Thursday, March 15, 2018

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សង្កត់ធ្ងន់ថា ជាមួយនឹងការរីកលូតលាស់ បច្ចេកវិទ្យាក៏អាចនាំមកនូវផលវិបាកដែលចៀសមិនរួចទៅលើបញ្ហាមនុស្សជាច្រើន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា បញ្ហាដែលអាចចោទឡើងចំពោះបច្ចេកវិទ្យានោះ មិនមែនគ្រាន់តែសប្បាយជាមួយការរីកលូតលាស់ទាក់ទងនឹងបច្ចេកវិទ្យានោះទេ ក៏ប៉ុន្តែបច្ចេកវិទ្យានោះក៏អាចនាំមកនូវផលវិបាកដែលចៀសមិនរួចទៅលើបញ្ហាមនុស្សជាច្រើនដែលត្រូវកាត់បញ្ចេញពីបណ្តាក្រុមហ៊ុន​ដែលមានបច្ចេកវិទ្យាខ្ពស់ តើពួកគេរស់ដោយសារអ្វីទៀត? ពួកគេត្រូវការការធានារ៉ាប់រងរបៀបណាដើម្បីបានការងារធ្វើ?។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃ ព្រហ​ស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញជាអធិបតីនៅក្នុងសន្និសីទ ចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០១៨ ក្រោមប្រធានបទ «វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា សម្រាប់ឧស្សាហូបនីយកម្ម កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ប្រទេសកម្ពុជា» (2018 Cambodia Outlook Conference – Science and Technology for Industrialization, Economic growth and Development in Cambodia) នៅសណ្ឋាគារ Sofitel រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ឥឡូវនេះបច្ចេកវិទ្យាគឺជឿនលឿនហើយ គឺច្បាស់ជាជួយជំរុញដល់កំណើនសេដ្ឋកិច្ចនៃការលូតលាស់នៃប្រទេសនានា ក៏ប៉ុន្តែបញ្ហាត្រូវគិតឱ្យច្បាស់នៅត្រង់ចំ​ណុចនេះថា បើមនុស្សយន្តធ្វើការជំនួសមនុស្សទៅហើយ តើមនុស្សមានការងារធ្វើពីណាទៀត។ នោះហើយជាបញ្ហាសង្គមដែលវានឹងកើតនៅក្នុងសម័យបដិវត្តន៍ឧស្សាហកម្មទី៤ វានឹងលេចចេញនូវបញ្ហានេះ។ នេះមិនមែនជាបញ្ហាដាច់ដោយឡែកនោះទេ តែវាជាបញ្ហាប្រឈមមួយ នៅក្នុងបញ្ហាដែលយើងហៅថា សំណាញ់សុវត្ថិភាពសង្គម។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ឥឡូវនេះ សម្រាប់ឧស្សាហកម្មនៅកម្ពុជា គឺកំពុងតែដំណើរការឧស្សាហកម្មអតិពលកម្ម ស្របពេលដែលកម្ពុជាដាក់ចេញនូវគោលន​យោបាយឧស្សាហកម្ម ២០១៥-២០២៥ ដែលមានទិសដៅទាញយកឧស្សាហកម្មដែលមានការកែច្នៃនិងមានតម្លៃបន្ថែម និងឧស្សាហកម្មដែលមានកម្រិតបច្ចេកវិទ្យាខ្ពស់។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្តថា នៅពេលដែលកម្ពុជាឈានដល់ចំណុចនោះហើយ ចំណុចដែលយើងត្រូវគិតគូរជាមុនអំពីវិធានការទាំងឡាយដើម្បីធានាថា ពលរដ្ឋដែលបានបាត់បង់ការងារធ្វើដោយសារតែបច្ចេកវិទ្យាជឿនលឿននេះ នឹងមិនត្រូវបានដាក់ឱ្យនៅក្រៅដំណើរការនៃការរីកលូតលាស់នៃសង្គមនោះទេ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា និន្នាការសាកលកំពុងផ្លាស់ប្តូរយ៉ាងលឿន ហើយស្ថានភាពវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ទាំងបច្ចេកវិទ្យានាំចូល ការអភិវឌ្ឍន៍បច្ចេកវិទ្យាក្នុងស្រុក និងការចាប់យក បច្ចេកវិទ្យារបស់ប្រជាជនកម្ពុជា កំពុងមានសន្ទុះកើនឡើង និងកំពុងចាក់ឫសជ្រៅបន្តិចម្តងៗនៅក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម ស្របគ្នាទៅនឹងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកិច្ចកម្ពុជាផងដែរ៕









No comments:

Post a Comment