Monday, March 16, 2020

លោកស្រី ម៉ែន សំអន ផ្តល់អនុសាសន៍សំខាន់ៗក្នុងពិធីកាត់ឬសសីមា និងសម្ពោធសមិទ្ធិផលនៅក្នុងវត្តពោធិ៍ឧត្តម

ស្វាយរៀង៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចតំណាងលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីក្នុងពិធីកាត់ឬសសីមា និងសម្ពោធសមិទ្ធិផលនៅក្នុងវត្តពោធិ៍ឧត្តម (ហៅវត្តអណ្តូងត្របែក) ស្ថិតក្នុងភូមិអណ្តូងត្របែក ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង ដែលមានប្រជាពលរដ្ឋចូលរួមប្រមាណ ១០០០នាក់។
ក្នុងឱកាសនោះ លោកស្រី ម៉ែន សំអន បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងពាំនាំនូវការផ្តាំផ្ញើពីសំណាក់លោក សាយ ឈុំ និងលោកស្រី អ៊ូ សាន នូវការសាកសួរសុខទុក និងសេចក្តីនឹករលឹកចំពោះបងប្អូនទាំងអស់គ្នាដែលមានវត្តមាននាថ្ងៃនេះ។
ជាមួយគ្នានោះលោកស្រី ក៏បានថ្លែងអំណរព្រះគុណចំពោះ ព្រះមុន្នីចន្ទធម្មោ នេត សែម ព្រះចៅអធិការវត្តពោធិ៍ឧត្តម និងអតីតគណៈកម្មការ និងព្រះចៅអធិការវត្តគ្រប់ជំនាន់ លោក សាយ ឈុំ និងលោកស្រី អ៊ូ សាន (លោក និងលោកស្រី គឺជាអ្នកផ្តើមបុណ្យ) ព្រមទាំងសប្បុរសជនជាច្រើនទៀត រួមជាមួយ នឹងថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ និងអង្គភាពជុំវិញខេត្តស្វាយរៀង ដែលបានរួមសាមគ្គីគ្នាដោយបានចលនាគៀងគរថវិកាមកកសាងព្រះវិហារ ដងទង់ សាលាបាលី វច្ចកុដ្ឋ និងចាក់ដីបំពេញក្នុងវត្ត ដែលបានចំណាយអស់ថវិកា ៣៥០.០០០$ ដូចដែលយើងទាំងអស់ គ្នាបាននឹងកំពុងរៀបចំពិធីនាពេលនេះ។
លោកស្រីបន្តថា ប្រមុខរាជរដ្ឋាភិបាល ក៏បានគិតគូរប្រាក់ខែដល់កម្មករ-កម្មការិនីរោងចក្រ ដែលជាប់គាំងពុំមានដំណើរការក្នុងអំឡុងពេលវត្ថុធាតុដើមផ្គត់ផ្គង់មិនទាន់ នៅពេលដែលមានការវាយលុកពី វីរុសកូរូណា COVID-19 នេះ គឺរដ្ឋាភិបាលបានចេញ២០ភាគរយ ចំណែកឯម្ចាស់រោងចក្របានចេញ៤០ភាគរយរួមជាមួយនឹងការទទួលបាននូវការបណ្តុះបណ្តាលជំនាញពីមន្ទីរការងារខេត្តស្វាយរៀងផងដែរ។

ជាមួយគ្នានោះ លោកស្រី ម៉ែន សំអន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនូវចំណុចសំខាន់មួយចំនួនដូចខាងក្រោម៖
១- ការចេះការពារខ្លួន ការធ្វើអនាម័យជាប្រចាំ គឺជាជម្រើសដែលល្អបំផុត ដែលការញរខ្លួនបានពីជំងឺគ្រប់ប្រភេទ រួមទាំងជម្ងឺ COVID-19 ផងដែរ ខណៈពេលដែល១៤៤ប្រទេស នៅលើពិភពលោកកំពុងតែជួបនឹងបញ្ហាដោយសារការឆ្លងរាលដាលវីរ៉ុសកូរ៉ូណា ឬ COVID-19 នេះ ដែលមានអ្នកបានឆ្លងដល់ទៅជិត ១៦ម៉ឺននាក់ និងមានអ្នកស្លាប់ដល់ទៅជាង ៦ពាន់នាក់។
២- ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ ដោយរក្សាឲ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ពង្រឹងនូវភូមិ-ឃុំ មានសុវត្ថិភាពនៅមូលដ្ឋាន និងរួមគ្នាថែរក្សានូវសមិទ្ធិផលនានារបស់រាជរដ្ឋាភិបាល ដែលបានផ្តល់ជូន ឱ្យបានគង់វង្សសម្រាប់ទុកដល់កូនចៅជំនាន់ក្រោយៗទៀត។
៣- មន្ទីរសុខាភិបាលខេត្តស្វាយរៀង ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងការផ្តល់សេវាអប់រំសុខភាព ការបង្ការជំងឺ និងផ្តល់សេវាសុខាភិបាលជូនប្រជាជនតាមមូលដ្ឋាន ក្នុងដែនសមត្ថកិច្ចរៀងៗខ្លួនឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
៤- ដោយសារតែការកើនឡើងនៃកម្តៅផែនដី និងបាតុភូតធម្មជាតិនានា ដែលអាចកើតឡើងជាយថាហេតុ លោកស្រីស្នើឲ្យបងប្អូនទាំងអស់គ្នាត្រូវថែរក្សាទឹកទុកឲ្យបានល្អសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ៕







No comments:

Post a Comment