន លើគ្រប់សកម្មភាពផងដែរ ដែលនេះគឺបានបង្ហាញឱ្យឃើញពីការជួយគ្នាទៅវិញទៅមក ដោយមិនប្រកាន់ប្រទេសតូច ប្រទេសធំ មានក្រនោះទេ ពោលគឺយើងនៅតែបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំថែមទៀត។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា លោក ពិតជាមានសេចក្តីរីករាយដែលបានអញ្ជើញមកកាន់ប្រទេសចិននៅពេលនេះ។ កិច្ចប្រជុំសំណេះសំណាល រវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក យូ ជឹងស៊ឹង គឺបានបញ្ចប់ដោយបរិយាកាសរីករាយស្និទ្ធស្នាល ដែលបានពង្រឹងនិង បង្កើននូវចំណងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរឹងមាំថែមទៀត៕




No comments:

Post a Comment