Thursday, March 15, 2018

សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ អគ្គលេខាធិការដ្ឋានរដ្ឋសភាបានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា។

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបើកកិច្ចប្រជុំក្រោមអធិបតីភាព លោក ហេង សំរិន ប្រធានរដ្ឋសភា។ អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តតាមរបៀបវារៈ ដោយមានលទ្ធផលដូចខាងក្រោម៖
១- អង្គប្រជុំបានអនុម័តយល់ព្រម សំណើសុំជ្រើសតំាងសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៤ ចំនួន០២រូបដោយរដ្ឋសភានីតិកាលទី៥ ដោយបានប្រគល់ភារកិច្ចដល់អគ្គលេខាធិការដ្ឋានរដ្ឋសភាធ្វើសេចក្តីជូនដំណឹងប្រកាសជ្រើសរើសឥស្សរជនបេក្ខជន ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។
២- អង្គប្រជុំបានអនុម័តយល់ព្រមបញ្ចូលក្នុងរបៀបវារៈនៃសម័យប្រជុំរដ្ឋសភាលើកទី១០ នីតិកាលទី៥ នូវសេចក្តីព្រាងច្បាប់ស្តីពី អាជ្ញាបណ្ណបញ្ជាសម្រាប់សុខភាពសាធារណៈ។
៣-អង្គប្រជុំបានអនុម័ត លើរបាយការណ៍ស្តីពីសកម្មភាពរបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៩ និងលើកទី១០ នីតិកាលទី៥ ដោយបានប្រគល់ភារកិច្ចជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា ពិនិត្យបញ្ចូលបន្ថែមទៀតនូវសកម្មភាពរបស់រដ្ឋសភា រហូតដល់ថ្ងៃបើកសម័យប្រជុំរដ្ឋសភាលើកទី១០ នីតិកាលទី៥ នាពេលខាងមុខ៕



No comments:

Post a Comment