Tuesday, March 06, 2018

ទីស្តីការគណៈរដ្ឋមន្ត្រី រៀបចំពីធីសំណេះសំណាលជាមួយមន្ត្រីរាជការជាស្រ្តី ក្នុងឱកាសទិវាអន្តរជាតិនារី៨មីនា

នៅព្រឹកថ្ងៃអង្គារ ៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃ៦ ខែមីនា ឆ្នាំ២០១៨នេះ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ ប៊ិន ឈិន រដ្ឋមន្រ្តីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានអញ្ជើញសំណេះសំណាលជាមួយមន្រ្តីរាជការជាស្រ្តីក្នុងឱកាសទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៧ និងពិធីប្រកាសផ្លូវការដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័រនៃទីស្តីការគណៈរដ្ឋមន្រ្តី ឆ្នាំ២០១៧-២០២០។ ពិធីសំណេះសំណាលនេះ បានប្រារព្ធធ្វើឡើងនៅអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្រ្តី ដោយមានអ្នកចូលរួមប្រមាណជាង៤០០នាក់។

លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន បានសម្តែងសេចក្តីរីករាយដែលបានចូលរួមក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីរាជការជាស្រ្តីក្នុងឱកាសទិវាអន្តរជាតិនារី៨មីនា ខួបលើកទី១០៧ ក្រោមប្រធានបទ «ស្រ្តីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ» និងពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តនូវផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រនៃទីស្តីការគណៈរដ្ឋមន្រ្តីឆ្នាំ២០១៧-២០២០នាពេលនេះ ស្របតាមអនុសាសន៍របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទាំង១១ចំណុចក្នុងឆ្នាំ២០១៧ និងសេចក្តីសម្រេចថ្មីៗចំនួន៤ចំណុច ក្នុងគោលបំណងបន្តរំលេចពីតម្លៃនៃសន្តិភាព និងការលើកកម្ពស់វប្បធម៌អហិង្សាដែលរាជរដ្ឋាភិបាល បាននឹងកំពុងគាំទ្រជំរុញឱ្យមានការចូលរួមពីគ្រប់ស្ថាប័ន រួមទាំងបុរសទាំងស្រ្តី ដើម្បីវឌ្ឍនភាពសង្គមឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់ស្រ្តី ដ៏ដូចជាសុខុមាលភាពសង្គមដោយធ្វើការទប់ស្កាត់ និងកាត់បន្ថយអំពើហិង្សា ព្រមទាំងដោះស្រាយជម្លោះនានាដោយសន្តិវិធី។

លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន បានសង្កត់ធ្ងន់ថា សុខសន្តិភាពមានសារៈសំខាន់ណាស់ដែលជាបំណងប្រាថ្នារបស់បុគ្គលគ្រប់រូប គ្រប់វ័យព្រោះបើមានសុខសន្តិភាព មានការអភិវឌ្ឍន៍គ្រប់វិស័យ និងគ្រប់ទីកន្លែង។ ផ្ទុយទៅវិញ ជម្លោះនិងអំពើហិង្សា គឺជាឧបសគ្គនៃវឌ្ឍនភាពសេដ្ឋកិច្ចសង្គមរបស់ប្រទេសយើង ហើយធ្វើឱ្យប៉ះពាល់ដល់សុខុមាលភាពផ្លូវចិត្ត អារម្មណ៍និងរាងកាយរបស់បុគ្គលជាពិសេសអំពើហិង្សាលើស្រ្តី គឺជាអំពើរំលោភសិទ្ធិមនុស្សដែលផ្តល់ផលប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំងទៅលើស្រ្តីនិងកូន ដែលបន្សល់ទុកនូវផលវិបាករាប់ជំនាន់។

លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ក៏បានគូសបញ្ជាក់ថា ដើម្បីចូលរួមចំណែកជួយដល់ស្រ្តីយើងដែលមានវត្តមាននៅទីនេះ ក៏ដូចជានៅក្នុងក្របខ័ណ្ឌទីស្តីការគណៈរដ្ឋមន្រ្តី ផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រនៃទីស្តីការគណៈរដ្ឋមន្រ្តីឆ្នាំ២០១៧-២០២០នេះ ពិតជាឧបករណ៍ដ៏ចាំបាច់សម្រាប់បេសកកម្មឆ្ពោះទៅរកការសម្រេចបាននូវសមភាពយេនឌ័រក្នុងទីស្តីការគណៈរដ្ឋមន្រ្តី តាមរយៈការបញ្រ្ជាបយេនឌ័រក្នុងគោលនយោបាយ ផែនការ កម្មវិធី និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាដើម្បីបង្កើតចំនួនមន្រ្តីរាជការជាស្រ្តី និងចំនួនស្រ្តីក្នុងតួនាទីធ្វើសេចក្តីសម្រេច ការកែប្រែឥរិយាបថដែលរើសអើងលើស្រ្តី និងការរួមចំណែកសម្រេចបានកំណើនប្រកបដោយចីរភាពនិងបរិយាប័ន្ន។

លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ក៏បានបញ្ជាក់បន្ថែមថា ការលើកកម្ពស់សមភាពយេនឌ័រ និងសិទ្ធិអំណាចស្រ្តី គឺជាការងារអាទិភាពមួយនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលក្នុងគោលដៅបន្តពង្រឹងស្ថានភាព និងតួនាទីដ៏សំខាន់របស់ស្រ្តីក្នុងសង្គម។ រួមជាមួយនេះទីស្តីការគណៈរដ្ឋមន្រ្តី បាននិងកំពុងយកចិត្តទុកដាក់ ក្នុងការអនុវត្តគោលនយោបាយលើកកម្ពស់សមភាពយេនឌ័ររបស់រាជរដ្ឋាភិបាលដូចជាការផ្តល់ឱកាសដល់មន្រ្តីរាជការជាស្រ្តី តាមរយៈការប្រឡងជ្រើសរើសមន្រ្តីរាជការថ្មី ការដំឡើងឋានៈនិងតួនាទី ការកសាងសមត្ថភាព និងការចូលរួមវគ្គបណ្តុះបណ្តាលក្នុងនិងក្រៅប្រទេស ប៉ុន្តែទោះជាយ៉ាងណាក៏ដោយលទ្ធផលនៃការខិតខំប្រឹងប្រែងទាំងនេះនៅមានកម្រិតនៅឡើយ៕






No comments:

Post a Comment