Thursday, March 15, 2018

ខេត្តបាត់ដំបង រៀបចំពិធីអបអរសាទរទីក្រុង​ស្អាត​លើក​ទី​៦ និង​ដង្ហែ​ពាន​ទី​ក្រុង​ទេស​ចរណ៍​ស្អាត​អាស៊ាន​លើក​ទី​១

បាត់ដំបង៖ រដ្ឋបាល​ខេត្ត​បាត់ដំបង​បាន​រៀប​ចំ​ពិធី​អប​អរ​សាទរ​ទិវា​ជាតិ​ទី​ក្រុង​ស្អាត​លើក​ទី​៦ ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ និង​ដង្ហែ​ពាន​ជ័យ​លាភី​ឡា​បែល​ទី​ក្រុង​ទេស​ចរណ៍​ស្អាត​អាស៊ាន ​លើក​ទី​១ និង​ពាន​រង្វាន់​ជ័យ​លា​ភី​ទី​ក្រុង​ស្អាត​ផ្កា​រំដួល​៣​ទង​លើក​ទី២ សម្រាប់​ឆ្នាំ​២០១៨​-​២០២១ និង​ពាន​ជ័យ​លាភី​លេខ​១ “វិញ្ញា​សា​ល្ខោន​អប់​រំ​ថ្នាក់​មធ្យម” ពាន​រង្វាន់​ជ័យ​លាភី​លេខ​២ “វិញ្ញា​សា​របាំ​សហ​សម័យ​ខ្មែរ” របស់​ខេត្តបាត់​ដំបង​ប្រចាំ​ឆ្នាំ​២០១៨។

រសៀស​ថ្ងៃ​ពុធ ១៣​រោច ខែ​ផល្គុន នព្វស័ក ព.ស ២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៨ លោក​ឧប​នាយក​រដ្ឋ​មន្រ្តី ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ពិ​ធី​អប​អរ​សា​ទរ​ទិ​វា​ជាតិ​ទី​ក្រុង​ស្អាត​លើក​ទី៦ ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ក្រោម​ប្រធាន​បទ “ទី​ក្រុង​ស្អាត​ដើម្បី​ទាំង​អស់​គ្នា” និង​អប​អរ​សាទរ​ក្រុង​បាត់ដំបង ទទួល​បាន​ជ័យ​លាភី​ឡាបែល​ទី​ក្រុង​ទេស​ចរណ៍​ស្អាត​អាស៊ាន​លើក​ទី​១ និង​ពាន​រង្វាន់​ជ័យ​លាភី​ទី​ក្រុង​ស្អាត​ផ្កា​រំដួល​៣​ទង​ លើក​ទី​២ សម្រាប់​ឆ្នាំ​២០១៨​-​២០២១ និង​ពាន​ជ័យ​លាភី​លេខ​១ “វិញ្ញា​សា​ល្ខោន​អប់​រំ​ថ្នាក់​មធ្យម” ពាន​រង្វាន់​ជ័យ​លាភី​លេខ​២ “វិញ្ញា​សារ​បាំ​សហ​សម័យ​ខ្មែរ”​ របស់​ខេត្ត​បាត់​ដំបង​ប្រចាំ​ឆ្នាំ​២០១៨ នៅ​បរិ​វេណ​នាគ​សន្តិភាព ក្រុង​បាត់ដំបង។ ក្នុង​ពិធី​នេះ​ក៏​មាន​វត្ត​មាន​អញ្ជើញ​ចូល​រួម​ពី លោក លោក​ស្រី សមាជិកព្រឹទ្ធសភា រដ្ឋសភា សមា​ជិក​រាជ​រដ្ឋា​ភិបាល ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត លោក​អភិបាល​ខេត្ត លោក លោក​ស្រី​ សមា​ជិក​ក្រុម​ប្រឹក្សា​ខេត្ត អភិបាលរងខេត្ត លោក​អភិបាល​ក្រុង មន្ទីរ​អង្គ​ភាព កង​កម្លាំង​ប្រដាប់​អាវុធ មន្ត្រី​រាជ​ការ លោក​គ្រូ អ្នក​គ្រូ បង​ប្អូន​ប្រជា​ពល​រដ្ឋ សិស្សា​នុសិស្ស យុវជន បាន​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ​។

