កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីអនុប្រធាន សមាជិក សមាជិកា ក្រុមប្រឹក្សាអ្នកច្បាប់ មេធាវីរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ប្រមាណ១០០នាក់ផងដែរ។
ការរៀបចំកិច្ចប្រជុំនេះឡើង ក្នុងគោលបំណងផ្សព្វផ្សាយនូវលទ្ធផលការងារ ដែលសម្រេចបាននាពេលកន្លងមកក្នុងឆ្នាំ២០១៧ និងបានរកឃើញនូវចំណុចអវិជ្ជមានមួយចំនួន ដែលជាមូលដ្ឋានសម្រាប់កែលម្អ និងដាក់ទិសដៅនាពេលខាងមុខ ក្នុងគោលបំណងចូលរួមចំណែកលើវិស័យប្រព័ន្ធយុត្តិធម៌ ឱ្យបានល្អប្រសើរក្នុងដំណើរការពង្រឹងនីតិរដ្ឋស្របតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល។
គួរបញ្ជាក់ថា ក្រុមប្រឹក្សាអ្នកច្បាប់ជាស្ថាប័នដ៏សំខាន់មួយក្នុងការចូលរួមកសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗទៀត ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការធានាបាននូវសន្តិសុខគតិយុត្ត និងរក្សាបាននូវសណ្តាប់ធ្នាប់សង្គម ស្របតាមគោលការណ៍នីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យសេរីនៅកម្ពុជា៕

No comments:
Post a Comment