Monday, March 16, 2020

ពិធីបើកសមយុទ្ធនាគមាសរវាងកម្ពុជា-ចិន ក្រោមប្រធានបទ «រួមគ្នាប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌»

សមយុទ្ធយោធារវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ដែលបានរៀបចំធ្វើឡើងនៅរៀងរាល់១ឆ្នាំម្តង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អ រវាងខ.ភ.ម ជាមួយកងទ័ពរំដោះប្រជាជនចិន ដើម្បីផ្លាស់ប្តូរបទពិសោធន៍នៃការធ្វើសមយុទ្ធរួមគ្នាលើកិច្ចការមនុស្សធម៌ ការជួយសង្គ្រោះគ្រោះមហន្តរាយ ការប្រឆាំងភារវកម្ម ការរក្សាសន្តិភាព ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ និងគ្រប់ប្រភេទទ័ព ស្របតាមកិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារជាតិ នៃប្រទេសទាំងពីរ ដែលមានឈ្មោះថា៖ (សមយុទ្ធនាគមាស២០២០) លើប្រធានបទ៖ (រួមគ្នាប្រឆាំងភារវកម្ម និងការងារមនុស្សធ៌ម) បានចាប់ផ្តើមបើកប្រតិបត្តិការរបស់ខ្លួនហើយនៅលើទីលានបាញ់គ្រាប់ពិត តេជោសែនជុំគីរី របស់កងពលតូចលេខ៧០ ស្ថិតក្នុងភូមិសាស្ត្រតំបន់វាលចំបក់ ប្រជុំជួរភ្នំព្រះ ក្នុងភូមិអូរ ឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត កាលពីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០នេះ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃ ខ.ភ.ម និងលោក វ៉ាង វិន ធៀន (WANG WEN TIAN) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា រួមជាមួយថ្នាក់ដឹកនាំក្នុងក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃខ.ភ.ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសមយុទ្ធនាគមាសឆ្នាំ២០២០ លើកទី៤នេះ។
បើតាមសេចក្តីរាយការណ៍របស់ឧត្តមសេនីយ៍ទោ ប៉ែន សុក្រិត្យវិទ្យា នាយលេខាធិការរដ្ឋានសេនាធិការចម្រុះ និងជាប្រធានក្រុមការងារដឹកនាំសមយុទ្ធនាគមាស២០២០ ភាគីកម្ពុជា និងលោកវរសេនីយ៍ឯកពិសេស ចាង ធី រិន (Zhang Ti Ren) ប្រធានក្រុមការងារដឹកនាំសមយុទ្ធនាគមាស ២០២០ ភាគីកងទ័ពរំដោះប្រជាជនចិន បានគូសបញ្ជាក់ថា៖ សមយុទ្ធនាគមាស២០២០ ដែលបើកប្រតិបត្តិការនៅថ្ងៃនេះ មានរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី១៥ ខែមីនា ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ដោយមានការចូលរួមពីកងទ័ពកម្ពុជា-ចិន សរុបជាង៣ពាន់នាក់ អមដោយអាវុធយុទ្ធភណ្ឌធន់ធ្ងន់ រថក្រោះ រថពាសដែក ឧត្ថម្ភាកចក្រ រួមជាមួយនឹងកាំភ្លើងស្វ័យប្រវត្តិ ឧបករណ៍សម្រាប់ស៊ើបការណ៍, ឧបករណ៍សម្រាប់ដោះមីន, និងឧបករណ៍សម្រាប់បន្សាបសារធាតុគីមីជាច្រើនទៀត។ អ្វីជាការកត់សំគាល់ សមយុទ្ធកម្ពុជា-ចិន ឆ្នាំ២០២០នេះ បានធ្វើឡើងក្នុងទ្រង់ទ្រាយធំជាងបណ្ដាឆ្នាំមុនៗ ក្រោមប្រធានបទ «រួមគ្នាប្រឆាំងភេរវកម្ម និង ការងារមនុស្សធម៌»។
ក្នុងសន្និសីទសារព័ត៌មានមួយ នៅឯអគ្គបញ្ជាការដ្ឋាននាទីក្រុងភ្នំពេញ កាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៍បានថ្លែងប្រាប់អ្នកសារព័ត៌មានមុនពិធីបើកជាផ្លូវការ នូវសមយុទ្ធនាគមាសឆ្នាំ២០២០ រវាងកងទ័ពកម្ពុជា និងកងទ័ពចិនដែរថា៖ ការធ្វើសមយុទ្ធនាគមាសឆ្នាំ២០២០នេះ គឺដើម្បីវាស់ស្ទុងសមត្ថភាព គុណភាពកងទ័ពប្រទេសទាំងពីរ កម្ពុជា-ចិន ក្នុងន័យមួយ ដើម្បីបង្កើនសមត្ថភាព គុណភាពដល់កងទ័ពកម្ពុជា ហើយសមយុទ្ធនេះ នឹងធ្វើឲ្យកងទ័ពកម្ពុជា ចំណេញច្រើន ដោយទទួលបានបទពិសោធន៍ជាច្រើន ពីខាងភាគីកងទ័ពរំដោះប្រជាជនចិន ទាក់ទងនឹងការប្រឆាំងអំពើភេរវកម្ម ការសង្គ្រោះគ្រោះមហន្តរាយ និងរបៀងវារៈជាច្រើនទៀត។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៍បានថ្លែងយ៉ាងដូច្នេះថា៖ «ការធ្វើសមយុទ្ធនាគមាសនេះ គឺមិនមែនជាការគំរាមកំហែងដល់ប្រទេសណាមួយ ឬបុគ្គលណាឡើយ ខណៈដែលប្រទេសជិតខាង ក៏មានការធ្វើសមយុទ្ធដែរ ដូចជាការធ្វើរវាងអាមេរិក-ថៃជាដើម»។ នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា៖ សមយុទ្ធនាគមាស២០២០នេះ នឹងធ្វើឡើងជារៀងរាល់ឆ្នាំ និងមានលក្ខណៈទ្រង់ទ្រាយកាន់តែធំទៅៗ ជាបន្តបន្ទាប់ ចំពោះសម្ភារ:យោធា ដែលកំពុងដាក់តាំង នៅទីលានសមយុទ្ធនាគមាសឆ្នាំ២០២០នេះ មានឧទ្ធម្ភាគចក្ររបស់កងទ័ពចិនចំនួន៦គ្រឿង កាំភ្លើងធំ ១២២ ម.