Thursday, February 08, 2018

សមាជិកបក្សសង្គ្រោះជាតិចំនួន​ ៨៩នាក់​ មកពីសង្កាត់គោចក​ បានមករួមរស់​ជីវភាពថ្មី​ជាមួយគណបក្ស​ប្រជាជនកម្កុជា​

សៀមរាប៖ បងប្អូនអតីតសមាជិកគណបក្សសង្រ្គោះជាតិ ចំនួន៨៩រូប ដែលសុំចូលមករួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា មកពី១០ភូមិ ក្នុងសង្កាត់គោកចក ក្រុង ខេត្តសៀមរាប ត្រូវបានធ្វើពិធីប្រកាសបញ្ចូលទទួលស្គាល់ជាសមាជិកគណបក្សកាលពីរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក នូ ផល្លា សមាជិកគណៈកម្មាធិការកណ្តាល និង ជាអនុប្រធានគណៈកម្មាធិការនៃគណបក្សប្រជាជនកម្ពុជាខេត្ត ដោយមានវត្តមានចូលរួមពីសំណាក់អស់លោក លោកស្រីក្រុមការងារថ្នាក់ខេត្តចុះជួយសង្កាត់ គណបក្សសង្គាត់ ព្រមទាំងអស់លោក លោកស្រី នាងកញ្ញា ជាក្រុមបក្សភូមិទាំង១០ចូលរួម នៅស្នាក់ការគណបក្សសង្កាត់គោកចក។

តាមការបញ្ជាក់របស់លោកប្រធានគណបក្សសង្កាត់ បានឲ្យដឹងថា ពិធីប្រកាសបញ្ចូលសមាជិកថី្មទាំង ៨៩រូប នាពេលនេះគឺសុទ្ធតែជាបងប្អូនមកពីគណបក្សសង្រ្គោះជាតិ សុំចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និង បងប្អូនទើបគ្រប់អាយុសុំចូលជាសមាជិកថ្មី ដោយពួកគាត់យល់ថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលអាចផ្ដល់សេចក្ដីសុខ និងសន្តិភាពដ៏រឹងមាំក្នុងការដឹកនាំ ប្រទេសជាតិទៅថ្ងៃអនាគត ។

បន្ទាប់ពីការអាន នូវសេចក្តីសម្រេចរបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តរួចមក គណៈអធិបតីបានធ្វើការប្រគល់នូវ សេចក្តីសម្រេចរបស់គណបក្សដល់សមាជិកថ្មីទាំង ៨៩រូប និងការឡើងធ្វើការប្តេជ្ញាចិត្ត របស់តំណាងសមាជិកថ្មីរួចមក លោក នូ ផល្លា ក្នុងនាមលោក ឃឹម ប៊ុនសុង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការនៃគណបក្សប្រជាជនកម្ពុជាខេត្ត បានមានប្រសាសន៍ថា បងប្អូនទាំងអស់ដែលបានស្ម័ត្រចិត្តចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជន គឺត្រូវមានភាពស្មោះត្រង់ និងប្រតិបត្ដិតាមគោលនយោបាយរបស់គណបក្ស បន្ដគាំទ្រនូវលក្ខន្ដិកៈរបស់គណបក្សត្រូវសាមគ្គីគ្នា ស្រឡាញ់រាប់អានគ្នាដោយស្មោះត្រង់បំផុត ហើយត្រូវគោរពក្រមសីលធម៌ដែលគណបក្សប្រគល់ជូនជានិច្ច និងបន្តគាំទ្របេក្ខភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាបេក្ខជននាយករដ្ឋមន្ដ្រី អាណត្តិទី៦ និងអាណត្តិក្រោយៗទៀត ព្រមទាំងអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ។

លោក នូ ផល្លា ក៏បានគូសបញ្ជាក់ថា ការសម្រេចចិត្តរបស់បងប្អូន និងក្មួយៗ ដែលចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ព្រោះគណបក្សប្រជាជនកម្ពុជា មានគុណបំណាច់ដ៏ធំធេងចំពោះប្រទេសជាតិ មាតុភូមិ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេស។ ក្នុងនោះដែរលោក ក៏បានធ្វើការផ្សព្វផ្សាយផងដែរ នូវខ្លឹមសារនៃសេចក្តីសម្រេចចិត្តមហាសន្និបាតវិសាមញ្ញតំណាងទូទំាងប្រទេស របស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងបានធ្វើការបកស្រាយពន្យល់ពីខ្លឹមសារ អត្ថន័យ និងលទ្ធផលរបស់មហាសន្និបាតផងដែរ។

លើសពីនោះ លោក នូ ផល្លា ក៏បានបញ្ជាក់ជូនសមាជិកទាំងអស់ថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលមិនដែលរត់ចោលប្រជាពលរដ្ឋ គឺតែងតែនៅរួមសុខរួមទុក្ខ ជាមួយប្រជាពលរដ្ឋ រីឯគណបក្សផ្សេងវិញ មិនដែលធ្វើអ្វីសោះបានតែថា គឺតែងតែបង្កអសន្តិសុខ បំពុលបរិយាកាសសង្គម ហើយគណបក្សសង្គ្រោះជាតិ ដែលតុលាការកំពូលបានធ្វើការរំលាយដោយសារមេបក្សរូបនេះ រងការចោទប្រកាន់ជាជនក្បត់ជាតិផងដែរ។

ក្នុងនោះដែរ លោកក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានសង្កាត់គោកចក ត្រូវបន្តធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ ឲ្យបានកាន់តែបានល្អប្រសើរថែមទៀត ព្រមទាំងត្រូវផ្តល់សេវាសាធារណៈផ្សេងៗឲ្យបានឆាប់រហ័ស និងផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវសេវាមិនបង់ប្រាក់ដូចជា សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារជាដើម ដើម្បីឲ្យប្រជាពលរដ្ឋបានដឹងយល់ជ្រួតជ្រាបជៀសវាងមានការថ្នាំងថ្នាក់ណាមួយ៕




No comments:

Post a Comment