Thursday, March 15, 2018

តុលាការកំពូល កាត់ទោសលោក សម រង្ស៊ី ឱ្យជាប់ពន្ធនាគារ១ឆ្នាំ៨ខែ ពិន័យប្រាក់១០លានរៀល ករណីបរិហារកេរ្តិ៍ និងញុះញង់លើ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

ក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល បានសម្រេចតម្កល់ សេចក្តីសម្រេចរបស់សាលាឧទ្ធ​រណ៍ ទុកជាបានការដដែល ចំពោះករណីបរិហារកេរ្តិ៍ និងញុះញង់លើ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថាជាអ្នកនៅពីក្រោយឃាតកម្មសម្លាប់លោកបណ្ឌិត កែម ឡី ដោយគ្មានមូលដ្ឋាន។ សាលដីកាចុងក្រោយនេះ គឺបានចូលជាស្ថាពរហើយ មិនឱ្យមានការតវ៉ាទៀតទេ។ នេះបើតាមការអះអាងរបស់ លោក គី តិច មេធាវីរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨។

ចំពោះសំណុំរឿងមួយនេះ សាលាឧទ្ធរណ៍ កាលពីថ្ងៃទី​១១​ ខែ​សីហា​ ឆ្នាំ២០១៧ បានចេញសាលដីកាផ្តន្ទាទោស លោក សម រង្ស៊ី ឱ្យជាប់ពន្ធនាគារ១ឆ្នាំ៨ខែ និងពិន័យជាប្រាក់ចំនួន ១០លានរៀល ដាក់ចូលជាថវិការដ្ឋ ព្រមទាំងបង្គាប់ឱ្យទណ្ឌិតរូបនេះ សងសំណងជំងឺចិត្តចំនួន១០០រៀល ជូនដើមបណ្តឹងរដ្ឋប្បវេណី។ លោក គី តិច បានបញ្ជាក់ថា សាលដីកាជនជាប់ចោទ សម រង្ស៊ីនេះ ត្រូវបានចូលជាស្ថាពរ រួមជាមួយនឹងសាលដីការបស់ជនជាប់ចោទ ថាក់ ឡានី ដែរហើយសុទ្ធតែអាចអនុវត្តបាន។

សូមបញ្ជាក់ថា លោក​ សម​ រង្ស៊ី​ ត្រូវបានតុលាការ​ចោទ​​ប្រកាន់ពីបទបរិហារកេរ្តិ៍​ជា​សាធារណៈ​ និង​បទ​ញុះញង់​ឱ្យប្រព្រឹត្ត​អំពើបង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ ដល់​សន្តិសុខ​សង្គម​ តាម​មា​ត្រា​៣០៥​,​ មាត្រា​៤៩៤​ និង​មាត្រា​៤៩៥​ នៃ​ក្រម​ព្រហ្មទណ្ឌ​ បន្ទាប់ពីកេងចំណេញករណីឃាតកម្មលើលោកបណ្ឌិត កែម ឡី មកធ្វើជានយោបាយវាយប្រហារលើរាជរដ្ឋាភិបាល៕


No comments:

Post a Comment