លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសង្កត់ធ្ងន់ថា កិច្ចការនេះ ត្រូវប្រើពេលច្រើនណាស់ ហើយយើងកំពុងដើរលើមាគ៌ាត្រឹមត្រូវហើយ ដោយកម្ពុជាបានបង្កើតក្រុមប្រឹក្សាជាតិវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ក្នុងឆ្នាំ២០១៤កន្លងទៅនឹងការអនុម័តផែនការ មេស្តីពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាតិកម្ពុជាឆ្នាំ២០១៤-២០២០។ បច្ចុប្បន្ននេះក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា កំពុងធ្វើការយ៉ាងសកម្មក្នុងការរៀបចំតាក់តែងគោលនយោបាយសម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយរួមសហការជាមួយក្រសួងស្ថាប័ន និងអ្នកពាក់ព័ន្ធផ្សេងទៀត។ ក្នុងនោះយើងក៏បានគិតគូរឱ្យក្រសួងអប់រំ យុវជន និងកីឡា សកម្មលើកកម្ពស់វិស័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដែលហៅថា STEM ចាប់តាំងពីបឋមរហូតដល់កម្រិតក្រោយមធ្យមសិក្សា។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តបង្កើនចំណាយលើការស្រាវជ្រាវ និងអភិវឌ្ឍឱ្យដល់ ០.២ភាគរយ នៃផលិតផលក្នុងស្រុកនៅឆ្នាំ២០២០ ដល់ ១ភាគរយនៅឆ្នាំ២០២៥ និងដល់ ១.៥ភាគរយនៅឆ្នាំ២០៣០។ ក្នុងនោះកម្ពុជាក៏នឹងយកចិត្តទុកដាក់អំពីអ្នកស្រាវជ្រាវ ខណៈចំនួនអ្នកស្រាវជ្រាវនៅកម្ពុជាគិតក្នុងប្រជាជន១លាននាក់ នៅឆ្នាំ២០១៥ មានប្រមាណ ៥០នាក់ បើគិតតាមចំនួនអ្នកស្រាវជ្រាវ និងប្រមាណ ៣០នាក់ បើគិតជាចំនួនអ្នកស្រាវជ្រាវធ្វើការពេញម៉ោង ហើយកម្ពុជាមានគោលដៅ បង្កើនចំនួនអ្នកស្រាវជ្រាវពេញម៉ោងឱ្យដល់ ២០០០នាក់ នៅឆ្នាំ២០៣០៕

No comments:
Post a Comment