Thursday, February 08, 2018

អាស៊ាន-ចិន នឹងធ្វើសមយុទ្ធដែនសមុទ្រលើក​ដំបូង

អាស៊ាន-ចិន បានកំណត់ការធ្វើសមយុទ្ធដែនសមុទ្រលើកដំបូងរបស់ខ្លួននៅចុងឆ្នាំនេះ។

ជំហរនេះត្រូវបានស្វាគមន៍ដោយរដ្ឋមន្ត្រីការពារជាតិអាស៊ាន ដែល​បាន​រៀប​ចំកិច្ច​ប្រជុំ​ក្រៅ​ផ្លូវ​ការ​មួយ​ជា​មួយ​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ចិន​លោក Chang Wanquan នៅ​ប្រទេស​សិង្ហបុរី​កាល​ពី​ថ្ងៃ​អង្គារ។

រដ្ឋមន្រ្តីក៏បានស្វាគមន៍ផងដែរនូវ​ទំនាក់​ទំនង​ដ៏​រឹង​មាំ​រវាង អាស៊ាន-ចិន និង​បាន​ពិភាក្សា​អំ​ពី​វិ​ធី​សាស្រ្ត​ក្នុង​ការ​បង្កើន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជាក់​ស្តែង។

រដ្ឋមន្ត្រីការពារជាតិសិង្ហបុរីលោក Ng Eng Hen បាន​ថ្លែង​ថា «ចំពោះ​ពួក​យើង​ដែល​មាន​វត្ត​មាន​យូរ​ល្មម យើង​ដឹង​ថា លោក Chang Wanquan គឺ​ជា​មិត្ត​ល្អ និង​រឹង​មាំ​របស់​អាស៊ាន»។

គាត់​បាន​ធ្វើ​អ្វី​ៗ​ជា​ច្រើន ដើម្បី​នាំ​យក​ទំនាក់​ទំនង​ការ​ពារ​ជាតិ​ទ្វេ​ភាគី​រវាង អាស៊ាន-ចិន ឆ្ពោះ​ទៅ​មុខ។

លោក Chang បានកត់សម្គាល់ថា​ ចិន-អាស៊ាន បាន​ក្លាយ​ជា​ដៃ​គូ​យុទ្ធ​សាស្ត្រ ហើយ​ក្នុង​ឆ្នាំ ២០១៣ លោក​ប្រ​ធា​នា​ធិបតី​ចិន Xi Jinping បាន​ស្នើ​ឲ្យ​បង្កើត​សហគមន៍ ចិន-​​អាស៊ាន ដែល​មាន​វាសនា​រួម។

ចាប់តាំងពីពេលនោះមក លោកឧត្តម​សេនីយ៍ Chang បាន​និយាយ​ថា អាស៊ាន-ចិន បាន​បង្កើន​ទំនាក់​ទំនង​ទៅ​វិញ​ទៅ​មក ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ ការ​ផ្លាស់​ប្តូរ​វិស័យ​ការ​ពារ​ជាតិ និង​ការ​ស្ថាប​នា​ចំណង​មិត្ត​ភាព​ដ៏​រឹង​មាំ​មួយ។

ក្រោមការដឹកនាំរបស់លោក Xi Jingping យើង​បាន​ឈាន​ចូល​ដល់​យុគ​សម័យ​សង្គម​និយម​ថ្មី​មួយ​ជា​មួយ​ចរិត​​បែប​​​ចិន។ នេះ​បាន​ផ្តល់​នូវ​ភាព​រឹង​មាំ​កាន់​តែ​ច្រើន​សម្រាប់​ការ​អភិវឌ្ឍ​របស់​ប្រទេស​ចិន និង​ឱកាស​ជា​ច្រើន​ទៀត​សម្រាប់​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​សហគមន៍​អន្តរ​ជាតិ​រួម​ទាំង​បណ្តា​ប្រទេស​អាស៊ាន​ផង​ដែរ។

ឧត្តមសេនីយ៍ Chang ស្ថិត​នៅ​ប្រទេស​សិង្ហបុរី​សម្រាប់​ដំណើរ​ទស្សន​កិច្ច​ចាប់​ពី​ថ្ងៃទី​៤ ដល់​ថ្ងៃ​ទី​៨ ខែកុម្ភៈ៕

​ប្រភព៖ Channel News Asia ចុះថ្ងៃទី០៧ ខែកុម្ភៈ​ ឆ្នាំ២០១៨


No comments:

Post a Comment