សូមបញ្ជាក់ថាក្រុង​បាត់ដំបង នៃ​ខេត្ត​បាត់ដំបង ធ្លាប់​បាន​ទទួល​ពាន​រង្វាន់​ជ័យ​លាភី​ចំនួន​០៣​លើក​រួច​មក​ហើយ លើក​ទី១ គឺ​ទី​ក្រុង​ជ័យ​លាភី​និរន្តរ​ភាព​បរិស្ថាន​ទី​ក្រុង​អាស៊ាន ដែល​ពិធី​ទទួល​ធ្វើ​នៅ​ទី​ក្រុង​វៀងច័ន្ទ ប្រទេស​ឡាវ (២០១៥ ) លោក​ទី២ គឺ​ទី​ក្រុង​ស្អាត​ជ័យ​លាភី​លេខ​១ ផ្កា​រំដួល​៣​ទង (២០១៥-២០១៨) ដែល​ពិធី​ទទួល​ធ្វើ​នៅ​រាជ​ធា​នី​ភ្នំពេញ ​លើក​ទី៣ គឺ​ជ័យ​លាភី​ទី​ក្រុង​ទេស​ចរណ៍​ស្អាត​អាស៊ាន (២០១៨) នៅ​ទី​ក្រុង​ឈៀងម៉ៃ ប្រទេស​ថៃ និងនេះ​ជា​លើក​ទី​៤ គឺ​ជ័យ​លាភី​ទី​ក្រុង​ស្អាត​ផ្កា​រំដួល​៣ទង (ជា​លើក​ទី​២) (២០១៨-២០២១) ដែល​បាន​ប្រារព្វ​ពិធី​នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ ក្រោម​អធិប​តី​ភាព​ដ៏​ខ្ពង់​ខ្ពស់របស់​លោក ហ៊ុន សែន នា​យក​រដ្ឋ​មន្ត្រី នៃព្រះ​រា​ជា​ណាចក្រ​កម្ពុជា នៅ​សណ្ឋា​គាររ៉េស៊ីដង់​សុខា​ភ្នំពេញ។

ចលនា​ប្រឡង​ប្រណាំង​ទី​ក្រុង​ស្អាត រៀប​ចំ​ឡើង​ក្នុង​គោល​បំណង​លើក​កម្ពស់​សោភ័ណ​ភាព​បរិស្ថាន​អនាម័យ និង​សណ្តាប់​ធ្នាប់​ទី​ក្រុង​-​ខណ្ឌ (២៦​ទីក្រុង​-​១២​ខណ្ឌ នៃ​រាជ​ធានី​ភ្នំពេញ) នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ជា​ពិសេស​ចូល​រួម​ក្នុង​កម្ម​វិធី​នយោ​បាយ និង​យុទ្ធ​សាស្រ្ត​អភិវឌ្ឍ​​នា​​នា​របស់​រាជ​រដ្ឋា​ភិបាល។

ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត រាជ​រដ្ឋា​ភិបាល​នឹង​ផ្តល់​រង្វាន់​ដល់​ទីក្រុង​-​ខណ្ឌ ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​រៀប​ចំ និង​អភិវឌ្ឍន៍​ទី​ក្រុង​ខ្លួន ពិសេស​ថែ​រក្សា​ការ​ពារ​បរិស្ថាន និង​បាន​ជំរុញ​ឲ្យ​តួ​អង្គ​សំខាន់​ៗ​ក្នុង​វិស័យ​ទេសចរណ៍ បង-ប្អូន​ប្រជា​ពល​រដ្ឋ និង​គ្រប់​ភាគី​ពាក់​ព័ន្ធ​បាន​ចូល​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​គ្រប់​គ្រង​បរិស្ថាន​នៅ​តាម​បណ្តា​ទី​ក្រុង។

