Tuesday, March 06, 2018

វាគ្មិនអន្តរជាតិ៣៥០នាក់ ចូលរួមក្នុងសន្និសីទអាស៊ានបូកបី និងកិច្ចប្រជុំអន្តរជាតិ នៅខេត្តសៀមរាប

សៀមរាប៖ វាគ្មិនអន្តរជាតិល្បីៗប្រមាណ ៣៥០នាក់ កំពុងចូលរួមចែករំលែកបទពិសោធន៍ក្នុងសន្និសីទអាស៊ានបូកបី ស្តីពីការបកស្រាយបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ ឆ្ពោះទៅកាន់មគ្គុទ្ទេសក៍ប្រកបដោយគុណភាព និងធ្វើឲ្យទេសចរណ៍ពេញចិត្ត នៅសណ្ឋាគារសុខាល័យ ខេត្តសៀមរាប។

ពិធីបើកសន្និសីទនេះធ្វើឡើងនាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ ដោយមានកិច្ចសហការរវាងក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អង្គការ UNESCO សកលវិទ្យាល័យ USC លេខាធិការដ្ឋានអាស៊ាន និងសាកលវិទ្យាល័យរដ្ឋរុស្សីផ្នែកទេសចរណ៍ និងសេវាកម្ម។

គួរបញ្ជាក់ថា ក្រៅពីសន្និសីទខាងលើ ក៏មានកិច្ចប្រជុំពិសេសអាស៊ាន-រុស្សី ស្តីពីការបូកសរុបវគ្គបណ្តុះបណ្តាលភាសារុស្សីសម្រាប់មគ្គុទេស្ទក៍ទេសចរណ៍អាស៊ាន និងការកំណត់ យុទ្ធសាស្រ្តអភិវឌ្ឍន៍ធនធានមនុស្សទេសចរណ៍អាស៊ាន នាពេលអនាគតផងដែរ។

ព្រឹត្តិការណ៍ខាងលើនេះនឹងត្រូវបានចូលរួមដោយប្រតិភូមកពីបណ្តាប្រទេសសមាជិកអាស៊ាន អាស៊ានបូកបី (ចិន ជប៉ុន និងកូរ៉េ) ប្រទេសរុស្សី មជ្ឈមណ្ឌល អាស៊ាន-ចិន អាស៊ាន-ជប៉ុន អាស៊ាន-កូរ៉េ និងអ្នកពាក់ព័ន្ធវិស័យទេសចរណ៍កម្ពុជា រួមជាមួយវាគ្មិនល្បីៗមកពីជុំវិញពិភពលោកប្រមាណ ៣៥០នាក់។

សូមជម្រាបថា នៅឆ្នាំ២០១៧ តំបន់អាស៊ានទទួលបានទេសចរណ៍អន្តរជាតិប្រមាណ ១២៥លាននាក់ ក្នុងនោះជាង ៤២% ជាទេសចរណ៍ក្នុងតំបន់អាស៊ានខ្លួនឯង កើនឡើង ៨,៤% ជាមួយនឹងការទទួលបានប្រាក់ចំណូលចំនួន ៩៣ពាន់លានដុល្លារអាមេរិក។ សម្រាប់ប្រទេសអាស៊ានបូកបី (ចិន ជប៉ុន និងកូរ៉េ) ក្នុងឆ្នាំ២០១៧ ក៏ទទួលបានទេសចរណ៍អន្តរជាតិ ១៧៥លាននាក់ កើនឡើង ៦,៧%៕




No comments:

Post a Comment