Wednesday, May 17, 2017

រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការទេសចរណ៍​ (២០១៧-២០២០) ​ជាមួយរដ្ឋ​បាលទេសចរណ៍ជាតិ​ នៃសាធារណរដ្ឋ​ប្រជាមានិតចិន​

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ (២០១៧-២០២០) ជាមួយរដ្ឋបាលទេសចរណ៍ជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលផ្ដោតលើគោលបំណងសំខាន់ៗ រួមមាន៖ ការអភិវឌ្ឍទេសចរណ៍តំបន់សៀមរាប ការបណ្ដុះបណ្ដាលអ្នកជំនាញវិជ្ជាជីវៈទេសចរណ៍ និយាយភាសាចិន បង្កើតកម្មវិធីផ្លាស់ប្ដូរអ្នកជំនាញ វិជ្ជាជីវៈទេសចរណ៍កម្ពុជា-ចិន វេទិកាកិច្ចប្រជុំកំពូលទេសចរណ៍កម្ពុជា-ចិន កិច្ចសហប្រតិបត្តិការស្ដីពីការផ្សព្វផ្សាយទេសចរណ៍ និងការវិនិយោគទុនវិស័យទេសចរណ៍របស់ធុរជនចិននៅកម្ពុជា។
លោក ថោង ខុន បានឲ្យដឹងថា ការចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន លោក Li Keqiang ពោលស្របពេលដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណៈប្រតិភូកម្ពុជា កំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីចូលរួមក្នុងវេទិកា «ខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ»។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានបន្តទៀតថា ផែនការអនុវត្តអនុស្សរណៈយោគយល់គ្នាស្ដីពី កិច្ចសហប្រតិបត្តិការទេសចរណ៍ រវាងរដ្ឋបាលទេសចរណ៍ជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន និងក្រសួងទេសចរណ៍កម្ពុជាខាងលើនេះ គឺដើម្បីសម្របសម្រួល និងជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ឲ្យកាន់តែស៊ីជម្រៅ ក្នុងក្របខណ្ឌ «ខ្សែក្រវ៉ាត់ និងវិថី» និងដើម្បីអនុវត្តអនុស្សរណៈយោគយល់គ្នាស្ដីពី កិច្ចសប្រតិបត្តិការទេសចរណ៍ រវាងរដ្ឋបាលទេសចរណ៍ជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន និងក្រសួងទេសចរណ៍កម្ពុជា ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ រដ្ឋបាលទេសចរណ៍ជាតិចិន និងក្រសួងទេសចរណ៍កម្ពុជា បានព្រមព្រៀងលើផែនការអនុវត្ត តាមរយៈការពិគ្រោះយោបល់គ្នា ដូចខាងក្រោម៖
មាត្រា១- ការអភិវឌ្ឍទេសចរណ៍តំបន់សៀមរាបភាគីចិននឹងបញ្ជូនអ្នកជំនាញមកកាន់ ខេត្តសៀមរាប ប្រទេសកម្ពុជា ដើម្បីទស្សនកិច្ចសិក្សាស្វែងយល់ ពីធនធានទេសចរណ៍មូលដ្ឋាន ក៏ដូចជាការអភិវឌ្ឍកសិទេសចរណ៍ និងអេកូទេសចរណ៍ និងជួយខេត្តសៀមរាប ក្នុងការបង្កើតផែនការអភិវឌ្ឍគ្រប់ជ្រុងជ្រោយមួយ ដោយផ្ដោតលើបេតិកភណ្ឌវប្បធម៌ពិភពលោក អង្គរវត្ត។ ភាគីកម្ពុជានឹងផ្ដល់ការគាំទ្រ និងការជួយជ្រោមជ្រែងចាំបាច់សម្រាប់ការអនុវត្តគម្រោងនេះ។
