Wednesday, July 26, 2017

កម្ពុជា-បារាំង ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត

នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលជួបពិភាក្សាការ​ងារជាមួយលោកស្រី អ៊ីវ៉ា ង្វៀនប៊ិញ (Eva Ngauyen Binh) ឯកអគ្គរដ្ឋទូតបារាំងថ្មីប្រចាំកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

លោកស្រី Eva Ngauyen Binh ឯកអគ្គរដ្ឋទូតបារាំងថ្មី ប្រចាំកម្ពុជា បានថ្លែងអំណរគុណចំ​ពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានផ្តល់កិត្តិយស និងពេលវេលាដ៏មានតម្លៃដល់លោកស្រីបានជួបពិភាក្សាការងារ។ ទ​ន្ទឹ​មនឹងនេះ លោកស្រី ក៏បានសម្តែងនូវការអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានខិតខំចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុកជាបេតិកភណ្ឌពិភពលោក។

លោកស្រីឯកអគ្គរដ្ឋទូត ក៏បានវាយតម្លៃខ្ពស់ចំពោះកងកម្លាំងរក្សាសន្តិភាពកម្ពុជា ដែលកំពុងបម្រើការក្រោមឆ័ត្រអង្គការសហប្រជាជាតិ (UN) យ៉ាងសកម្ម និងមានគុណភាព ដែលទទួលបាននូវការគាំទ្រនិងគោរពយ៉ាងខ្លាំង។ លើសពីនោះទៅទៀត លោកស្រី រីករាយចំ​ពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំងលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ លោកស្រី​ឯក​អគ្គរដ្ឋទូត បានមានប្រសាសន៍ថារយៈពេល៣ឆ្នាំកន្លងមកនេះ ទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងកម្ពុជា និងបារាំងបានកើនឡើងទ្វេរដង។ ចំពោះបេសកកម្មរបស់លោកស្រីមកកាន់កម្ពុជានៅពេលនេះ គឺដើម្បីខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពធ្វើយ៉ាងណាឱ្យទំនាក់ទំ​នងរវាងប្រទេសទាំងពីរកាន់តែរឹងមាំខ្លាំងឡើងរួមទាំងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភា​គី។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោកស្រីឯកអគ្គរដ្ឋទូតដែលបានប្តេជ្ញាចិត្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អរឹងមាំ។ លោក ក៏បានស្នើសុំឱ្យជំរុញកិច្ចសហប្រតិបត្តិការជាពិសេសចំពោះការងារក្រោមឆ័ត្រអង្គកា​រ​​​សហប្រជាជាតិ (UN) ក្នុងការផ្លាស់ប្តូរព័ត៌មានរវាងគ្នាទៅវិញទៅមក ហើយស្នើសុំឱ្យលោកស្រី យកចិត្តទុកដាក់ផងដែរលើការអភិរក្សប្រាង្គប្រាសាទជាពិសេសគឺតំបន់ប្រាសាទសំបូរពៃ្រ​គុក ដែលទើបតែបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក រួមទាំងបន្តជំរុញនូវកិច្ចសហប្រតិ​បត្តិការបន្ថែមទៀតលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។

មុននឹងបញ្ចប់កិច្ចពិភាក្សា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រទេសបារាំង ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសន្តិភាព និងការស្តារនិងអភិវឌ្ឍន៍ប្រទេសកម្ពុជា និងបានជូនពរលោកស្រីទទួលបានជោគជ័យនៅក្នុងបេសកកម្មការទូតនៅក្នុងប្រទេសកម្ពុជាផងដែរ៕





No comments:

Post a Comment