ទីក្រុង-ខណ្ឌបេក្ខភាព​ដែល​បំពេញ​បានតាម​សូចនាករ និង​លក្ខណ​វិនិច្ឆ័យ ដែល​បាន​ចែង​ក្នុង​ស្តង់ដា​ទី​ក្រុង​ស្អាត នឹង​ទទួល​ពាន​រង្វាន់ និង​ស្លាក​សញ្ញា​ទីក្រុង​ស្អាត ដែល​មាន​ឡាបែល​រូប​ផ្កា​រំដួល​សម្រាប់​រយៈ​ពេល ០៣​ឆ្នាំ​។ ពាន​រង្វាន់ និង​ស្លាក​សញ្ញា​ទី​ក្រុង​ស្អាត ដែល​នឹង​ទទួល​បាន​ជា​អនុគមន៍​នឹង​ពិន្ទុ ដូច​ខាង​ក្រោម៖

១-ឡាបិលរូបផ្ការំដួល ០៣ ទង ត្រូវប្រគល់ជូនទីក្រុង​-​ខណ្ឌ ដែល​បាន​ពិន្ទុ​ចន្លោះ​ពី ៥៨ ទៅ ៧៧ នៃ​លក្ខណ​វិនិច្ឆ័យ (យ៉ាង​ហោច​ណាស់​ស្មើ​នឹង ៧៥% នៃ​ពិន្ទុ​សរុប)។

២-ឡាបិលរូបផ្ការំដួល ០២ទង ត្រូវប្រគល់ជូនទីក្រុង​-​ខណ្ឌដែលបានពិន្ទុចន្លោះពី ៤៦ ទៅ ៥៧ នៃលក្ខណវិនិច្ឆ័យ (យ៉ាងហោច​ណាស់​ស្មើ​នឹង ៦០% នៃ​ពិន្ទុ​សរុប)។

៣-ឡាបិលរូបផ្ការំដួល ០១ទង ត្រូវប្រគល់ជូនទីក្រុង​-​ខណ្ឌ ដែល​បាន​ពិន្ទុ​ចន្លោះ​ពី ៣១ ទៅ​ ៤៥ នៃលក្ខណ​វិនិច្ឆ័យ (យ៉ាង​ហោច​ណាស់​ស្មើ​នឹង ៤០% នៃ​ពិន្ទុ​សរុប)។

មូលដ្ឋាននៃការវាយតម្លៃផ្អែកលើសូចនាករគោលសំខាន់ៗចំនួន០៧ (ប្រាំពីរ) ដូចជា ៖
១) សូចនាករ​គោល​នៃ​កា​ររៀប​ចំ និង​គ្រប់​គ្រង​បរិស្ថាន
២) សូចនាករគោលនៃភាពស្អាត
៣) សូចនាករគោលនៃការគ្រប់គ្រងសំណល់
៤) សូចនាករគោល នៃការបញ្រ្ជាបការយល់ដឹង
៥) សូចនាករគោលនៃតំបន់បៃតង
៦) សូចនាករគោលនៃសុវត្ថិភាព សុខាភិបាល សន្តិសុខ និងសណ្តាប់- ធ្នាប់ទីក្រុង និង
៧) សូចនាករគោលនៃហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទេសចរណ៍

ដែល​ត្រូវ​​បាន​បែង​ចែក​ជា​សូចនាករ​លម្អិត​ចំនួន​៣៣ និង​ត្រូវ​បាន​ដាក់​ពិន្ទុ​តាម​លក្ខណ​វិនិច្ឆ័យ ចំនួន​៧៧ សម្រាប់​ធ្វើ​ការ​វាយ​តម្លៃ និង​សម្រេច​ផ្តល់​ជ័យ​លាភី​ជូន​ទីក្រុង​-​ខណ្ឌ​បេក្ខ​ភាព៕







No comments:

Post a Comment