Wednesday, July 26, 2017

នគរបាលចរាចរណ៍ខេត្តកំពង់ឆ្នាំង សំណូមពរអោយប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មី

កំពង់ឆ្នាំង៖ រយៈពេល២១ថ្ងៃរថយន្តចំនួន១២៤គ្រឿងត្រូវបានកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ខេត្តកំពង់ឆ្នាំងឃាត់អប់រំ ពិន័យ ធ្វើកិច្ចសន្យា និងរុះរើដឹកទំនិញអោយសមស្របទៅតាមលក្ខណៈបច្ចេកទេស ស្របតាមគោលការណ៍របស់លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត ដើម្បីបញ្ជៀសករណីគ្រោះថ្នាក់ចរាចរណ៍ និងអោយម្ចាស់រថយន្តទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកអោយបានខ្ជាប់ខ្ជួន។

លោក ឈឹម សារុន នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំងបានបញ្ជាក់អោយដឹងថា៖ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃ២៥ ខែកក្កដា ឆ្នាំ២០១៧ រថយន្តដឹកទំនិញសំពីងសំពោងដែល ចរាចរណ៍លើផ្លូវជាតិ លេខ៥ក្នុងភូមិសាស្ត្រទឹកដីខេត្តកំពង់ឆ្នាំង ចំនួន១២៤គ្រឿងត្រូវបានឃាត់ អប់រំ ពិន័យ រុះរើ និងធ្វើកិច្ចសន្យា ក្នុងនោះក៍មានរថយន្តធុនធំចំនួន៥៥គ្រឿងផងដែរ។រថយន្តទាំង១២៤គ្រឿងនេះ មានរថយន្តថៃ ខ្មែរ ដឹកទំនិញខុសលក្ខណៈបច្ចេកទេសដូចជា ដឹកម៉ូតូ ដឹកផ្លែឈើ ពូក សំភារៈផ្ទះបាយ ទំនិញចាប់ហួយ ។ល។

ជាគោលការណ៍លោកអភិបាលខេត្ត បាន​តំរូវអោយម្ចាស់រថយន្តដឹកទំនិញ គ្រប់ប្រភេទដែលឆ្លងកាត់ ខេត្តកំពង់ឆ្នាំង  ត្រូវផ្ទុកទំនិញទៅតាមលក្ខណៈបច្ចេកទេស។ ចំពោះរថយន្តដឹកផ្លែឈើសំពីង សំពោងក្នុង ករណីខុសលើកទី១ ត្រូវអប់រំ ពិន័យធ្វើកិច្ចសន្យាថ្ងៃក្រោយមិន អោយដឹកបែបនេះទៀត បានអនុញ្ញាត អោយទៅ តែបើខុសលើកទី២ត្រូវអនុវត្តតាមច្បាប់ពិន័យ និងអោយរករថយន្តមួយទៀតមកសាងទំនិញ បានអនុញាតិអោយទៅ។

លោក ឈឹម សារុន បានសំណូមពរដល់សមត្ថកិច្ចចរាចរណ៍ ដែលឈរជើងនៅខេត្តដើមទីដូចជា ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ មេត្តាជួយចូលរួមទប់ស្កាត់ រថយន្តផ្ទុកទំនិញខុសលក្ខណៈ បច្ចេកទេសទាំងនេះផង ព្រោះថាពេលសមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តកំពង់ឆ្នាំងចាប់ម្តងៗ ម្ចាស់រថយន្ត តែងរអ៊ូរទាំថា នៅតាមបណ្តាខេត្តនៅដើមទីគេមិនចាប់ មិនពិន័យ មិនអប់រំធ្វើកិច្ចសន្យាផង ហេតុអ្វីបានជា កម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តកំពង់ឆ្នាំងចាប់ឃាត់អប់រំ ពិន័យ ទៅតាមច្បាប់ទៅវិញ?។

លោក ឈឹម សារុន បានបញ្ជាក់បន្ថែមថា ការឃាត់រថយន្តដឹកទំនិញខុសលក្ខណៈបច្ចេកទេសនេះ គឺកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំងមិនមែនដាក់ប៉ុស្តិ៍ត្រួតពិនិត្យលើផ្លូវជាប្រចាំនោះទេ គឺនៅពេលមានរថយន្តដឹកសំពីងសំពោង ឬខុសលក្ខណៈបច្ចេកទេស ទើបកម្លាំងសមត្ថកិច្ច លោកចេញ ឃាត់មកអប់រំ ពិន័យតាមច្បាប់ និងតាមបទបញ្ជារបស់លោកអភិបាលខេត្តកំពង់ឆ្នាំង ៕





No comments:

Post a Comment