Thursday, February 08, 2018

ប្រជាការពារចំនួន ៧៥នាក់ មានសេចក្តីអំណររីករាយបាន​ការយកចិត្ត​ទុកដាក់ពីលោក​ កែវ សាមឿន​ ប្រធានក្រុមការងារខេត្ត​ ចុះជួយឃុំស្វាយយា​

ស្វាយរៀង៖ នៅសាលាឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នៅថ្ងៃ៨កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានរៀបចំពិធីសំណេះសំណាលជាមួយប្រជាការពារភូមិ និងបំពាក់ឯកសណ្ឋាន ក្រោមអធិបតីភាពលោក កែវ សាមឿន ប្រធានក្រុមការងារខេត្តចុះជួយឃុំ និងលោក ចាន់ ស៊ីណូ អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយឃុំ តំណាងលោក ហង្ស វិចិត្រ និងលោក ហែម សារិទ្ធ ប្រធានក្រុមការងារស្រុកចុះជួយឃុំ និងមានការអញ្ជើញចូលរួមពីសំណាក់ក្រុមការងារសមាជិកសមាជិការ ក្រុមប្រឹក្សាឃុំ មេភូមិ បងប្អូនប្រជាការពារចំនួន៧៥នាក់ មកពីភូមិចំនួន១៥ នៃឃុំស្វាយយា រួមទាំងនាយនគរបាលប៉ុស្តិ៍សរុបចំនួន១០៥នាក់។

នាឱកាសនោះ លោក កែវ សាមឿន បានមានមតិសំណេះសំណាលនិងផ្សព្វផ្សាយ អំពីគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង០៩ចំណុច ជូនបងប្អូនប្រជាការពារ និងតួនាទី មុខងាររបស់ប្រជាការពារក្នុងការចូលរួមសហការណ៍ជាមួយកម្លាំងមានសមត្ថកិច្ច និងជាសេនាធិការរបស់កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល និង ភូមិ ឃុំ ដើម្បីជួយទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលកើតមាននៅក្នុងមូលដ្ឋាន នោះជាការភ្ញាក់រលឹករបស់ប្រជាពលរដ្ឋយើង ក្នុងការការពាររក្សាសន្តិសុខ សុវត្ថិភាពនៅក្នុងសហគមន៍យើងអោយមានប្រសិទ្ធភាព។

ក្នុងពិធីនោះដែរ លោកមេឃុំ សុខ សំអន ក៏បានផ្ដាំផ្ញើរដល់បងប្អូនប្រជាការពារ ត្រូវចូលរួម អនុវត្តន៍និងផ្សព្វផ្សាយនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពនិងយាមក្ដាប់នូវសភាពការណ៍ ឫហេតុការណ៍ ដែលមិនប្រក្រតីណាមួយ ដែលបានកើតឡើងនៅក្នុងសហគមន៍របស់ខ្លួន គ្រប់គ្រងអោយបានល្អប្រសើរថែមទៀត មិនតែប៉ុណ្ណោះត្រូវមានការប្រាស្រ័យទាក់ទងល្អជាមួយប្រជាពលរដ្ឋ និងបងប្អូនប្រជាការពារផ្សេងទៀត ដែលនៅជិតភូមិ ឃុំ របស់អស់លោក ក្នុងការសហការណ៍បង្ក្រាបបទល្មើសផ្សេងៗ។

លើសពីនោះផងដែរ គណៈអធិបតី បានចែកជូននូវឯកសណ្ឋាន និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាការពារ ដែលបានខិតខំប្រឹងប្រែងជួយការពារ រក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ ដែលមានការសាទរយ៉ាងខ្លាំង ពីប្រជាពលរដ្ឋ នៅក្នុងឃុំទាំងមូលចំពោះអាជ្ញាធរដែនដីដែលបានខិតខំជំរុញឲ្យមានកម្លាំងប្រជាការពារនេះឡើង ក្នុងការជួយកាត់បន្ថយបទល្មើសផ្សេងៗ។

សូមជម្រាបថា ឯកសណ្ឋានទាំង៧៥កំប្លេ ដែលចែកជូនដល់បងប្អូនប្រជាការពារនៅថ្ងៃនេះជាការឧបត្ថម្ភរបស់លោក ហង្ស វិចិត្រ និងក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំស្វាយយា៕





No comments:

Post a Comment