Tuesday, March 06, 2018

លោក ហេង សំរិន ជួបសំណេះសំណាលជាមួយគណៈប្រតិភូស្ត្រីដើម្បីអបអរសាទរខួបទី១០៧ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០១៨

លោក ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨នេះ បានទទួលជួបសំណេះសំណាលជាមួយគណៈប្រតិភូស្ត្រីមួយក្រុមដែលដឹកនាំដោយលោកស្រីវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារីដើម្បីអបអរសាទរខួបទី១០៧ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ «ស្រ្តីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍជាតិ»។

លោក ហេង សំរិន បានគូសបញ្ជាក់ថា ការជួបជុំគ្នានៅពេលនេះគឺជាឱកាសដ៏ល្អប្រសើរមួយ និងប្រកបដោយអត្ថន័យសម្រាប់ស្ត្រីទាំងអស់ដើម្បីរំលឹកឡើងវិញនូវស្នាដៃដ៏មហិមារបស់ស្រ្តីនៅលើពិភពលោកដែលក្នុងនោះរួមទាំងស្ត្រីកម្ពុជាផងដែរ ដែលបានតស៊ូ លះបង់នូវកម្លាំងកាយ កម្លាំងចិត្ត ពេលវេលា ធនធាន និងអាយុជីវិត នៅក្នុងការប្រយុទ្ធតស៊ូ ដើម្បីបុព្វហេតុស្រ្តី និងដើម្បីបុព្វហេតុរបស់មនុស្សជាតិ។ លោក ហេង សំរិន បានបន្ថែមថា ថ្ងៃទី៨ មីនា គឺជាទិវាដែលផ្តល់កិត្តិយសចំពោះស្នាដៃរបស់ស្ត្រី និងជាថ្ងៃដែលយើងទាំងអស់គ្នា ជាពិសេសបុរសត្រូវតែបន្តជំរុញ និងលើកតម្កើងនូវតម្លៃ ឋានៈ តួនាទី និងសិទ្ធិរបស់ស្ត្រីកម្ពុជាយើងឱ្យកាន់តែមានភាពប្រសើរ និងថ្លៃថ្លាថែមទៀត។

លោក ហេង សំរិន បានវាយតម្លៃខ្ពស់ចំពោះរបាយការណ៍របស់រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ដែលបានឆ្លុះបញ្ចាំងឱ្យឃើញពីឆន្ទៈយ៉ាងមោះមុត និងកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការពារ និងលើកស្ទួយនូវតម្លៃ ឋានៈ តួនាទី សិទ្ធិ និងជីវភាពរបស់ស្រ្តី ដែលឆ្លើយតបទៅនឹងសេចក្តីប្រកាសផែនការសកម្មភាពនៃទីក្រុងប៉េកាំងដែលបានដាក់ចេញនៅក្នុងសន្និសីទស្រ្តីពិភពលោកលើកទី៤ ឆ្នាំ១៩៩៥ គោលដៅអភិវឌ្ឍន៍សហសវត្សរ៍ និងសេចក្តីសម្រេចលើកទី៨របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពី «ស្ត្រី សុខសន្តិភាព និងសន្តិសុខ» ហើយការជ្រើសរើសប្រធានបទ «ស្រ្តីរួមគ្នារក្សាសន្តិភាពដើម្បីអភិវឌ្ឍជាតិ» សម្រាប់ទិវា៨ មីនា ឆ្នាំ២០១៨ នេះ ពិតជាមានសារៈសំខាន់ និងស្របទៅនឹងបរិបទតំបន់ និងសកលជាពិសេសសម្រាប់កម្ពុជាយើងដែលជានិច្ចកាលបានផ្តល់តម្លៃជាសារវ័ន្តនូវតម្លៃសន្តិភាព និងការលើកកម្ពស់វប្បធម៌អហិង្សាដែលរាជរដ្ឋាភិបាលបាន និងកំពុងគាំទ្រជំរុញឱ្យមានការចូលរួមពីគ្រប់ស្ថាប័ន រួមទាំងបុរស ទាំងស្រ្តី ដើម្បីអភិវឌ្ឍសង្គមឆ្ពោះទៅបន្តលើកកម្ពស់សិទិ្ធ ស្ថានភាព ជីវភាព ឋានៈ តួនាទី របស់ស្រ្តី ព្រមទាំងសុខុមាលភាពសង្គម។

លោក ហេង សំរិន ជាការពិតណាស់ សន្តិភាពពិតមានសារៈសំខាន់ និងមិនអាចខ្វះបាន ហើយវាគឺជាបំណងប្រាថ្នារបស់ទាំងអស់គ្នា ព្រោះបើមានសុខសន្តិភាព គឺមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ និងគ្រប់ទីកន្លែងក៏ជាកាលានុវត្តភាពរបស់ស្រ្តីចូលអភិវឌ្ឍសង្គមជាតិ។ ផ្ទុយទៅវិញ ជម្លោះ និងអំពើហិង្សា គឺជាឧបសគ្គដ៏ចម្បងនៃវឌ្ឍនភាពសេដ្ឋកិច្ចសង្គម ហើយធ្វើឱ្យប៉ះពាល់ដល់សុខុមាលភាពផ្លូវកាយ និងផ្លូវចិត្តបុគ្គលជាពិសេសអំពើហិង្សាលើស្រ្តី និងក្មេងស្រី ដែលជាការរំលោភសិទ្ធិមនុស្ស ហើយផ្តល់ផលប៉ះពាល់អវិជ្ជមានខ្លាំងទៅលើស្ត្រី និងកូនរបស់ពួកគេ។ ជាក់ស្តែង សង្គ្រាមនៅកម្ពុជាយើងដែលបានអូសបន្លាយអស់ជាងបីទសវត្សរ៍ បានបង្កនូវសោកនាដកម្មយ៉ាងជូរចត់ និងបន្សល់ទុកនូវក្តីទុក្ខវេទនា និងការលំបាកដ៏ធ្ងន់ធ្ងរចំពោះស្រ្តីកម្ពុជា ដោយធ្វើឱ្យស្រ្តីជាច្រើនសែននាក់ត្រូវវិនាស ព្រាត់ប្រាសគ្រួសារ សាច់ញាតិ បងប្អូន និងមិត្តភ័ក្រ្ត ហើយបានក្លាយខ្លួនជាស្រ្តីមេម៉ាយ និងរស់ក្នុងសភាពក្រីក្រទុរគត និងភ័យខ្លាចរកអ្វីមកប្រៀបផ្ទឹមពុំបានឡើយ៕

អត្ថបទ៖ សាវឿន





No comments:

Post a Comment