Monday, March 16, 2020

កម្ពុជា-ចិន ធ្វើសមយុទ្ធរួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការ សាមគ្គីភាព និងរិតចំណងមិត្តភាពនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ

នៅក្នុងពិធីបើកប្រតិបត្តិការសមយុទ្ធនាគមាស កម្ពុជា-ចិន ឆ្នាំ២០២០ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ថា នេះជាលើកទី៤ហើយ ដែលកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន បានធ្វើសមយុទ្ធរួមគ្នា ដែលសមយុទ្ធនីមួយៗសុទ្ធតែបានឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការ ការលើកកម្ពស់ចំណងសាមគ្គីភាព មិត្តភាព ក៏ដូចជាការបណ្តុះបណ្តាលចំណេះដឹង ការផ្លាស់ប្តូរបទពិសោធន៍ ជាពិសេសការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពកងទ័ពប្រទេសទាំងពីរ ក្នុងកិច្ចសហប្រតិបត្តិការ ការចេះសម្របសម្រួលរស់នៅ និងចេះធ្វើការរួមជាមួយជាតិសាសន៍ជាច្រើនទៀត។
ទន្ទឹមនេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានឲ្យដឹងទៀតថា កម្ពុជា និងចិន រៀបចំសមយុទ្ធនេះ ក៏មិនមែនជាការគំរាមកំហែងដល់ប្រទេសណាមួយឡើយ ផ្ទុយទៅវិញ គឺជាការរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងភេរវកម្ម ដែលជាភារកិច្ចរួម ហើយដែលបណ្ដាប្រទេសនៅលើសកលលោក ត្រូវរួមគ្នាសហការទប់ស្កាត់ ឱ្យបានទាន់ពេលវេលា ដើម្បីថែរក្សាសុខសុវត្តិភាពក្នុងតំបន់ និងក្នុងក្របខណ្ឌពិភពលោក។
ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ បានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខចំពោះការបាត់បង់អាយុជីវិតប្រជាជនចិនជាច្រើនពាន់នាក់ ព្រមទាំងការប៉ះពាល់ដល់ផលប្រយោជន៍ ខាងវិស័យសេដ្ឋកិច្ចធ្ងន់ធ្ងរ ដែលបណ្ដាលមកពីមេរោគជម្ងឺផ្លូវដង្ហើម បង្កឡើងដោយវីរុសកូវីដ-១៩ នាពេលកន្លងមក។ ទោះបីស្ថិតក្នុងស្ថានភាពយ៉ាងណាក៏ដោយ ក៏ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល នៅតែមានគោលជំហរមិនងាករេ ក្នុងកិច្ចសហប្រតិបត្តិការរឹងមាំ ដើម្បីរួមសុខរួមទុក្ខជាមួយរដ្ឋាភិបាល និងប្រជាជនចិន ដោយពុំមានការរើសអើង ហើយសង្ឃឹមថាជម្ងឺដ៍កាចសាហាវមួយនេះ នឹងត្រូវបានបញ្ចប់នៅក្នុងពេលដ៍ឆាប់ខាងមុខនេះ។
ជាមួយនេះដែរ នាយឧត្តមសេនីយ៍ ក៏បានរំលឹកដល់នាយ ពលទាហានជំនាញ ដែលកំពុងត្រៀមប្រតិបត្តិការសមយុទ្ធ ទាំងអស់ឱ្យខិតខំថែរក្សានូវគំរូវីរភាពដ៏អង់អាចក្លាហាន របស់វីរៈយុទ្ធជន យុទ្ធនារី ជាស្ថាបនិកនយោបាយឈ្នះ ឈ្នះ ដើម្បីសន្តិភាព ដែលបានធ្វើពលីកម្ម ក្នុងបុព្វហេតុតស៊ូរំដោះជាតិកន្លងមក និងសូមគាំទ្រជានិច្ច ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខ និងការពារឲ្យខានតែបាននូវសុខសន្តិភាព ជារៀងរហូត។
ក្នុងនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានផ្តាំផ្ញើដល់យោធិនគ្រប់រូប នៃកងយោធពលខេមរភូមិន្ទ ត្រូវគោរព ប្រតិបត្តិឱ្យបានម៉ឹងម៉ាត់នូវបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ ក្នុងនោះត្រូវរួមសហការស្អិតរមួតជាមួយកងទ័ពមិត្ត ហើយត្រូវបង្កើនកិច្ចសហការក្នុងនាមជាម្ចាស់ផ្ទះ មានតួនាទីឈានមុខក្នុងការបង្កឱ្យមានភាពស្និទ្ធស្នាល បង្កើតនូវបរិយាកាសរីករាយ សំដៅធ្វើយ៉ាងណាឱ្យភាគីមិត្តបានយល់ និងជ្រួតជ្រាបកាន់តែស៊ីជម្រៅថែមទៀត អំពើតម្លៃនៃវប្បធម៌ ទំនៀមទម្លាប់ប្រពៃណី របស់ជាតិយើង។

ក្នុងករណីចាំបាច់ ត្រូវចេះជួយសម្របសម្រួលដល់កម្លាំងភាគីមិត្ត ផ្តល់បទពិសោធន៍ និងដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក ដោយក្តីស្មោះត្រង់ ជ្រះថ្លា ក្នុងនាមសហការីរួមវិជ្ជាជីវៈ និងត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ ក្រេបយកចំណេះដឹង ចំណេះធ្វើថ្មីៗ ល្អៗ សម្រាប់បំពេញភារកិច្ចការពារជាតិ និងកសាងមាតុភូមិ ក៏ដូចជាការចូលរួមចំណែកថែរក្សាការពារសន្តិភាព ស្ថេរភាពពិភពលោក ឱ្យស្ថិតស្ថេរគង់វង្ស៕



No comments:

Post a Comment