Tuesday, January 09, 2018

អភិបាលខេត្ត​កែប​ បានថ្លែងថាទិវាជ័យជំនះ៧មករា គឺជាទិវារបស់ជាតិទាំងមូល មិនមែនជារបស់គណបក្សប្រជាជនម្នាក់ឯងនោះទេ

នៅថ្ងៃអាទិត្យ​ ០៦រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៧​ ខែមករា ឆ្នាំ២០១៨ នៅសួនច្បារវិមានឯករាជ្យ​ ខេត្តកែប​ លោក ជិន ប៊ុនស៊ាន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកបេសកម្មពិសេស និងលោក កែន សត្ថា អភិបាលនៃគណអភិបាលខេត្តកែប បានចូលរួមជាគណអធិបតីក្នុងពិធីអបអរសាទរ ខួបលើកទី៣៩ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩-៧ មករា ២០១៨) នៅខេត្តកែប។

ក្នុងពិធីខួបលើកទី៣៩ នៃទិវាជ័យជម្នះ៧ មករា ២០១៨ នេះ ក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អភិបាលក្រុងស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្ស និសិ្សត សរុបជាង១៩០០នាក់​ បានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ។

ការប្រារព្ធខួបនៃទិវាជ័យជម្នះ៧មករា ដែលជាទិវាប្រវត្តិសាស្រ្តដ៏រុងរឿង ដែលបង្ហាញពីស្មារតីចងចាំជានិច្ចមិនអាចបំភ្លេចបាននូវគុណូបការៈដ៏ថ្លៃថ្លា និងជាគំរូវីរភាពរបស់ថ្នាក់ដឹកនាំកំពូល យុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋយើងគ្រប់ទិសទី ដែលបាន​ពុះពារប្រយុទ្ធតស៊ូពលិកម្មអាយុជីវិត យ៉ាងអង់អាចក្លាហានបំផុត ក្នុងបុព្វហេតុ សង្គ្រោះជាតិមាតុភូមិយ៉ាងពិតប្រាកដពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ពីភ្នក់ភ្លើងសង្គ្រាមដ៏រាំរៃអស់ជាច្រើនទសវត្សរ៍ និងគ្រោះភ័យខ្លាយផ្សេងៗ។

លោកអភិបាលខេត្ត​កែប​ បានថ្លែងថា «ទិវាជ័យជំនះ៧មករា លើកទី៣៩នេះ គឺជាទិវារបស់ជាតិទាំងមូល មិនមែនជារបស់គណបក្សប្រជាជនកម្ពុជាម្នាក់ឯងនោះទេ ទោះជាពេលនោះ គណបក្សប្រជាជនកម្ពុជា ជាអ្នករំដោះប្រទេសជាតិ ប្រជាជនកម្ពុជា ឲ្យបានរួចផុតពីការកាប់សម្លាប់ជនជាតិខ្មែរក៏ដោយ។ លោកបានបន្តថា យើងទាំងអស់គ្នាត្រូវចងចាំជានិច្ច និងរក្សាទិវា៧មករានេះ ឲ្យនៅជាអមត:តទៅ តែមានជនអគតិមួយចំនួន បានបំភ្លេចមិនទទួលស្គាល់ និងចង់បំផ្លាញចោលភស្តុតាងថែមទៀតផង»។

លោកអភិបាលខេត្តបាន បានរម្លឹកថា ក្នុងរបបប្រល័យពូជសាសន៍នេះ បានបិទសិទ្ធិគ្រប់បែបយ៉ាងចំពោះប្រជាជនកម្ពុជា ផ្ទុយពីសម័យបច្ចុប្បន្ន ដែលប្រជាជនមានសិទ្ធិគ្រប់បែបយ៉ាង ទាំងសិទ្ធិរស់រានមានជីវិត និង មានគ្រប់សាសនា ពិសេសយើងបានចាត់ទុកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋផងដែរ។ បន្ទាប់ពីពិធីសំណេះសំណាលរួច គណៈអធិបតីបានចែកមួកសុវត្តិភាពដល់សិស្សនិស្សិតជានិមិត្តរូប ការបង្ហោះប៉េងប៉ោងអបអរសាទរ និងអញ្ជើញដើរទស្សនាពិព័រណ៌រូបភាព ពីសកម្មភាពការងាររបស់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក និងមន្ទីរ អង្គភាព ជុំវិញខេត្តផងដែរ៕





No comments:

Post a Comment