អនុសាសន៍ទាំង៤ចំណុចនោះ គឺកម្ពុជាត្រូវខិតខំកសាងមូលដ្ឋានគាំទ្រនានា ដែលធានាដល់ការរីកលូតលាស់នៃវិស័យនេះ រួមមាន៖
១- ការជំរុញកម្លាំងពលកម្មមានជំនាញខ្ពស់៖ កម្ពុជា នឹងយកចិត្តទុកដាក់ខ្ពស់លើកម្មវិធីសិក្សាអប់រំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) និងកម្មវិធីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយជួយគាំទ្រការផ្សាភ្ជាប់គ្នារវាងវិស័យអប់រំ និងសហគ្រាសអាជីវកម្មផងដែរ។ ក្នុងនោះកម្ពុជា ក៏នឹងបង្កើតប្រព័ន្ធទទួលស្គាល់ថ្នាក់ជាតិមួយ សម្រាប់ផ្តល់រង្វាន់ដល់បុគ្គល និងក្រុមនានា ដែលបានចូលរួមចំណែកលើកស្ទួយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
២- ការលើកកម្ពស់បណ្តាញស្រាវជ្រាវ និងអភិវឌ្ឍ និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តមានគុណភាពខ្ពស់៖ កម្ពុជា នឹងបន្តជំរុញយន្តការភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន ដើម្បីជួយទ្រទ្រង់ដល់ការបង្កើតហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសម្រាប់បម្រើឱ្យការស្រាវជ្រាវ និងអភិវឌ្ឍ និងជួយសម្រួលដល់ការផ្ទេរបច្ចេកវិទ្យាផលិតកម្ម និងការចូលទីផ្សាររបស់វិស័យបច្ចេកវិទ្យា។ ក្នុងនោះកម្ពុជានឹងលើកទឹកចិត្តដល់វិស័យឯកជនឱ្យវិនិយោគកាន់តែច្រើនទៅលើការស្រាវជ្រាវ និងអភិវឌ្ឍផលិតផល និងដំណើរការផលិតកម្មបែបថ្មី, លើកទឹកចិត្តដល់កិច្ចសហការ ស្រាវជ្រាវថ្នាក់ជាតិ និងអន្តរជាតិរវាងសហគ្រាសឧស្សាហកម្ម វិទ្យាស្ថានស្រាវជ្រាវ និងសាកលវិទ្យាល័យនានា ដើម្បីញ៉ាំងឱ្យមានការចែករំលែក និងការទទួលបានព័ត៌មាន និងបច្ចេកវិទ្យា និងការចូលក្នុងទីផ្សារ។
៣- ការបន្តពង្រឹងក្របខ័ណ្ឌស្ថាប័ន គោលនយោបាយ និងច្បាប់ដ៏រឹងមាំ៖ កម្ពុជា នឹងពង្រឹងការអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវច្បាប់ស្តីពីកម្មសិទ្ធិបញ្ញា បទប្បញ្ញត្តិពាក់ព័ន្ធ និងការកែលម្អក្របខ័ណ្ឌច្បាប់នានា ដើម្បីលើកទឹកចិត្ត និងជំរុញឱ្យសហគ្រិន និងអ្នកវិទ្យាសាស្ត្រនានា បង្កើត និងដាក់លក់ផលិតផលបច្ចេកវិទ្យា និងសេវាថ្មីៗទៀត កាន់តែច្រើន និងកាន់តែសកម្មផុលផុស។
៤- បំផុសការចូលរួមរបស់សធារណជនក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា៖ ការបំផុសឱ្យមានការយល់ដឹងពីសារៈសំខាន់នៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាទូទៅ តាមរយៈការបណ្តុះបណ្តាលទេពកោសល្យ ចំណេះដឹងអំពីវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដែលនឹងជួយលើកស្ទួយ និងការបង្កើនតម្លៃបន្ថែមខ្ពស់ដល់ការអភិវឌ្ឍន៍វិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានេះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានស្នើឱ្យអង្គសន្និសីទទាំងអស់ធ្វើការរួមគ្នាដើម្បីសម្រេចគោលដៅប្រកប ដោយមហិច្ឆតារបស់យើងក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្លាយជាការពិត និងទប់ស្កាត់ផលអវិជ្ជមាននានាដើម្បីធានាសុខសន្តិភាព ស្ថិរភាព ការអភវិឌ្ឍ និងវិបុលភាពក្នុងប្រទេសកម្ពុជាយើងប្រកបដោយចីរភាព៕

No comments:
Post a Comment