ម ដេកា៣០ចល័ត ចំនួន៣គ្រឿង រថពាសដែក ចំនួន៩គ្រឿង រួមជាមួយគ្រឿងយន្តដទៃទៀត សម្រាប់បម្រើឱ្យសកម្មភាពសមយុទ្ធនាគមាស ២០២០នេះ ចំនួន២៨គ្រឿង ព្រមទាំងសព្វាវុធ និងឧបករណ៍ជាច្រើនទៀត ដើម្បីធ្វើការបាញ់រួមគ្នា។
លោក វ៉ាង វិន ធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានចាត់ទុកលំហាត់សមយុទ្ធនាគមាស ឆ្នាំ២០២០នេះ គឺជាយុទ្ធការជាក់ស្តែងមួយ ក្នុងការអនុវត្តន៍កិច្ចព្រមព្រៀង របស់ថ្នាក់ដឹកនាំកងទ័ពប្រទេសទាំងពីរ ក្នុងការជំរុញឱ្យកាន់តែស៊ីជម្រៅថែមទៀត នៃកិច្ចសហប្រតិបត្តិការលើវិស័យយោធា និងចូលរួមជំរុញលើកម្ពស់សមត្ថភាព នៃប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនឆ្ពោះទៅមុខបន្ថែមទៀត។
ថ្លែងក្នុងពិធីបើកប្រតិបត្តិការសមយុទ្ធនាគមាស កម្ពុជា-ចិន ឆ្នាំ២០២០ នាឱកាសនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ថា នេះជាលើកទី៤ហើយ ដែលកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន បានធ្វើសមយុទ្ធរួមគ្នា ដែលសមយុទ្ធនីមួយៗសុទ្ធតែបានឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការ ការលើកកម្ពស់ចំណងសាមគ្គីភាព មិត្តភាព ក៏ដូចជាការបណ្តុះបណ្តាលចំណេះដឹង ការផ្លាស់ប្តូរបទពិសោធន៍ ជាពិសេសការធ្វើឱ្យប្រសើរឡើង នូវសមត្ថភាពកងទ័ពប្រទេសទាំងពីរ ក្នុងកិច្ចសហប្រតិបត្តិការ ការចេះសម្របសម្រួលរស់នៅ និងចេះធ្វើការរួមជាមួយជាតិសាសន៍ជាច្រើនទៀត។ ទន្ទឹមនេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានឲ្យដឹងទៀតថា កម្ពុជា និងចិន រៀបចំសមយុទ្ធនេះ ក៏មិនមែនជាការគំរាមកំហែងដល់ប្រទេសណាមួយឡើយ ផ្ទុយទៅវិញគឺជាការរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងភេរវកម្ម ដែលជាភារកិច្ចរួម ហើយដែលបណ្ដាប្រទេសនៅលើសកលលោក ត្រូវរួមគ្នាសហការទប់ស្កាត់ ឱ្យបានទាន់ពេលវេលា ដើម្បីថែរក្សាសុខសុវត្តិភាពក្នុងតំបន់ និងក្នុងក្របខណ្ឌពិភពលោក។
ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខ ចំពោះការបាត់បង់អាយុជីវិតប្រជាជនចិន ជាច្រើនពាន់នាក់ ព្រមទាំងការប៉ះពាល់ដល់ផលប្រយោជន៍ ខាងវិស័យសេដ្ឋកិច្ចធ្ងន់ធ្ងរ ដែលបណ្ដាលមកពីមេរោគជម្ងឺផ្លូវដង្ហើម បង្កឡើងដោយវីរុសកូវីដ-១៩ នាពេលកន្លងមក។ ទោះបីស្ថិតក្នុងស្ថានភាពយ៉ាងណាក៏ដោយ ក៏ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជាទាំងមូលនៅតែមានគោលជំហរមិនងាករេក្នុងកិច្ចសហប្រតិបត្តិការរឹងមាំ ដើម្បីរួមសុខរួមទុក្ខជាមួយរដ្ឋាភិបាល និងប្រជាជនចិន ដោយពុំមានការរើសអើង ហើយសង្ឃឹមថាជម្ងឺដ៍កាចសាហាវមួយនេះ នឹងត្រូវបានបញ្ចប់នៅក្នុងពេលដ៍ឆាប់ខាងមុខនេះ។
ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានរំលឹកដល់នាយ ពលទាហានជំនាញ ដែលកំពុងត្រៀមប្រតិបត្តិការសមយុទ្ធ ទាំងអស់ឱ្យខិតខំថែរក្សានូវគំរូវីរភាពដ៏អង់អាចក្លាហានរបស់វីរៈយុទ្ធជន យុទ្ធនារី ជាស្ថាបនិកនយោបាយឈ្នះ ឈ្នះ ដើម្បីសន្តិភាព ដែលបានធ្វើពលីកម្ម ក្នុងបុព្វហេតុតស៊ូរំដោះជាតិកន្លងមក និងសូមគាំទ្រជានិច្ចចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខ និងការពារឲ្យខានតែបាននូវសុខសន្តិភាព ជារៀងរហូត។

