Tuesday, March 06, 2018

នៅទីស្តីការក្រសួងធនធានទឹក មានរៀបចំកិច្ចប្រជុំកំពូលមេគង្គលើកទី៣ ​ដើម្បីពិនិត្យ​ វាយតម្លៃលើលទ្ធផល​ការងារដែល​អនុគណៈកម្មការទាំង៤​ សម្រេចបាន​

នៅថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ ២០១៨នេះ នៅទីស្តីការក្រសួង លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំកំពូលមេគង្គលើកទី៣ បានដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំកិច្ចប្រជុំកំពូលមេគង្គលើកទី៣ ដោយមានការចូលរួមពីលោក លោកស្រី អស់លោក លោកស្រីជាប្រធាន អនុប្រធាន សមាជិកអនុគណៈកម្មការ មកពីក្រសួង ស្ថាប័នពាក់ព័ន្ធ សរុបប្រមាណ ៦០ នាក់។

កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យ វាយតម្លៃលើលទ្ធផលការងារដែលអនុគណៈកម្មការទាំង៤ (អនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ និងសុខាភិបាល, អនុគណៈកម្មការពិធីការ រៀបចំកន្លែងប្រជុំ ដឹកជញ្ជូន និងសិល្បៈ, អនុគណៈកម្មការផ្គត់ផ្គង់ និងហិរញ្ញវត្ថុ និងអនុគណៈកម្មការឯកសារ និងផ្សព្វផ្សាយព័ត៌មាន) សម្រេចបាន។

លោករដ្ឋមន្ត្រីក្រសួងធនធានទឹក បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលអនុគណៈកម្មការនីមួយៗសម្រេចបាន (ពី ៧០-៨០%) និងផ្តល់អនុសាសន៍បន្ថែមលើការងារដែលនៅសេសសល់ សំដៅធ្វើយ៉ាងណាឱ្យការរៀបចំកិច្ចប្រជុំកំពូលមេគង្គលើកទី៣ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ០៤-០៥ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ នាទីក្រុងសៀមរាប ទទួលបានលទ្ធផលជោគជ័យ ល្អប្រសើរ។

សូមបញ្ជាក់ជូនថា៖ ក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលខាងលើនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញជាអធិបតី ដោយមានការចូលរួមពីប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសជាសមាជិកទន្លេមេគង្គ ឡាវ ថៃ និងវៀតណាម ព្រមទាំងមានការចូលរួមពីតំណាងរដ្ឋាភិបាលនៃប្រទេសជាដៃគូសន្ទនា (ចិន និងមីយ៉ាន់ម៉ា)។ កិច្ចប្រជុំនេះ ក៏មានការចូលរួមផងដែរពីបណ្តាប្រទេសដែលជាដៃគូអភិវឌ្ឍន៍របស់មេគង្គ ព្រមទាំងអ្នកជំនាញ អ្នកបច្ចេកទេស សង្គមស៊ីវិល ក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក សរុបប្រមាណ៣៥០ នាក់៕


No comments:

Post a Comment