Wednesday, July 26, 2017

មានសន្តិភាព​ពេញលេញ​ទើបយើងអាច​អភិវឌ្ឍន៍បាន​នូវសមិទ្ធផល​ថ្មីៗជាបន្តបន្ទាប់​ដូចសព្វថ្ងៃ!​

លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧នេះ បានអញ្ជើញក្នុងពិធីបើកការដ្ឋានសាងសង់សួនច្បារថ្មី លើផ្ទៃដី២,៣៩ហិកតា ស្ថិតក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក លោកស្រីប្រធានអង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋសរុបចំនួនជាង៦០០នាក់។

អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា ការបើកការដ្ឋានសាងសង់សួនច្បារថ្មី នេះបានដោយសារប្រទេសយើងមានសុខសន្តិភាព ស្ថេរភាពពេញលេញ ទើបយើងអាច អភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចំរើនលើគ្រប់វិស័យបាន។

អភិបាលខេត្តកំពង់ឆ្នាំង ក៏បានបញ្ជាក់បន្ថែមអំពីតម្លៃពលកម្មរបស់កម្មករក្នុងប្រទេសជាមួយនឹងប្រទេសជិតខាង ដោយកម្រៃក្នុងប្រទេសយើងសព្វថ្ងៃគឺខុសគ្នាតិចបំផុតទៅនឹងប្រទេសជិតខាង។ ទាំងនេះសបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

បន្ថែមពីនោះ លោកក៏បញ្ជាក់ពីអត្ថប្រយោជន៍នៃសួនច្បារថ្មីនេះ សំរាប់អោយប្រជាពលរដ្ឋក្នុងក្រុងកំពង់ឆ្នាំង ជាពិសេសយុវជនយុវនារីអង្គុយកំសាន្តហាត់ប្រាណដើម្បីសុខភាព និងទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកកំសាន្តដើម្បីបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋយើងផងដែរ។

អភិបាលខេត្តកំពង់ឆ្នាំង ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋកុំធ្វើចំណាកស្រុកខុសច្បាប់ កុំជឿការឃោសនា និងការបោកប្រាស់របស់ជនអគតិ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ត្រូវប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិដែលកើតឡើងជាយថាហេតុ កុំប្រព្រឹត្តបទល្មើសខុសច្បាប់ និងត្រូវអប់រំកូនចៅអោយខិតខំរៀនសូត្រ និងត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀននិងអំពើអប្បាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម៕








No comments:

Post a Comment