លើសពីនោះ នាយឧត្ដមសេនីយ៍ បានផ្តាំផ្ញើដល់យោធិនគ្រប់រូប នៃកងយោធពលខេមរភូមិន្ទ ត្រូវគោរព ប្រតិបត្តិ ឱ្យបានម៉ឹងម៉ាត់ នូវបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ ក្នុងនោះត្រូវរួមសហការស្អិតរមួតជាមួយកងទ័ពមិត្ត ហើយត្រូវបង្កើនកិច្ចសហការក្នុងនាមជាម្ចាស់ផ្ទះ មានតួនាទីឈានមុខក្នុងការបង្កឱ្យមានភាពស្និទ្ធស្នាល បង្កើតនូវបរិយាកាសរីករាយ សំដៅធ្វើយ៉ាងណាឱ្យភាគីមិត្តបានយល់ និងជ្រួតជ្រាបកាន់តែស៊ីជម្រៅថែមទៀត អំពើតម្លៃនៃវប្បធម៌ ទំនៀមទម្លាប់ប្រពៃណី របស់ជាតិយើង។ ក្នុងករណីចាំបាច់ត្រូវចេះជួយសម្របសម្រួលដល់កម្លាំងភាគីមិត្ត ផ្តល់បទពិសោធន៍ និងដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក ដោយក្តីស្មោះត្រង់ ជ្រះថ្លា ក្នុងនាមសហការីរួមវិជ្ជាជីវៈ៕



No comments:

Post a Comment