Wednesday, May 17, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញបើកវេទិកាជំរុញផ្សព្វផ្សាយពាណិជ្ជកម្ម និងទេសចរណ៍កម្ពុជា-ចិន ឆ្នាំ២០១៧

វេទិកាស្តីពីការជំរុញការផ្សព្វផ្សាយពាណិជ្ជកម្ម និងទេសចរណ៍ កម្ពុជា-ចិន ឆ្នាំ២០១៧ បានប្រារព្ធពិធីបើកជាផ្លូវការនៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដោយបានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោក វ៉ាង ចែរ៉ុយ អនុប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋប្រជាមានិតចិន។ ពិធីដ៏មានអត្ថន័យនោះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី ថ្នាក់ដឹកនាំ ជាឥស្សរជនជាន់ខ្ពស់ នៃប្រទេសទាំងពីរកម្ពុជា ចិន ពិសេសផ្នែកធុរកិច្ចនៃប្រទេសចិន-កម្ពុជាជាច្រើនរូបផងដែរ។
លោក ប៉ាន់ សូរស័ក្ត រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជាបានបញ្ជាក់ថា កាលពីឆ្នាំ២០១៦កន្លងទៅ ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្មចិន ធ្លាប់បានសហការគ្នារៀបចំវេទិកាបៀបនេះម្តងរួចមកហើយ នៅទីក្រុងណាន់នីង ខេត្តក្វាងស៊ី ប្រទេសចិន ដែលទទួលបាននូវការចូលរួមគាំទ្រយ៉ាងពេញទំហឹង ពីពាណិជ្ជករ វិនិយោគិនកម្ពុជា-ចិន ប្រមាណ ៣៨០នាក់ ដោយឡែកវេទិកាលើកនេះ មានការចូលរួមជាង ៤០០នាក់។
លោក ប៉ាន់ សូរស័ក្ត ក៏បានបញ្ជាក់ថា ក្នុងឆ្នាំ២០១៧នេះ វេទិកាស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងទេសចរណ៍ កម្ពុជា-ចិន បានកើតឡើងជាថ្មីម្តងទៀត ដែលស្តែងអំពីសក្ខីភាពបញ្ជាក់ពីកិច្ចសហប្រតិបត្តិការដ៏ល្អ និងនិរន្តរភាព រវាងក្រសួងពាណិជ្ជកម្មនៃប្រទេសទាំងពីរ។ សកម្មភាពទាំងនោះសំដៅជំរុញសកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍ឱ្យមានការកើនឡើងបន្ថែមទៀត ហើយក៏ជាយន្តការនៃការជំរុញកំណើនសេដ្ឋកិច្ចជាតិ នៃប្រទេសទាំងពីរកម្ពុជា-ចិនផងដែរ។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ មានប្រសាសន៍ថា នៅឆ្នាំ២០១៦កន្លងទៅ កម្ពុជាបានទទួលទេសចរអន្តរជាតិជាង ៥លាននាក់ ក្នុងកំណើន ៥% ក្នុងនោះទេសចរណ៍ចិនមានចំនួនជាង ៨៣ម៉ឺននាក់ ក្នុងកំណើន ២០% ហើយក្នុងរយៈពេល ៣ខែដើមឆ្នាំ២០១៧នេះ កម្ពុជាទទួលបានទេសចរចិនចំនួនជាង ២៧ម៉ឺននាក់ កើនបាន ២៥,៧% ឈរលំដាប់ទី១ ហើយរំពឹងថា នៅឆ្នាំ២០១៧នេះ កម្ពុជានឹងទទួលបានទេសចរចិនប្រមាណ ១លាននាក់ និងកើនដល់២លាននាក់ នៅឆ្នាំ២០២០ ក្នុងចំណោមទេសចរអន្តរជាតិសរុប ៧លាននាក់។
លោករដ្ឋមន្រ្តីទេសចរណ៍ក៏បានបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះមានក្រុមហ៊ុនអាកាសចរណ៍ចំនួន១២ហើយ ដែលបានធ្វើប្រតិបត្តិការហោះហើរ ប្រមាណ ១២០ជើងក្នុងមួយសប្តាហ៍ ពីចិនមកកម្ពុជា និងពីកម្ពុជាទៅចិន ទាំងនៅខេត្តសៀមរាបអង្គរ រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ យុទ្ធសាស្រ្តរបស់យើង គឺបន្តអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ជាគោលដៅទេសចរណ៍ស្អាត និងបៃតង ផ្តល់សេវាប្រកបដោយគុណភាព និងភាពកក់ក្តៅដល់ភ្ញៀវទេសចរ ដោយឈរលើគោលការណ៍នៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព ការទទួលខុសត្រូវ និងបរិយាប័ណ្ណ លើមូលដ្ឋាននៃអច្ឆរិយៈភាពប្រាសាទអង្គរ ប្រាសាទព្រះវិហារ សម្បត្តិបេតិកភណ្ឌទាំងរូបី និងអរូបី សម្បត្តិធនធានធម្មជាតិ ឆ្នេរសមុទ្រដ៏ស្រស់ស្អាត សម្រាប់ទន្លេមេគង្គ ម្ហូបអាហារ ប្រពៃណីរស់នៅប្រកបដោយភាពញញឹមរួសរាយរាក់ទាក់ពីធម្មជាតិរបស់ប្រជាជនកម្ពុជា ស្របនឹងការប្រសិទ្ធនាមកម្ពុជា ជាព្រះរាជាណាចក្រអច្ឆរិយៈ ប្រកបដោយភាពកក់ក្តៅ។
លោក វ៉ាង ចែរ៉ុយ អនុប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋប្រជាមានិតចិន បាន វាយតម្លៃខ្ពស់ និងកោតសរសើរដល់គណៈកម្មាធិការចម្រុះ នៃប្រទេសទាំងពីរកម្ពុជា-ចិន ដែលបានខិតខំប្រឹងប្រែងយ៉ាងអស់ពីសមត្ថភាព ក្នុងការអនុវត្តនូវស្មារតីនៃការណែនាំរបស់មេដឹកនាំទាំងពីរ លើការអនុវត្តយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត ជាពិសេសការស្វែងរកនូវចំណុចវិជ្ជមាននានា ដើម្បីឈានទៅសម្រេចបាននូវភាពជោគជ័យថែមទៀត លើការអនុវត្តយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយឱ្យកាន់តែមានប្រសិទ្ធភាពទ្វេឡើងថែមទៀត។
លោកអនុប្រធានព្រឹទ្ធសភា ក៏បានគូសបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតីចិន ស៊ី ជិនពីង ក៏ដូចជាថ្នាក់ដឹកនាំចិនក្នុងការដាក់ចេញនូវយុទ្ធសាស្រ្តខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ ដែលជាក្របខណ្ឌនយោបាយ ឈ្នះ-ឈ្នះ របស់រដ្ឋាភិបាលចិន គ្របដណ្តប់លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចផ្លូវសូត្រ និងកិច្ចសហប្រតិបត្តិការ ផ្លូវសូត្រសមុទ្រសតវត្សទី២១ ដែលនឹងជួយជំរុញដល់ការអភិវឌ្ឍវិស័យទេសចរណ៍ នៅតាមបណ្តាប្រទេសបណ្តោយ ផ្លូវសូត្ររួមទាំងអាស៊ាន និងព្រះរាជាណាចក្រកម្ពុជាផងដែរ៕






No comments:

Post a Comment