លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សាលាពុទ្ធិក, សាលានិច្ចភត្ត កុដិ និងសមិទ្ធផលនានា ក្នុងវត្តភូមិថ្មី ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល និងស្រង់សុគន្ធវារីប្រគេនព្រះចៅអធិការវត្ត។
ប្រមុខរដ្ឋស្តីទី បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះ ទឹកព្រះទ័យរបស់ព្រះគ្រូចៅអធិការ ព្រះថេរានុថេរៈគ្រប់ព្រះអង្គនៃវត្តភូមិថ្មី ព្រមទាំងទឹកចិត្តរបស់លោកអាចារ្យ គណៈកម្មការវត្ត និងពុទ្ធបរិស័ទ ចំណុះជើងវត្ត ទាំងជិត ទាំងឆ្ងាយ និងទាំងក្នុង និងទាំងក្រៅប្រទេស ដែលបានបរិច្ចាគកម្លាំងកាយចិត្ត និងធនធានផ្ទាល់ខ្លួនប្រកបដោយសទ្ធាជ្រះថ្លា ចូលរួមស្តារកសាងវត្តរហូតមានការរីកចម្រើនដូចសព្វថ្ងៃនេះ ជាពិសេសសមិទ្ធផលថ្មីៗ ចំនួន១១ ដែលបានដាក់សម្ពោធឱ្យប្រើប្រាស់នាពេលនេះ។
លោក សាយ ឈុំ ក៏បានជម្រាបជូនអង្គពិធីថា កន្លងមកនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រទេសជាតិយើងបានថែរក្សាយ៉ាងគត់មត់នូវឯករាជ្យភាព អធិបតេយ្យភាព បូរណភាពដែនដី រក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ និងសណ្តាប់ ធ្នាប់សាធារណៈ ព្រមទាំងបន្តអភិវឌ្ឍប្រទេសជាតិទទួលបានការរីកចម្រើនប្រកបដោយចីរភាព៕

No comments:
Post a Comment