Thursday, February 08, 2018

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា អ្នកវិនិយោគកម្ពុជាពេលនេះមានលុយរាប់រយ-រាប់ពាន់លានដុល្លារ និងមួយចំនួនបានចេញទៅវិនិយោគនៅក្រៅប្រទេស

ថ្លែងក្នុងពិធីសម្ពោធរោងចក្រផលិតស៊ីម៉ងត៍ CMIC ក្នុងខេត្តកំពត ដែលមានទំហំទឹកប្រាក់រហូតដល់ ២៦២លានដុល្លារសហរដ្ឋអាមេរិក នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា «ឥឡូវនេះ កម្ពុជា មានអ្នកវិនិយោគដែលមានទឹកប្រាក់រាប់រយ-រាប់ពាន់លានដុល្លារដែរ ដែលមានសមត្ថភាពអាចនឹងចាប់ដៃគូជាមួយបរទេស មករកស៊ីនៅកម្ពុជា និងអាចវិនិយោគរកស៊ីដោយខ្លួនឯងនៅក្នុងប្រទេសរបស់ខ្លួន»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តថា «កម្ពុជាពេលនេះ មានអ្នកវិនិយោគមួយចំនួនបានទៅធ្វើការវិនិយោគនៅប្រទេសឡាវ មីយ៉ាន់មារ ហើយក៏មានអ្នកវិនិយោគមួយចំនួនកំពុងតម្រង់ឆ្ពោះទៅប្រទេស ទីម័រលេស និងប្រទេសផ្សេងៗទៀត»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានរំលឹកផងដែរថា «នៅកម្ពុជាសម័យឆ្នាំ១៩៧៩ អ្នកដែលអាចលួចលាក់មាសទុកពីពួក ប៉ុល ពត យ៉ាងច្រើនបានមាសមួយគីឡូ ដែលលាក់ពីរបប ប៉ុល ពត ប៉ុន្តែភាគច្រើនគឺបាតដៃទទេ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងទៀតថា «នៅត្រង់ចំណុចនេះ យើងគួរចាប់ផ្តើមគិតថា តើវាចេញមកពីចំណុចអ្វី បាននាំយើងមកដល់កន្លែងនេះ មិនមែនជាការងាយស្រួលទេ ដែលខ្ញុំសូមយកកន្លែងនេះថ្លែងជូននូវការអរគុណដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពតដោយឡែក និងនិយាយរួមចំពោះប្រជាជនទូទាំងប្រទេស ដែលជានិច្ចកាលបានគាំទ្រគណបក្សប្រជាជនកម្ពុជា ហើយក្នុងនោះបានគាំទ្ររូបខ្ញុំឱ្យទទួលដឹកនាំបន្តក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា»៕






No comments:

Post a Comment