Wednesday, July 26, 2017

សាលាក្តីខ្មែរក្រហម​សហការ​ជាមួយមជ្ឈមណ្ឌ​លកម្តល់ឯ​កសារច្បាប់ និ​ងមជ្ឈមណ្ឌល​សោតទស្ស​ន៍បុ​ប្ជាណា រៀបចំបញ្ចាំងខ្សែភាពយន្ត ចំណងជើង «ឌុច គ្រូលត់ដំនៅឋាននរក»

សាលាក្តីខ្មែរក្រហមដោយសហការជាមួយមជ្ឈមណ្ឌលកម្តល់ឯកសារច្បាប់ ទាក់ទងនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា និងមជ្ឈមណ្ឌលសោតទស្សន៍បុប្ជាណា នឹងរៀបចំពិធីចាក់បញ្ចាំងខ្សែភាពយន្តមានចំណងជើងថា «ឌុច គ្រូលត់ដំនៅឋាននរក» នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០១៧ នៅមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ មានទីតាំងជាប់នឹងអគារគណៈមេធាវី។ មន្ត្រីអង្គទូត និងនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រមាណជាង ៣០០ នាក់នឹងចូលរួមទស្សនាខ្សែភាពយន្តនេះ។

ការចាក់បញ្ចាំងខ្សែភាពយន្ត «ឌុច គ្រូលត់ដំនៅឋាននរក» នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០១៧ នេះគឺចំខួប ៧ ឆ្នាំនៃការប្រកាសសាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូងប្រឆាំងនឹងឌុច ដែលកាលនោះអង្គជំនុំជម្រះសាលាដំបូង សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារឌុចរយៈពេល ៣៥ ឆ្នាំ។ ប៉ុន្តែក្រោយពីមានបណ្តឹងសាទុក្ខ អង្គជំនុំជម្រះតុលាការកំពូល បានសម្រេចផ្តន្ទាទោសឌុចដាក់ពន្ធនាគារអស់មួយជីវិត។ លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា បច្ចុប្បន្ន ឌុច កំពុងអនុវត្តទោសជាប់ពន្ធនាគារអស់មួយជីវិត របស់គាត់ នៅពន្ធនាគារខេត្តកណ្តាល។ លោក នេត្រ ភក្ត្រា បានថ្លែងថា ការចាក់បញ្ចាំងខ្សែភាពយន្តឯកសារនេះគឺជាផ្នែក មួយនៃការចងចាំជាពិសេសសម្រាប់យុវជនចងចាំពីប្រវត្តិសាស្ត្រ និងរឿងរ៉ាវដែលបានកើត ឡើងនៅក្នុងរបបខ្មែរក្រហម។

លោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហម បានបញ្ជាក់ថា ការចាក់បញ្ចាំងខ្សែភាពយន្តនេះគឺជាផ្នែកមួយនៃការផ្សព្វផ្សាយអំពីកិច្ចការសាលាក្តីខ្មែរក្រហម ក៏ដូចជាផ្តល់ ព័ត៌មានដល់សាធារណជន ជាពិសេសនិស្សិតឱ្យបានជ្រាបអំពីវត្តមាននៃមជ្ឈមណ្ឌលតម្កល់ ឯកសារច្បាប់ ទាក់ទងនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលជាទីកន្លែងតម្កល់រាល់ឯកសារទាំងឡាយទាក់ទងនឹងការជំនុំជម្រះក្តីនៅចំពោះមុខសាលាក្តីខ្មែរក្រហម។ បើតាមលោក នេត្រ ភក្ត្រា មជ្ឈមណ្ឌលនេះបានបើកដំណើរការជាផ្លូវការ ហើយសាធារណជន និស្សិត និងអ្នកសិក្សាស្រាវជ្រាវអាចចូលទៅអាន និងស្រាវជ្រាវពីរឿងរ៉ាងផ្សេងៗទាក់ទងនឹងការជំនុំជម្រះក្តីលើសំណុំរឿង ០០១ ប្រឆាំងនឹងអតីតប្រធានគុកទួលស្លែង កាំង ហ្កេកអ៊ាវ ហៅឌុច។

កិច្ចសហការរវាងសាលាក្តីខ្មែរក្រហម និងមជ្ឈមណ្ឌលសោត ទស្សន៍បុប្ជាណានេះ បានធ្វើឡើងតាំងតែពីឆ្នាំ ២០០៩ មកម្ល៉េះ ក្រោមប្រធានបទ «រាត្រីនៃការចងចាំ» ដោយបានចាក់បញ្ចាំងខ្សែភាពយន្តឯកសារទាក់ទងនឹងរបបខ្មែរក្រហម និងដំណើរការជំនុំជម្រះក្តីនៅសាលាក្តីខ្មែរក្រហមជូនដល់បងប្អូនប្រជាពលរដ្ឋនៅតាមភូមិឃុំបានទស្សនា ហើយរហូតមកទល់ពេលនេះមានការចូលរួមពីប្រជាពលរដ្ឋជិត ៧ ម៉ឺននាក់៕


No comments:

Post a Comment