Wednesday, July 26, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញបំពេញទស្សកិច្ចទៅកាន់ប្រទេសជប៉ុននាពេលខាងមុខ

នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក ហូរីណូអូជិ ហ៊ីដេអ៊ីហ្សា (Horinouchi Hidehisa) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

ក្នុងឱកាសនោះដែរ លោក Horinouchi Hidehisa ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានជម្រាបជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពីដំណើរទ​ស្សនកិច្ចរបស់លោកទៅកាន់ប្រទេសជប៉ុននាពេលខាងមុខ ដែ​ល​ក្នុងនោះរួមមាន ការពិ​ភាក្សាអំពីកិច្ចសហប្រតិបត្តិការទៅលើវិស័យសេដ្ឋកិច្ច វិស័យពា​ណិជ្ជកម្ម ដែលភាគីទាំងពីរជាដៃគូយុទ្ធសាស្ត្រ ហើយក៏នឹងពិភាក្សាទៅលើការតភ្ជាប់ ការអ​ភិវឌ្ឍវិស័យធនធានមនុស្ស ការស​ម្រួលចរាចរណ៍នៅទីក្រុងភ្នំពេញ កិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងការផ្លាស់ប្តូរ​ទំ​នាក់ទំនងរវាងប្រជាជនកម្ពុជា និងប្រជាជនជប៉ុន និងការពិភាក្សាអំ​ពីការរៀបចំឱ្យមានអគ្គកុងស៊ុលជប៉ុន នៅខេត្តសៀមរាប។

ដំណើរទស្សនកិច្ចរបស់លោកនា​យករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសជប៉ុននាពេលខាងមុខនេះគឺចំពេលខួប២៥ឆ្នាំរបស់ជប៉ុនដែលបញ្ជូនក្រុមរក្សា​សន្តិភាពមកកាន់កម្ពុជា ហើយក៏ត្រូវនឹងខួប៦០ឆ្នាំនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុនលើកទី១ មកកាន់ប្រទេសកម្ពុជា​កាលពីក្នុងឆ្នាំ១៩៥៧។ នៅក្នុងដំណើរទស្សនកិច្ចនៅប្រទេសជប៉ុនខាងមុខនេះ លោក ហ៊ុន សែន នឹងចូលរួមសិក្ខាសា​លាដែល​មានការចូលរួមពីអ្នកវិនិយោគទុនជប៉ុនជាច្រើននាក់ផងដែរ។

ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឯកភាពជាគោលការណ៍ចំពោះកម្មវិធី ដែលបានដាក់ចេញទាំងនេះ ហើយលោក បានស្នើឱ្យភាគីជប៉ុន មានការសម្របសម្រួលប​ន្ថែ​មទៀតនៅក្នុងកម្មវិធីនេះក្នុងករណីមានការផ្លាស់ប្តូរ។ ជាការបញ្ជាក់នូវការស្វាគមន៍ លោកឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានជម្រាបជូនលោកនាយករដ្ឋមន្ត្រីជប៉ុន រួមនិងមន្រ្តីជាន់ខ្ពស់ និងប្រជាជនជប៉ុន នឹងរង់ចាំទទួលស្វាគមន៍លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយកក់ក្តៅចំពោះដំ​ណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសជប៉ុនខាងមុខនេះ៕












No comments:

Post a Comment