Wednesday, July 26, 2017

សាលាខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ​ប្រចាំខែកក្កដា​ និងលើក​ទិសដៅ​ការងារ​ខែសីហា​ ឆ្នាំ២០១៧​ របស់រដ្ឋបាល​ខេត្ត​

នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧នេះ នៅសាលប្រជុំសាលាខេត្តស្វាយរៀង មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅការងារខែសីហា ឆ្នាំ២០១៧ របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាពលោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង។

ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត សាកលវិទ្យាធិការសាកលវិទ្យាល័យស្វាយរៀង លោកតំណាងប្រធានសាលាដំបូងខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត អភិបាលក្រុង ស្រុក លោក លោកស្រីនាយកទីចាត់ការ ប្រធានអង្គភាពសាលាខេត្ត ប្រធានច្រកទ្វារព្រំដែន និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

មានប្រសាសន៍ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោក លោកស្រីថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការក្នុងខេត្តស្វាយរៀងទាំងអស់ ដែលបានសហការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ ព្រមទាំងបានចូលរួមសកម្មភាពនានាជាមួយរដ្ឋបាលខេត្តទាំងការងារសង្គម និងការងារមនុស្សធម៌ ជាពិសេសការចូលរួមអបអរសាទរការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុកក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ព្រមទាំងបានចូលរួមចំណែកធ្វើឲ្យខេត្តរក្សាបាននូវស្ថិរភាពនយោបាយ សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងការផ្ដល់សេវាសាធារណៈ ឆ្លើយតបនិងសេចក្ដីត្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋ បានយ៉ាងឆាប់រហ័ស និងទាន់ពេលវេលា។

ជាមួយគ្នានេះ លោកអភិបាលខេត្ត បានមានប្រសាសន៍ផ្ដាំផ្ញើដល់មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធទាំងអស់ នូវការងារសំខាន់ៗមួយចំនួន រួមមាន៖ ១- ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តឲ្យបានល្អប្រសើរ ជាពិសេសការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ និងការពារមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៦-២០១៧ នៅថ្ងៃទី២១-២២ ខែសីហា ឆ្នាំ២០១៧ ។ ២- ត្រូវបន្តពង្រឹង និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យកាន់តែមានប្រសិទ្ធភាព។ ៣- អាជ្ញាធរក្រុង ស្រុក ត្រូវអប់រំ ផ្សព្វផ្សាយ ណែនាំដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះមហន្តរាយធម្មជាតិ និងគ្រោះថ្នាក់សង្គមផ្សេងៗ ដូចជាខ្យល់កន្ត្រាក់ ជំនន់ទឹកភ្លៀង រន្ទះ អគ្គីភ័យ និងចុះអន្តរាគមន៍ជួយសង្គ្រោះឲ្យបានទាន់ពេលវេលា។ ៤- មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរធនធានទឹក និងឧតុនិយម ត្រូវយកចិត្តទុកដាក់តាមដានស្ថានភាពអាកាសធាតុ ស្ថានភាពជំងឺសត្វជ្រូក គោ ក្របី និងការអនុវត្តការបង្កបង្កើនផលស្រូវរដូវវស្សារបស់ប្រជាពលរដ្ឋ ព្រមទាំងត្រូវរាយការណ៍មករដ្ឋបាលខេត្តឲ្យបានជាប់ជាប្រចាំ។ ៥- មន្ទីរ-អង្គភាព កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរក្រុងស្រុក ត្រូវសហការពង្រឹងការគ្រប់គ្រង និងការប្រមូលពន្ធដារ ពន្ធគយ និងពន្ធផ្សេងៗឲ្យបានត្រឹមត្រូវ និងគ្រប់តាមផែនការ ។ ៦- រដ្ឋបាលក្រុង-ស្រុកទាំងអស់ ត្រូវបន្តខិតខំដោះស្រាយបញ្ហាដែលកើតមានឡើងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យអស់លទ្ធភាព និងមានប្រសិទ្ធភាពខ្ពស់ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន៕




No comments:

Post a Comment