Thursday, February 08, 2018

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្តែងមោទនភាពចំពោះការបង្កើតរោងចក្រផលិតស៊ីម៉ងត៍ ដែលជាឧស្សាហកម្មធុនធ្ងន់ឆ្លុះបញ្ចាំងពីការរីកចម្រើននៃសេដ្ឋកិច្ចទីផ្សារ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្តែងនូវសេចក្តីរីករាយ និងមានមោទនភាពបំផុតចំ​ពោះប្រទេសកម្ពុជា ដែលបានបង្កើតរោងចក្រផលិតស៊ីម៉ងត៍ផ្ទាល់ខ្លួននៅខេត្តកំពតនេះ ហើយការបង្កើតរោងចក្រនេះ គឺជាការបង្កើតឧស្សាហកម្មធុនធ្ងន់មួយរបស់ប្រទេសកម្ពុជា ក្នុងការចូលរួម​ចំ​ណែកយ៉ាងសំខាន់ដល់វិស័យសំណង់ និងហេដ្ឋារចនាសម្ព័ន្ធនានា ជាពិសេសការសាងសង់សំណង់អាគារផ្សេងៗដែលជាតម្រូវការរបស់ប្រជាពលរដ្ឋនិងគ្រប់វិស័យនានា។ លោកបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញសម្ពោ​ធដាក់ឱ្យប្រើប្រាស់រោងចក្រផលិតស៊ីម៉ងត៍របស់ក្រុមហ៊ុន ជីបម៉ុង អ៊ីនស៊ី ស៊ីមេន ខបភើរេសិន (Chip Mong Insee-CMIC) ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៣១ ក្នុងភូមិព្រៃតាព្រិត ឃុំស្តេចគង់ខាងលិច ស្រុកបន្ទា​យមាស ខេត្តកំពត ចម្ងាយប្រមាណ ១២៥គីឡូ​ម៉ែត្រពីទីក្រុងភ្នំពេញនៅព្រឹកថ្ងៃព្រហ​ស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ស៊ីម៉ងត៍ គឺជាតម្រូវការចាំបាច់នៅលើពិ​ភពលោក ពីព្រោះបច្ចុប្បន្ននេះ គ្រប់សំណង់ទាំងអស់សុទ្ធតែត្រូវការប្រើប្រាស់ស៊ីម៉ងត៍ដូចជាអគារបុរីលំនៅដ្ឋាន សាលារៀន វត្តអារាម និងផ្លូវបេតុងជាដើម។ រោងចក្រផលិតស៊ីម៉ងត៍ដ៏ធំមួយនេះគឺបានវិនិយោគក្នុងទឹកប្រាក់ប្រមាណ ២៦២លានដុល្លារអាមេរិក ដែលជាការវិនិយោគ​​រួមគ្នារវាងក្រុមហ៊ុន ជីបម៉ុងគ្រុប របស់កម្ពុជាចំនួនទឹកប្រាក់៦០% និងក្រុមហ៊ុនស៉្យាមស៊ីធីស៊ីមេនរបស់ប្រទេសថៃចំនួនទឹកប្រាក់៤០% ដែលមានសមត្ថភាពផលិតស៊ីម៉ងត៍បាន៥,០០​០​តោនក្នុងមួយថ្ងៃ ឬ ១.៧លានតោនក្នុងមួយឆ្នាំ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា ខេត្តកំពត គឺជាខេត្តដែលបានបញ្ចប់សង្គ្រា​មក្នុងឆ្នាំ១៩៩៦តាមរយៈនយោបាយឈ្នះឈ្នះដែលរាជរដ្ឋាភិបាលបានដាក់ចេញ ហើយពេលនេះខេត្តកំពតបានប្រែក្លាយទៅជាខេត្តដែលមានការអភិវឌ្ឍន៍រីកចម្រើនស្ទើរគ្រប់វិស័យជាពិ​សេសលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងទេសចរណ៍ព្រោះជាខេត្តជាប់តំបន់សមុទ្រ។ ខេត្តកំពតក៏ជាខេត្តដែលមានផលិតអំបិលផ្ទាល់ខ្លួន និងចែកចាយអំបិលទៅកាន់បណ្តាខេត្តផ្សេងៗទៀតផង។ តាមរយៈការបង្កើតរោងចក្រនេះក៏ជាការផ្តល់ការងារមួយចំនួនដល់ប្រជាពលរដ្ឋកម្ពុជាប្រ​មា​ណជាង៤០០នាក់ផងដែរ ជាពិសេសអ្នកដែលនៅខេត្តកំពតនេះតែម្តង។ កម្ពុជាក៏ត្រូវការផលិតស៊ីម៉ងត៍ដើម្បីធ្វើការនាំចេញផងដែរដូច្នេះកម្ពុជាត្រូវបង្កើនសមត្ថភាពបន្ថែមទៀតក្នុងវិស័យឧស្សាហកម្មមួយនេះ៕




No comments:

Post a Comment