Thursday, February 08, 2018

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានយកជីវិតធ្វើជាដើមទុន ដើម្បីនាំយកសន្តិភាព ការឯកភាពជាតិពេញលេញ មកជូនកម្ពុជា

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​មុន​នេះ​បន្តិច​បាន​លើកឡើងថា «ពីប្រទេស​មួយ​ដែល​មាន​សង្គ្រាម​ហែក​ហួរ ក្លាយ​ទៅ​ជា​ប្រទេស​មួយ​ដែល​មាន​សន្តិភាព​ មាន​ការ​ឯកភាព​ទឹកដី​ពេញលេញ​ ដែល​មិន​មាន​តំបន់​អប្បគម នោះ​គឺជាការយកជីវិត​ធ្វើ​ដើមទុន​ម្តងហើយ​ម្តងទៀត»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ដូចនេះ​ក្នុង​ឱកាសសម្ពោធរោងចក្រផលិតស៊ីម៉ងត៍ដ៏ធំមួយនៅខេត្តកំពត ដែលបានវិនិយោគជាមួយទឹកប្រាក់រហូតដល់ ២៦២លានដុល្លារសហរដ្ឋអាមេរិក របស់សាជីវកម្ម CMIC​ ​នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។​

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្តថា «លើកទី១ គឺជាការយក​ជីវិត​ធ្វើ​ដើមទុន​ដើម្បី​រំដោះ​ប្រទេស​ចេញពី​របប​ ប៉ុល ពត​ ឯលើកទី២ យកជីវិត​ធ្វើ​ជា​ដើមទុន​ម្តងទៀត​ ចូលទៅ​ក្នុង​តំបន់​ខ្មែរ​ក្រហម​ ដើម្បី​ឱ្យ​មាន​ការជឿជាក់គ្នា ទុកចិត្ត​គ្នា​ បង្កើត​ឡើង​នូវ​ស្ថានភាព​ឈ្នះ-ឈ្នះ​ សម្រាប់​សន្តិភាព​ និង​ការ​បង្រួប​បង្រួមជាតិ នៅ​ក្នុង​ប្រទេស​របស់​យើង»។

លោក​នាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា «នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នេះ បើទោះជាការ​ខុស​ ការត្រូវ​ គឺវា​មាន​ការ​ទទួល​ខុស​ត្រូវ​របស់ ហ៊ុន សែន នៅ​ក្នុង​នោះ​ ខ្ញុំ​មិន​ទទួល​យក​តែ​អា​ត្រូវ ឬតែអាខុសទេ តែ​ខ្ញុំ​ទទួល​យក​ទាំង​អាត្រូវ ទាំង​អាខុស ប៉ុន្តែ​យើង​ត្រូវ​ថ្លឹងថ្លែងមើលថា ក្នុង​រយៈពេលដែល​ខ្ញុំ​កាន់​តំណែង​ជាង ​៣៣ឆ្នាំ​ តើ​អ្វី​ខ្លះ​ទៅ​ដែល​វាបាន​កើត​ឡើង​ក្នុង​ទឹក​ដី​នេះ​​»។





No comments:

Post a Comment