Thursday, March 15, 2018

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា វិស័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ជាចំណែកសំខាន់ ផ្សាភ្ជាប់យ៉ាងជិតស្និទជាមួយ យុទ្ធសាស្រ្តកំណើនថ្មី និងចក្ខុវិស័យរយៈពេលវែងរបស់កម្ពុជា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ក្នុងពេលអនាគត លោកអាចមើលឃើញពីមធ្យោបាយគាំទ្រជាច្រើនចំពោះការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជា ហើយក្នុងនោះវិទ្យាសា​ស្រ្តនិងបច្ចេកវិទ្យា ជាចំណែកសំខាន់មួយដែលមានការផ្សាភ្ជាប់យ៉ាងជិតស្និទជាមួយ យុទ្ធសាស្រ្តកំណើនថ្មី និងចក្ខុវិស័យរយៈពេលវែងរបស់កម្ពុជា។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃ ព្រហ​ស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញជាអធិបតីនៅក្នុងសន្និសីទ ចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០១៨ ក្រោមប្រធានបទ «វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា សម្រាប់ឧស្សាហូបនីយកម្ម កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសកម្ពុជា» (2018 Cambodia Outlook Conference – Science and Technology for Industrialization, Economic growth and Development in Cambodia) នៅសណ្ឋាគារ Sofitel រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងនូវការកោតសរសើរដល់វិទ្យាស្ថានបណ្តុះបណ្តាលនិងស្រាវជ្រាវអភិវឌ្ឍកម្ពុជា និងធនាគារ ANZ Royal ដែលបានបន្តការផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍នេះឡើងដើម្បីពិនិត្យពីសមិទ្ធផល បញ្ហាប្រឈមផ្សេងៗ និងវិធីសាស្រ្តដែលយើងអាចធ្វើការជាមួយគ្នាឈានទៅដោះស្រាយបញ្ហាប្រឈម និងការផ្លាស់ប្តូរមតិគ្នាអំពីអនា​គតនៃប្រទេសកម្ពុជាដើម្បីបានជាប្រយោជន៍ដល់ប្រជាជាតិយើង។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ប្រធានបទសន្និសីទនាថ្ងៃនេះ ពិតជាមានសារៈសំខាន់សម្រាប់កម្ពុជា យកមកគិតគូរបន្ថែមទៀត អំពីការបង្កើតមូលដ្ឋានគាំទ្រ ដល់ការរីកលូតលាស់ក្នុងរយៈពេលវែងខណៈដែលកម្ពុជាបានប្រឹងប្រែងកសាងសមត្ថភាពស្ថាប័ន ការធ្វើទំនើបកម្មមូលដ្ឋានសម្ភារៈបច្ចេកទេស ការពង្រឹងសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ព្រមទាំងជំរុញការសាងសង់ និងបង្កើតប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធឆ្អឹងខ្នងសម្រាប់វិស័យបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ ពិសេសឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឱ្យក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្តថា ជាការពិតចរន្តនៃការរីកចម្រើននៃសេដ្ឋកិច្ច វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាក្នុងសាកលលោក គឺជាកត្តាកំណត់មួយក្នុងពេលអនាគត ពិសេសក្នុងបរិការបដិវត្តន៍ឧស្សាហកម្ម ៤.០ ដែលក្នុងនោះ ការរីកចម្រើនផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នឹងមានសន្ទុះខ្លាំងក្នុងរង្វង់បួនផ្នែក រួមមាន៖ ផ្នែកឌីជីថល ផ្នែកជីវៈវិទ្យាបច្ចេកវិទ្យា ផ្នែកសម្ភារៈរូបធាតុ និងផ្នែកថាមពល។  ជាងនេះទៅទៀត បន្សំនៃផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាទាំងបួនផ្នែក នឹងជំរុញល្បឿននិងជម្រៅនៃស្វ័យប្រវត្តិកម្ម និងការផ្លាស់ប្តូរក្នុងវិសាលភាពមួយដែលមិនធ្លាប់មានពីមុនមក និងគ្រប់ទិដ្ឋភាពទាំងអស់នៃជីវភាពរស់នៅរបស់មនុស្ស៕






No comments:

Post a Comment