Tuesday, March 06, 2018

ថ្នាក់ដឹកនាំជាស្រ្តីនៅខេត្តកំពង់ឆ្នាំង ចុះសួរសុខទុកកងទ័ពថ្មីចំនួន៣០០នាក់ កំពុងហាត់ហ្វឹកហ្វឺនបាញ់គ្រាប់ពិតនៅភ្នំជើងលានស្រុកទឹកផុស

(កំពង់ឆ្នាំង)៖នៅថ្ងៃទី០៥ ខែមិនា ឆ្នាំ២០១៨នេះ ក្នុងនាមស្ត្រីជាថ្នាក់ដឹកនាំ ប្រៀបធៀបដូចជាម្តាយនៅសមរភូមិក្រោយដោយមានសេចក្តីនឹករលឹក និងគិតគូរអំពីកូនៗកំពុងសិក្សារៀនសូត្របច្ចេកទេសយោធា លោកស្រី កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំងលោកស្រីដោក សុទ្ធាប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំប្រតិភូតំណាងអោយនារីនៅក្នុងខេត្ត សហការជាមួយលោកសេនីយទោ ធន ធឿន មេបញ្ជាការរងយោធភូមិភាគពិសេស និងជាមេញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងបានមកចុះសួរសុខទុក្ខសិក្ខាកាមជាកងទ័ពថ្មីចំនួន៣០០នាក់ របស់សាលាហ្វឹកហ្វឺនយោធភូមិភាគពិសេសដែលកំពុងរៀនសូត្រហ្វឹកហាត់បាញ់គ្រាប់ពិត នៅភ្នំជើងលាន ស្ថិតនៅក្នុងភូមិសាស្ត្រភូមិកោះខ្ទុំ ឃុំជៀប ស្រុកទឹកផុស ។
នៅក្នុងឱកាសនេះ លោកស្រី កែ ច័ន្ទមុនី តំណាងអោយលោកស្រីទាំងអស់ជាថ្នាក់ដឹកនាំខេត្ត បានថ្លែងទៅកាន់សិក្ខាកាមជាកងទ័ពថ្មីដែលកំពុងហ្វឹកហាត់បាញ់គ្រាប់ពិតជាក់ស្តែងថា ក្នុងនាមជាកងទ័ពដែលមានតួនាទីការពារជាតិការពារទឹកដី ត្រូវតែខិតខំហ្វឹកហាត់យុទ្ធវិធី បច្ចេកទេស និងយុទ្ធសាស្ត្រប្រយុទ្ធរបស់កងទ័ពអោយបានចេះចាំស្ទាត់ជំនាញ ដូចសុភាសិតមួយឃ្លានិយាយថា កងទ័ពស៊ូបង្ហូរញើសក្នុងទីលានហ្វឹកហាត់ វាប្រសើរជាងការបង្ហូរឈាមនៅក្នុងសមរភូមិ។ ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងក្នុងនាមនារីជាម្តាយនៅក្នុងទិវានារីអន្តរជាតិថ្ងៃនេះ គ្មានអ្វីក្រៅពីការនឹករលឹកចុះមកសួរសុខទុក្ខកូនៗ និងប្អូនៗដល់ទីលានហ្វឹកហាត់ជាក់ស្តែងនេះឡើយ ដើម្បីយកអំណោយតិចតួចមកលើកទឹកចិត្តកូនៗ និងប្អូនៗ និងក៏សូមប្រសិទ្ធពរជ័យអោយប្អូនៗនិងកូនៗទាំងអស់ហ្វឹកហាត់អោយទទួលបានជោគជ័យ ដើម្បីការពារជាតិការពារបូរណភាពទឹកដីអោយបានគង់វង្ស និងបន្តការពាររាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់របស់យើង ដែលប្រសូតឡើងដោយការបោះឆ្នោតគាំទ្ររបស់ប្រជាពលរដ្ឋខ្មែរ។
នៅក្នុងពេលនោះដែរ លោកស្រីជាថ្នាក់ដឹកនាំទាំងអស់ក៏បានផ្តល់អំណោយនូវក្រម៉ាចំនួន៤០០ ទឹកសុទ្ធ១០០កេះ និងថវិកាចំនួន១ពាន់ដុល្លា ផងដែរដល់កងទ័ពជាសិក្ខាកាមទាំង៣០០
នាក់ និងបានបំ ពាក់ក្រម៉ាបង់កដល់កងទ័ពទាំងអស់ផ្ទាល់ដៃ ក្នុងទឹកចិត្តសប្បាយរីករាយនិងស្និតស្នាលក្រៃលែង។
ដោយឡែកលោកឧត្តមនេនីយទោ ធន ធឿន នៅក្នុងពិធីនេះក៏បានផ្តាំផ្ញើរផងដែរដល់សិក្ខាកាមទាំងអស់ត្រូវខិតខំថែទាំសុខភាពអោយបានល្អ និងគោរពអោយបានវិន័យកងទ័ព ក្រមសីលធម៌ និងបទបញ្ជាររបស់មេបញ្ជាការ ដោយខិតខំហ្វឹកហាត់រៀនសូត្រអោយទទួលបានលទ្ធផលល្អប្រសើរ និងក៏ត្រូវតែគោរពអោយបានល្អនូវទំនៀមទំលាប់ប្រពៃណីរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន តាមពាក្យស្លោកនៅអោយប្រជាជនស្រឡាញ់ និងទៅអោយប្រជាជននឹករលឹក ទើបបំពេញភារកិច្ចទទួលបានជោគជ័យ។
នៅក្នុងពេលនេះដែរ លោកមេបញ្ជាការសាលាហ្វឹកហ្វឺនយោធភូមិភាគពិសេសបានអោយដឹងថា កងទ័ពថ្មីជាសិក្ខាកាមដែលត្រូវហ្វឹកហ្វឺនក្នុងវគ្គនេះសរុបមានចំនួន៣០០នាក់ មកពីខេត្តកណ្តាល រាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ ដែលត្រូវហ្វឹកហ្វឺនរៀនសូត្ររយះពេល៤ខែ ហើយមកដល់ពេលនេះរៀនសូត្របាន២ខែហើយ។ ដោយឡែកក្នុងពេលនេះជាវគ្គហ្វឹកហ្វឺនប្រឡងបាញ់គ្រាប់ពិតរយះពេល៧ថ្ងៃ ដោយត្រូវស្នាក់នៅក្នុងព្រៃជើងភ្នំជើងលាននេះតែម្តង។ ក្នុងនាមសិក្ខាកាមទាំងអស់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកជំទាវទាំងអស់ជាថ្នាក់ដឹកនាំខេត្ត ដែលបានយកចិត្តទុកដាក់ចុះមកសួរសុខទុក្ខដោយផ្ទាល់ដល់ទីលានបាញ់គ្រាប់ពិត និងសូមជូនពរដល់ថ្នាក់ដឹកនាំទាំងអស់សូមជួបប្រទះតែនិងសេចក្តីសុខ និងមានជោគជ័យគ្រប់ទួនាទីនិងភារកិច្ចជារៀងរហូត ៕






No comments:

Post a Comment