Wednesday, July 26, 2017

អភិបាលខេត្តកំពង់ធំ ដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្ថានភាពកម្ពស់ទឹកតាមដងស្ទឹងសែន ខេត្តកំពង់ធំ

នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ បន្ទាប់ពីបានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តរួចមក លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងក្រុមការងារ បានចុះត្រួតពិនិត្យស្ថានភាពកម្ពស់ទឹកតាមដងស្ទឹងសែន ខេត្តកំពង់ធំ។

យោងតាមរបាយការណ៍របស់លោក យូ ឡា ប្រធានមន្ទីរធនធានទឹក និងឧតុនិយម បានប​ញ្ជាក់អំពីស្ថានភាពទឹកនាថ្ងៃ២៦ ខែកក្កដា ឆ្នាំ២០១៧ នៅខេត្តកំពង់ធំ មានដូចជា៖ កម្ពស់ទឹកស្ទឹងសែន 13.07ម និងសីតុណ្ហភាពពី 24°C-34°C។ ដោយឡែកនៅយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ ក៏មានភ្លៀងធ្លាក់នៅស្រុក-ក្រុងទាំង៨​ផងដែរដែលមានកម្ពស់ទឹកភ្លៀងដូចជា៖ ១- ក្រុងស្ទឹងសែន 38.4ម.ម ២- ស្រុកកំពង់ស្វាយ14.8ម.ម ៣- ស្រុកសណ្តាន់ 35.0ម.ម ៤- ស្រុកប្រាសាទបល្ល័ង្ក 59.6ម.ម​៥- ស្រុកប្រាសាទសំបូរ 25.4ម.ម ៦- ស្រុកស្ទោង 10.2ម.ម ៧- ស្រុកសន្ទុក 38.1ម.ម និង៨- ស្រុកបារាយណ៍ 45.8ម.ម។ តាមការសន្និដ្ឋានពេលនេះ ទឹកស្ទឹងសែនសម្រាប់ខេត្តកំពង់ធំ មិនទាន់គួរឱ្យបារម្ភនៅឡើយទេ ដោយយោងថា៖ កម្ពស់ទឹកថ្ងៃនេះ 13.07ម កើនលើសពីម្សិលមិញ 0.08ម កើនយឺតក្នុង 24ម៉ោង ហើយកម្ពស់ប្រកាសការប្រុងប្រយ័ត្ន 13.50ម.ម។

លោកអភិបាលខេត្តកំពង់ធំ បានប្រាប់ទៅអភិបាលស្រុក-ក្រុងទាំង៨ ត្រូវចុះពិនិត្យ និងកំណត់ទីតាំងទួលសុវត្ថិភាពជាបន្ទាន់ ព្រមទាំងមានវិធានការណ៍ជាក់ស្តែងដើម្បីត្រៀមរកទីទួលមានសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋកុំឱ្យមានគ្រោះថ្នាក់ដោយប្រការណាមួយ និងផ្តល់របាយការណ៍មកឱ្យរដ្ឋបាលសាលាខេត្តឱ្យបានជារៀងរាល់ថ្ងៃចាប់ពីថ្ងៃនេះតទៅ។ លោកអភិបាលខេត្តកំពង់ធំ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ សូមមេត្តាមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិមួយនេះ និងរាយការណ៍ជូនអាជ្ញាធរតាំងពីថ្នាក់ឃុំ រហូតដល់ថ្នាក់ខេត្ត ដើម្បីមានវិធានការណ៍ជួយសង្រ្គោះទាន់ពេលវេលា។

គួរបញ្ជាក់ផងដែរថា ក្រសួងធន​ធានទឹក និងឧតុនិយម បានជូនដំណឹងបន្ថែមអំពីស្ថានភាពអា​កាសធាតុ និងស្ថានភាពទឹកជំនន់ដោយសារឥទ្ធិពលព្យុះទី៨ ឈ្មោះ សុនកា ដែលធ្វើឱ្យកម្ពុជា នឹងមានភ្លៀងធ្លាក់ខ្លាំងហើយស្ថានភាពទឹកជំនន់នឹងហក់ឡើងខ្ពស់ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកក្កដា៕





No comments:

Post a Comment