មាត្រា២- ការបណ្ដុះបណ្ដាលអ្នកជំនាញវិជ្ជាជីវៈទេសចរណ៍ និយាយភាសាចិន
ភាគីចិននឹងផ្ដល់ឱកាស សម្រាប់ការបណ្ដុះបណ្ដាលអ្នកជំនាញវិជ្ជាជីវៈទេសចរណ៍ និយាយភាសាចិនចំនួន ១០០កន្លែង សម្រាប់ភាគីកម្ពុជា និងរ៉ាប់រងលើការបណ្ដុះបណ្ដាល កន្លែងស្នាក់នៅ ម្ហូបអាហារនាអំឡុងពេលស្នាក់នៅប្រទេសចិន។ ភាគីកម្ពុជានឹងទទួលខុសត្រូវលើការរៀបចំសមាសភាព និងត្រួតពិនិត្យគុណវឌ្ឍនៃអ្នកជំនាញវិជ្ជាជីវៈពាក់ព័ន្ធ និងចំណាយលើថ្លៃធ្វើដំណើររបស់សិក្ខាកាមទៅកាន់ប្រទេសចិន និងត្រលប់ពីប្រទេសចិនវិញ។
មាត្រា៣- បង្កើតកម្មវិធីផ្លាស់ប្ដូរអ្នកជំនាញវិជ្ជាជីវៈទេសចរណ៍កម្ពុជា-ចិន
សម្របសម្រួលបញ្ហានានា ដូចបានព្រមព្រៀងក្នុងមាត្រា២ ភាគីទាំងពីរនឹងជំរុញមហាវិទ្យាល័យទេសចរណ៍ពាក់ព័ន្ធនានា ដើម្បីបង្កើតកម្មវិធីផ្លាស់ប្ដូរអ្នកជំនាញវិជ្ជាជីវៈទេសចរណ៍។
មាត្រា៤- វេទិកាកិច្ចប្រជុំកំពូលទេសចរណ៍កម្ពុជា-ចិន
ភាគីទាំងពីរនឹងរៀបចំធ្វើវេទិកាកិច្ចប្រជុំកំពូលធុរកិច្ចទេសចរណ៍កម្ពុជា-ចិន នៅក្នុងឆ្នាំ២០១៧ និងអនុលោមតាមតម្រូវការចាំបាច់របស់ភាគីទាំងពីរ ការធ្វើវេទិកាពិសេសផ្អែកលើមូលដ្ឋានចាំបាច់ភ្លាមៗ ដោយការគ្រោងទុកជាមុន ដោយប្ដូរវេនគ្នារវាងប្រទេសទាំងពីរ ដើម្បីបង្ហាញយន្តការថ្មីៗ សម្រាប់កិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-ចិន។
មាត្រា៥- កិច្ចសហប្រតិបត្តិការស្ដីពី ការផ្សព្វផ្សាយទេសចរណ៍
ភាគីទាំងពីរនឹងផ្ដល់ការគាំទ្រ និងសម្របសម្រួលរាល់តម្រូវការចាំបាច់នានា ក្នុងគោលដៅជំរុញសកម្មភាពផ្សព្វផ្សាយទេសចរណ៍រួមគ្នា រវាងប្រទេសទាំងពីរ។ ភាគីទាំងពីរនឹងអញ្ជើញស្ថាប័នធុរកិច្ចក្នុងវិស័យធ្វើដំណើរ និងប្រព័ន្ធផ្សព្វផ្សាយមកស្វែងយល់ តាមរយៈខ្សែទស្សនកិច្ចទេសចរណ៍ និកសាងបណ្ដាញធុរកិច្ចព្រមទាំងផ្ដល់ការសម្របសម្រួល គាំទ្រដល់ក្រុមធ្វើទស្សនកិច្ចស្វែងយល់ ដែលត្រូវបានបញ្ជូនដោយភាគីទាំងពីរ។
មាត្រា៦- ការវិនិយោគទុនវិស័យទេសចរណ៍របស់ធុរជនចិននៅកម្ពុជា
ភាគីចិននឹងរៀបចំដំណើរទស្សនកិច្ចសិក្សា ដើម្បីស្វែងយល់ពីគម្រោងវិនិយោគទេសចរណ៍នៅកម្ពុជា។ ភាគីកម្ពុជានឹងផ្ដល់ការសម្របសម្រួល និងការគាំទ្រចាំបាច់សម្រាប់សកម្មភាពដែលបានរៀបរាប់ខាងលើ និងរៀបចំដោយភាគីចិន។

សូមបញ្ជាក់ផងដែរថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូចាកចេញពីប្រទេសកម្ពុជា នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ ដើម្បីចូលរួមជាមួយវេទិកាខ្សែក្រវ៉ាត់ និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៧ ខែឧសភា ឆ្នាំ២០១៧៕



No comments:

Post a Comment