Wednesday, July 26, 2017

អាជ្ញាធរជាតិអប្សរាទទួលសំណើសាងសង់ផ្ទះជាង៦០០ករណីនិងបានអនុញ្ញាតជិត៣០០ករណី

សៀមរាប ៖ រយៈពេល៦ខែដើមឆ្នាំ២០១៧នេះ អាជ្ញាធរជាតិអប្សរាតាមរយៈមជ្ឈមណ្ឌល សេវាកម្មច្រកចេញ តែមួយ បានទទួលសំណើពាក់ព័ន្ធនឹងការសុំសាងសង់លំនៅឋានចំនួន៦៤១ករណី សំណើទាំងនេះបាន ឆ្លើយតបរួចរាល់ចំនួន៥៤១ករណី និងកំពុងរៀបចំចំនួន១០០ករណីទៀត។

តាមរបាយការណ៍ឆមាសទី១ ឆ្នាំ២០១៧ របស់មជ្ឈមណ្ឌលសេវាកម្មនៃអាជ្ញាធរជាតិអប្សរា ក្នុងចំណោម សំណើជាង៦០០ករណីនេះ សំណើដែលបានអនុញ្ញាតមានចំនួន២៩២ករណី និងសំណើដែល មិនអនុញ្ញាត មានចំនួន២៤៥ករណី។ ក្នុងនេះដែរ មានសំណើចំនួន៥៩ករណី ដែលក្រុមការងារបានធ្វើសេចក្តី ជូនដំណឹង ដោយសារមានកំហុសលើទម្រង់បែបបទ និងអំពីសុពលភាព នៃច្បាប់ដែលបានអនុញ្ញាត ជូនពួកគាត់ ក្នុងការសាងសង់។

លោក ទស្ស សុមនាថ ប្រធានស្តីទីនាយកដ្ឋានគ្រប់គ្រងដែនដី និងគ្រប់គ្រងលំនៅ ឋានក្នុងឧទ្យានអង្គរបាន ពន្យល់អំពីលក្ខខណ្ឌដែលត្រូវបានអនុញ្ញាត និងមិនអនុញ្ញាត នូវសំណើសុំសាងសង់របស់ប្រជាពលរដ្ឋថា ការស្នើរបស់ប្រជាពលរដ្ឋ មិនមែនមានន័យថា ឱ្យតែដាក់ពាក្យសុំសុទ្ធតែអនុញ្ញាតទាំងអស់នោះទេ។ ជាធម្មតាតែងមានចម្លើយពីរគឺអនុញ្ញាត និងមិនអនុញ្ញាត។

លោកពន្យល់ថា ចំពោះសំណើដែលអាចអនុញ្ញាតបានគឺ ប្រជាពលរដ្ឋចាស់ដែលមានផ្ទះ សំបែងនៅក្នុង តំបន់អង្គរជាយូរលង់ណាស់មកហើយ មុនឆ្នាំ២០០០ មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ នៅក្នុងភូមិ-ឃុំ ដែលបានស្នើសុំសាងសង់  មានលិខិតបញ្ជាក់ពីការកាន់កាប់ និងប្រើ ប្រាស់ដីធ្លី ដែលមានការទទួលស្គាល់ដោយអាជ្ញាធររដ្ឋបាលភូមិ-ឃុំ  មានឈ្មោះនៅក្នុងបញ្ជីជំរឿនរបស់ អាជ្ញាធរជាតិអប្សរា ឆ្នាំ២០០៤ -២០០៥ មានសំណង់ផ្ទះចាស់ក្នុងទិន្នន័យ Jica ឆ្នាំ១៩៩៨ និងទិន្នន័យ រូបភាពពីលើអាកាស Google Earth ឆ្នាំ2004។

ពលរដ្ឋទាំងនោះមានសិទ្ធិ ក្នុងការសាងសង់ផ្ទះថ្មីជំនួសផ្ទះចាស់ (អាចពង្រីកទំហំលើសផ្ទះចាស់បាន តាមចំនួនសមាជិកក្នុងគ្រួសារ ឬសំណង់ជាឧបសម្ព័ន្ធផ្សេងៗទៀតក្នុងដីឡូត៍បាន) តាមរចនាបថ ស្ថាបត្យកម្មខ្មែរ មិនមែនជាផ្ទះតៀមផ្ទាល់ដី ឬផ្ទះល្វែងដំបូលកាត់  ទីតាំងសាងសង់មិនមានផលប៉ះពាល់ ឬស្ថិតលើហេដ្ឋារចនាសម្ព័ន្ធបុរាណ  និងមានសំណង់សាធារណៈទូទៅមួយចំនួនទៀតដូចជា មណ្ឌលសុខភាព សាលារៀន  អាគាររដ្ឋបាលភូមិ-ឃុំ ។ល។

ចំពោះករណីដែលមិនអាចអនុញ្ញាតបាន លោក សុម នាថ ពន្យល់ថា ជាករណីបំបែកគ្រូសារឬ ជាអ្នកចំណូល ថ្មីមករស់នៅក្រោយឆ្នាំ២០០០ សាងសង់សំណង់ដែលមិនមែនជាលំនៅឋានមានបែបជាផ្ទះសំណាក់ ភោជនីយដ្ឋានធំៗ ខារ៉ាអូខេ ឬជាកសិដ្ឋានធំៗ និងការវាតទីដីព្រៃ ឬការបង្កើតទីប្រជុំជន និងការពង្រីក ភូមិដ្ឋានជាដើម។

សូមបញ្ជាក់ថា ករណីបដិសេធភាគច្រើនគឺធ្វើឡើងចំពោះសំណើរបស់ប្រជាពលរដ្ឋដែលជាអ្នកចំណូលថ្មី និងការស្នើសុំបំបែកគ្រួសារដោយបង្កើនខ្នងផ្ទះ ដែលខុសនឹងលក្ខខណ្ឌដែលអាចអនុញ្ញាតបាន។ ចំពោះការសុំសាងសង់ខុសនឹងរចនាបថផ្ទះខ្មែរជាដើម ក្រុមការងារតែងចុះធ្វើសេចក្តីណែនាំ និងធ្វើសេចក្តីជូន ដំណឹងមុននឹងឈានដល់ការផ្អាកសំណង់ជាអចិន្ត្រៃយ៍ ក្នុងករណីម្ចាស់សំណង់មិនអនុវត្តតាម ៕






No comments:

Post a Comment