Wednesday, July 26, 2017

ចិន​និយាយថា​ ខ្លួនចង់​រក្សាស្ថិរភាព​នៅក្នុង​ដែនសមុទ្រ​មានជម្លោះ​

រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi  បាននិយាយកាលពីម្សិលមិញថា ប៉េកាំងចង់រក្សាស្ថិរភាពនៅក្នុងសមុទ្រចិនខាងត្បូង ខណៈខ្លួនស្វែងរកសម្ព័ន្ធមិត្តនៅក្នុងតំបន់ចំពេលមានភាពតានតឹងកើតមានឡើងនៅក្នុងដែនទឹកមានជម្លោះនេះ។​

អាមេរិកបានរិះគន់ចិនចំពោះការមិនគោរពច្បាប់អន្តរជាតិ ដោយសារតែការរសាងសង់ និងបង្កើតកោះសិប្បនិម្មិតសម្រាប់ដាក់ទ័ពនៅក្នុងសមុទ្រចិនខាងត្បូង ដែលជាការធ្វើឱ្យអន្តរាយដល់ស្ថិរភាពក្នុងតំបន់។​

ចិនទាមទារភាគច្រើននៃតំបន់សមុទ្រដែលមានធនធានថាមពលច្រើននេះ ដែលជាតំបន់ឆ្លងកាត់ពាណិជ្ជកម្មដឹកជញ្ជូនតាមនាវាដែលមានទឹកប្រាក់ ៥ ទ្រីលានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ។ ប្រទេសជិតខាងនោះមាន ប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និងវៀតណាមក៏បានទាមទារផងដែរ។ ​

ថៃមិនមែនជាប្រទេសដែលទាមទារនៅក្នុងតំបន់ជម្លោះនេះទេ ហើយក៏រក្សាជំហរអព្យាក្រិត្យរបស់ខ្លួនស្តីពីបញ្ហានេះ។​

ការនិយាយដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូង លោក Wang បានប្រាប់សារព័ត៌មាននៅក្នុងដំណើរទស្សនកិច្ចជាផ្លូវការមួយទៅកាន់ទីក្រុងបាងកកថា ចិនចង់ «រក្សាស្ថិរភាពនៅក្នុងសមុទ្រចិនខាងត្បូង ជាការគោរពទៅតាមលក្ខខណ្ឌដែលបានយល់ព្រមស្តីពីសេចក្តីប្រកាសក្រមប្រតិបត្តិ និងក្រមប្រតិបត្តិសម្រាប់ការអនុវត្តនាពេលអនាគតដ៏ខ្លីខាងមុខនេះ»។ ​

ចិន និងបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍បានយល់ព្រមគ្នាកាលពីខែឧសភា ចំពោះផែនការសម្រាប់ក្រមប្រតិបត្តិ ដែលបានស្នើឡើងអស់រយៈពេលដ៏យូរមកហើយនោះចំពោះតំបន់ដែលមានជម្លោះនេះ។​

ដំណើរទស្សនកិច្ចរបស់លោក Wang បានកើតមានឡើងមុនកិច្ចប្រជុំថ្នាក់តំបន់របស់ប្រទេសនៅក្នុងអាស៊ីអាគ្នេយ៍នៅម៉ានីលខែក្រោយនេះ។​

គាត់និយាយថា «ចិន និងថៃដូចជាបងប្អូនប្រុសហ្នឹងគ្នាអញ្ចឹង»។​

រដ្ឋមន្រ្តីការបរទេសថៃលោក Don Pramudiwinai បានសរសើរអំពីទំនាក់ទំនងចិន និងថៃ ហើយនិយាយថា គ្មានឧបសគ្គចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរនេះឡើយ។​

នៅឆ្នាំនេះ ថៃបានទិញ ឧទ្ធម្ភាគចក្រ រថក្រោះ និងនាវាមុជទឹកចិន ដែលមានតម្លៃជាង ៥០០ លានដុល្លារអាមេរិក។​

កាលពីខែមុន ថៃក៏បានយល់ព្រមទៅលើការសាងសង់ដំណាក់កាលទីមួយចំពោះគម្រោងផ្លូវដែកមានតម្លៃ ៥.៥ ប៊ីលានដុល្លារអាមេរិក ដើម្បីភ្ជាប់តំបន់ឧស្សាហកម្មឆ្នេរសមុទ្រខាងកើតជាមួយប៉ែកខាងត្បូងប្រទេសចិន ដោយឆ្លងកាត់ប្រទេសឡាវ ដែលជាផ្នែកមួយនៃការជំរុញហេដ្ឋារចនាសម្ព័ន្ធតំបន់ផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិន។​

គម្រោងនេះបានផ្អាក ហើយក៏ត្រូវបានជំរុញឱ្យធ្វើឡើងវិញក្រោយពីលោក Prayuth Chan-ocha បានកែប្រែដាក់បទបញ្ជាប្រតិបត្តិនូវមាត្រា ៤៤ ។​

លោក Wang បាននិយាយថា គាត់សង្ឃឹមថា គម្រោងផ្លូវដែកនេះនឹងលើកស្ទួយមុខមាត់របស់ថៃនៅក្នុងតំបន់ ហើយនិយាយថា ប្រទេសទាំងពីរនេះនឹងពុះពារដោះស្រាយភាពខុសប្លែករបស់ពួកគេដើម្បីនាំមកនូវគម្រោងផ្លូវដែកឱ្យទទួលបានផ្លែផ្កា៕

ប្រភព: AFP ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧

No comments:

Post a Comment